ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​បន្លែ​នៅ​មណ្ឌលគិរី​ កាក់កប​ ខណៈ​កន្លែង​ផ្សេង​ត្អូញថា ​គ្មាន​ទីផ្សារ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កសិករ​ឈ្មោះ ម៉េ​ង ឃាង រស់នៅក្នុងសង្កាត់​ស្ពាន​មាន​ជ័យ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ថា ​គាត់អាច​រក​ចំណូល​បាន​ពី​ការ​ដាំ​បន្លែ​បាន​ជាង…

រាជធានីភ្នំពេញ ៖ កសិករ​ឈ្មោះ ម៉េ​ង ឃាង រស់នៅក្នុងសង្កាត់​ស្ពាន​មាន​ជ័យ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ថា ​គាត់អាច​រក​ចំណូល​បាន​ពី​ការ​ដាំ​បន្លែ​បាន​ជាង ៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ។ លោ​កថា ​បន្លែ​ដែល​គាត់​ដាំ​ដុះមាន​ការ៉ុត ត្រប់ ត្រសក់ ដំឡូងបារាំង ស្ពៃក្តោប និង​ស្ពៃបូកគោ ជាដើម​ ។ លោក ម៉េ​ង ឃាង ​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​គម្រោង «ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​» ហៅ​កាត់​ថា ASPIRE​ ។ ចំណូល​ពី​ការ​ដាំ​បន្លែ​ក្នុង​បរិមាណ​ខាងលើ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​រីក​ចម្រើន និង​មាន​លទ្ធភាព​ទិញ​ដី​សម្រាប់​ទុក​ពង្រីក​របរ​នេះ​បន្ថែម​នា​ពេល​អនាគត ​។

ចំណែក​កសិករ​ម្នាក់​ទៀត ឈ្មោះ ជិន ផល នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ដែរនោះបាន​រៀបរាប់​ឲ្យ​ដឹង​ថា ​បានប្រកប​របរ​ដាំ​បន្លែ​នេះ ៤ ​ឆ្នាំ​មក​ហើយ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ខេត្ត​ ។ ផល​ទទួល​បាន​ពី​បន្លែ ធ្វើ​ឲ្យ​ជីវភាព​ធូរធារ ហើយ​អនាគត​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​បន្ថែម ​។ លោក ជិន ផល កំពុង​ដាំ​ការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រ​កូន លើ​ផ្ទៃដី​ប្រមាណ ១០ ​អា ប៉ុណ្ណោះ​ ។

នៅ​ពេល​កសិករ​ទាំង​ពីរ​រូប​ខាងលើ បាន​លើក​ឡើង​ពី​ផល​ទទួល​បាន​ពី​ការ​ដាំ​ដុះ មាន​កសិករ​មួយ​ចំនួន​នៅ​ត្អូញ​ថា ​ការ​ដាំ​បន្លែ​នៅ​កម្ពុជា​ពិបាក​រក​ទីផ្សារ ​។ ទីផ្សារ​មិន​ទៀងទាត់​មិន​អាច​ប្រ​កូត​ប្រជែង​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​បាន ​។ កាលពី​ដើមខែ​នេះ មាន​កសិករ​ម្នាក់​នៅ​ស្រុក​ស្អាង​ខេត្តកណ្តាល បាន​សម្រេចចិត្ត​ឈួ​ស​ឆាយ​សាឡា​ត់​កំពុង​បាន​ផល​លើ​ផ្ទៃដី​ជា​កន្លះ​ហិ​កតា​ចោល​ដោយ សារ​គ្មាន​អ្នកទិញ​ និង​មាន​តម្លៃ​ថោក​ពេក ​។ លោក តៃ សុង កសិករ​នៅ​ស្រុក​ស្អាង​ថា សាឡា​ត់​ដែល​ដាំ​លើ​ដី​ទំហំ​កន្លះ​ហិ​កតា​នោះ បើសិន​ប្រមូល​ផល​បាន​ប្រហែល ​១០ ​តោន ​។

កសិករ​រូប​នោះ​ឲ្យ​ដឹង​ថា បន្លែ​សាឡា​ត់​ដែល​បាន​ដាំ បាន​ចំណាយ​ដើមទុន​ប្រហែល ​២០ ​លាន​រៀល ដើម្បី​ជួល​កម្មករ ទិញ​ជី ថ្នាំ ប្រេង និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ដើម្បី​ដាំ​ដុះ​ ប៉ុន្តែ​គ្មាន​អ្នកទិញ​បន្លែ​លោក​ឡើយ ​។ កសិករ​ដដែល​ថា​ ការ​ដាំ​ដុះ​របស់​កសិករ​ជា​ច្រើន​នៅ​ក្នុង​តំបន់​លោក​បាន​ជួប​បញ្ហា​គ្មាន​ទីផ្សារ​ដូច​ៗ​គ្នា​ ។

នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​ការងារ​កសិកម្ម នៅ​ខេត្តមណ្ឌលគិរី ឯកឧត្តម ​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកទឹកចិត្ត​ឲ្យ​កសិករ​ខិតខំ​ដាំ​ដុះ​បន្ថែម​ទៀត ដើម្បី​ឆក់​យក​ឱកាស​ដែល​ទីផ្សារ​កំពុង​ត្រូវការ និង​ជា​ពិសេស​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​កាន់តែ​ល្អ​ប្រសើរ តាម​រយ​:​ការ​រ​កែប្រែ​ទម្លាប់​នៃ​ការ​ដុះ​តាម​បែប​ធម្មជាតិ ទៅ​ធ្វើការ​ដាំ​ដុះ​តាម​តម្រូវការ​ទីផ្សារ ការ​បញ្ជា​ទិញ និង​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ទាន់សម័យ កាត់​បន្ថយ​ពលកម្ម ដើមទុន​ផលិត ការ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ មាន ប្រសិទ្ធភាព ទទួល​បាន​ប្រសិទ្ធ​ផល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ