ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកសំណាក​​ទឹក​​កខ្វក់​ទៅ​ពិនិត្យ​នៅ​ឡា​បូ​រាជធានី​ភ្នំពេញ​នឹងដឹងលទ្ធផលឆាប់ៗ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ និង​ជា​អភិបាលរង​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បរិស្ថាន​បាន​បញ្ជូន​​សំណាក​ទឹក​កខ្វក់​ទៅ​ពិនិត្យ​នៅ​ឡា​បូ​រាជធានី​ភ្នំពេញកាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​ ឧសភា ដើម្បី​ពិនិត្យ​កម្រិត​ជាតិពុល​…

ខេត្តបាត់ដំបង ៖ ​លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ និង​ជា​អភិបាលរង​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បរិស្ថាន​បាន​បញ្ជូន​​សំណាក​ទឹក​កខ្វក់​ទៅ​ពិនិត្យ​នៅ​ឡា​បូ​រាជធានី​ភ្នំពេញកាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​ ឧសភា ដើម្បី​ពិនិត្យ​កម្រិត​ជាតិពុល​ ។ លោក​បន្ថែម​ថា​ អាជ្ញា​ធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ ចំពោះ​ករណី​ទឹក​កខ្វក់​ហូរ​ចេញពី​ក្រុមហ៊ុន ​បង្ក​ឱ្យ​ពុល​ត្រី​ងាប់​ក្នុង​ស្ទឹង​ប៉ែក​ខាងលើ ក្នុង​នោះ ​មាន​មន្ត្រី​ពីរ​ក្រុម គឺ​មន្ត្រីបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ទីតាំង​ក្រុមហ៊ុន​ចិន ដែល​មាន​ធ្លាយ​ទឹក​កខ្វក់​ចូល​ស្ទឹង និង​មួយ​ក្រុម​ទៀត ​គឺ​មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តបាត់ដំបង និង​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង ទៅ​ពិនិត្យ​វាយតម្លៃ​ទឹក​ប៉ែក​ខាងលើ ។ សូមរំលឹកថា៖ ត្រី​ធំត្រីតូចពុល​ទឹក​ងាប់​ពេញ​តំបន់​រមណីយដ្ឋាន​«ស្ទឹង​ថ្វាក»

លោកកត បុរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា លទ្ធផល​ទឹក​កខ្វក់​ដែល​បញ្ជូន​ទៅ​ភ្នំពេញ​​នឹង​ចេញ​លទ្ធផល​​​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ឧសភា​​ ទើប​អាចដឹង​ថាវា​មាន​ទំហំ​ផល​ប៉ះពាល់​កម្រិត​ណា យើង​នឹង​មាន​វិធានការ​ភ្លា​មៗ​ ។ តាម​ការ​វាយតម្លៃ​បឋម ​គឺ​ត្រី​ងាប់​ក្នុង​ស្ទឹង គឺ​បណ្តាលមក​ពី​ខ្វះ​អុកស៊ីហ្សែន ។ លោកប្រធាន​មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់​ថា​ សំណាក​ទឹក​ដែល​យក​ទៅ​ពិនិត្យ​នោះ គឺ​យក​សំណាក​ដើម​ទី​១​ និង​ចុងចម្ងាយ​១០​គីឡូពី​កន្លែង​ធ្លាយ​ទឹក​កខ្វក់ ​។ ឯ​ទីតាំង​ដែល​លេច​ធ្លាយ​នោះ​ បាន​យក​គ្រឿងចក្រ​កាយ​បង្ហាប់ដី ដើម្បី​ទប់​មិន​ឱ្យ​ជ្រាប​មក​បន្ថែម​ទៀតរួចរាល់​ហើយ ។

​សូម​បញ្ជាក់​ថា រោងចក្រ​ចិន​មួយ​កន្លែង​នៅ​ភូមិ​ទំនប់​ទឹកសាប ឃុំ​ជីប៉ា​ង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ស្ថិត​នៅ​ខ្សែទឹក​ខាងលើ បាន​ធ្លាយ​អាង​ស្តុក​កាក​សំណល់​រាវ​ឧស្សាហកម្ម​ហូរ​ចេញពី​រោងចក្រ ចូល​ទៅ​ក្នុង​ខ្សែទឹក​ស្ទឹង​សង្កែ​ប៉ែក​ខាងលើ បង្ក​ឱ្យ​មាន​ត្រី​ងាប់ ជា​ច្រើន ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ពី​សុខភាព ពលរដ្ឋ​ដែល​ប្រើប្រាស់ ទឹក​តាម​ដងស្ទឹង​សង្កែ​។ នេះ​ជា​លើក​ទី​ពីរ​ហើយ ​ដែល​ទឹក​កខ្វក់​បាន​ហូរ ធ្លាយ​ពី​ក្រុមហ៊ុន​ចិន​នេះ​ចូល​ស្ទឹង​។

លោក អ៊ុត ខ្លឹ​ង ប្រធាន​រដ្ឋាករទឹក​ខេត្តបាត់ដំបង​បាន​ចេញ​សេចក្តីជូនដំណឹង​ភ្លាម​ៗ​ផង​ដែរ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នៃ​ការ​បំពុល​ប្រភព​ទឹក​ខាងលើ ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង បាន​អន្តរាគមន៍​ទៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ឱ្យ​មានការ​ទប់ស្កាត់ និង​បិទទ្វារ​ទឹក​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដល់​ការងារ​ផលិតកម្ម​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង និង​តាម​បណ្តា​ក្រុមហ៊ុន​អាជីវករ​ទឹក​ស្អាត​នានា ដែល​នៅ​ខ្សែទឹក​ខាងក្រោម​។

ដោយឡែក​ នៅ​ឯ​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង​វិញ បាន​ចាត់តាំង​ក្រុម​អ្នកបច្ចេកទេស​ផ្នែក​ត្រួតពិនិត្យ​គុណភាព ទឹក​ឱ្យ​នៅ​ប្រចាំការ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ទឹកជា​ប្រចាំ​គិត​ត្រឹម​ម៉ោង​នេះ ស្ថានភាព​គុណភាព​ទឹក​មិន​មាន ការ​ប្រែប្រួល​ខុស​ពី​ប្រក្រតី​ឡើយ គឺ​អនុលោម​តាម​ស្តង់ដារ​គុណភាព​ទឹក​អង្គភាព​នៅឡើយ​។ ដោយ៖ ហួត សុង​ហាក់

សូមរំលឹកទៀតថា៖ ជាតិពុល​​ហៀរចេញពី​កន្លែង​អាង​ស្តុក​ទឹក​ពណ៌​លឿងនៃ​រោងចក្រ​ចិន​នេះពិតប្រាកដ​មែន

អត្ថបទសរសេរ ដោយ