ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ និង​វៀតណាម ២៥​គ្រួសារ រងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម សំណូមពរ​អោយ​អាជ្ញាធរ ជួយ

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល​៖ គ្រោះ​បាក់​ច្រាំងទន្លេ​មេគង្គ​ក្រោម បានកើត​ឡើង កាលពី​ម៉ោង​ប្រហែល ២​រសៀល ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់…

​ខេត្តកណ្តាល​៖ គ្រោះ​បាក់​ច្រាំងទន្លេ​មេគង្គ​ក្រោម បានកើត​ឡើង កាលពី​ម៉ោង​ប្រហែល ២​រសៀល ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល បណ្តាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ និង​វៀតណាម​មួយចំនួន បាន​បាក់ស្រុត​ធ្លាក់ចូល ទៅក្នុង​ទឹកទន្លេ និង​ជាច្រើន​ខ្នង​ទៀត កំពុង​បង្ខំចិត្ត រុះរើ​បណ្តើរៗ​។​

ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ការបាក់​ស្រុត​ច្រាំងទន្លេ ទាំង​ខ្មែរ និង​វៀតណាម បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន ទាំង​អួលដើមក កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា​ថា ពួកគាត់ រស់នៅ​តំបន់​ជួរ​មាត់ទន្លេ​នេះ តាំងពី​ឆ្នាំ​១៩៨០​ជាង ដោយមាន​ក្បាលដី​មួយ​ឡូត៍ៗ ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ​កាលពី​ជាង ២០​ឆ្នាំមុន បាន​រងគ្រោះ ដោយ​ការបាក់​ច្រាំងទន្លេ​ម្តង​ហើយ​។ នៅសល់​បណ្តោយ​ដី​ខ្លះ ជាង ៣០​ម៉ែត្រ ខ្លះ​ជាង ២០​ម៉ែត្រ សម្រាប់​សង់ផ្ទះ​ស្នាក់នៅ មកដល់​បច្ចុប្បន្ននេះ​។ ស្រាប់តែ​ឥឡូវ ត្រូវបាន​បាក់ស្រុត ចូលទៅក្នុង​ទឹកទន្លេ​អស់ទាំង​ស្រុង មិនមាន​យក​អ្វី​បាន​នោះទេ ហើយ​ការបាក់​នេះ គឺជា​គ្រោះធម្មជាតិ មិនមាន​ទូក​បូម​ខ្សាច់​ឡើយ​។

​ពលរដ្ឋ​បញ្ជាក់​បន្ថែមថា គ្រោះ​បាក់​ច្រាំងទន្លេ​ម្តងនេះ ខុសពី​មុន ដោយ​ពីមុន​បាក់​បន្តិចៗ តែ​សា​នេះ ប្រេះ​កាត់​ពី​ផ្លូវ​កាំជណ្តើរ​មុខផ្ទះ ស្រុត​យកតែ​ម្តង​។ នេះ​សំណាង​ហើយ ដែល​បាក់​ពេល​ថ្ងៃ ដឹង​មុន នាំ​ប្រពន្ធ​កូនចៅ រត់ចេញ​ទាន់ពេល ទើប​មិនមាន​គ្រោះថ្នាក់​មនុស្ស​។ តែបើ​ស្រុត​ពេលយប់​វិញ ប្រាកដ​ជាមាន​មនុស្ស​គ្រោះថ្នាក់​ជាក់​ជាមិនខាន​ឡើយ​។​

​ទន្ទឹម​នោះ ពលរដ្ឋ​រងគ្រោះ សូម​សំណូមពរ​យ៉ាងទទូច​ដ​ល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា មេត្តាជួយ​ដល់​ពួកគាត់​ផង ព្រោះ​ទាំង​ដី​ផ្ទះ សម្ភារៈ​សម្លៀកបំពាក់ ចានឆ្នាំង បាត់បង់​ចូលទៅក្នុង​ទឹកទន្លេ​អស់ហើយ គ្មានអ្វី​ទីពឹង​ទៀត​ទេ​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ខ្មៅ រ៉​ន មេឃុំ​ព្រែក​ដាច់ បានអោយដឹងថា ផ្ទះ​ពលរដ្ឋ​រងគ្រោះ សរុប ២៥​គ្រួសារ​។ ក្នុងនោះ បាក់​ចូលទៅក្នុង​ទឹកទន្លេ ៥​គ្រួសារ និង​២០​គ្រួសារ​ទៀត កំពុង​រុះរើ​បណ្តើរ​។ អាជ្ញាធរ​ឃុំ ស្រុក បាន​ចុះទៅពិនិត្យ​ណែ​នាំអោយ​ពួកគាត់ មានការ​ប្រុងប្រយ័ត្ន និង​បានធ្វើ​របាយការណ៍​ជូនទៅ​ខេត្ត និង​កាកបាទក្រហម​ខេត្ត កំពុង​រៀបចំ​យក​អំណោយ​សង្គ្រោះបន្ទាន់ ត្រៀម​ចែកជូន​ដល់​ពួកគាត់​។ ចំពោះ​រឿងរ​កដី អោយ​ពួកគាត់​ស្នាក់នៅ គឺ​ឃុំ​មិនមាន​លទ្ធភាព​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ