រាជធានីភ្នំពេញ ៖ ជាការពិតមិនអាចប្រកែកបាន ការមានផ្ទៃពោះ គឺធ្វើឱ្យអ្នកម្តាយមានអារម្មណ៍រីករាយផង និងព្រួយបារម្ភផង ។ ជាពិសេសកំឡុងពេលនៃជំងឺរាតត្បាតរយៈពេលយូរកូវីដ ១៩ នេះ អ្នកម្តាយដែលកំពុងតែមានផ្ទៃពោះទាំងអស់អាចនឹងមានអារម្មណ៍គិតច្រើន ធុញថប់ និង ព្រួយបារម្ភពីកូននៅក្នុងផ្ទៃពេលសម្រាល និងនៅពេលកូនប្រសូតចេញមក ។ នេះជាការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ឯកទេសខាងផ្នែកចិត្តវិទ្យា នៅក្នុងកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។
លោកស្រីវេជ្ជបណ្ឌិត បានប្រាប់ឱ្យដឹងទៀតថា សម្រាប់មនុស្សជាច្រើន រឿងដែលពិបាកបំផុតនៅពេលមានការរាតត្បាតពីកូវីដ គឺដោយសារតែពួកគេត្រូវនៅដាច់ពីគ្រួសារ និងមនុស្សជុំវិញខ្លួន ។ ជាការពិត ការធ្វើបែបនេះគឺដើម្បីការពារការរីករាលដាលជំងឺកូវីដ តែវា គឺជាអ្វីដែលពិបាកសម្រាប់អ្នកមានផ្ទៃពោះ ដែលត្រូវការការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ។
ស្ត្រីមានផ្ទៃពោះគួរថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួន នៅពេលរដូវកាលកូវីដ ដោយអនុវត្តវិធីដូចជា ៖
- ស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ ។
- ថែរក្សាសុខភាពរាងកាយរបស់អ្នក ។ ធ្វើលំហាត់ប្រាណ ញ៉ាំអាហារសុខភាព ផឹកទឹកឱ្យបានច្រើន និងផ្តល់អាទិភាពដល់ការគេង ។ ទទួលទានទឹកច្រើន ដើម្បីសុខភាពកូននៅក្នុងផ្ទៃ ហើយត្រូវជ្រើសរើសយកប្រភពទឹកដែលមានគុណភាពល្អ និងសមស្របសម្រាប់សុខភាព ។
– នៅផ្ទះ ប៉ុន្តែត្រូវភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃ ។ អ្នកអាចហៅទូរស័ព្ទ ផ្ញើសារ ឬ Video Call ជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ ។
– ចងចាំចំណុចខ្លាំងរបស់អ្នក ។ គិតអំពីពេលដែលរឿងរ៉ាវលំបាកកាលពីអតីតកាលនិងជំហានវិជ្ជមាន ដែលអ្នកបានធ្វើ ដើម្បីឆ្លងកាត់វាដោយជោគជ័យ ។
– ដឹងថា វាជារឿងធម្មតាទេ ដែលមានការថប់បារម្ភ និងព្រួយបារម្ភក្នុងពេលដូចនេះ ។ អ្នកមិនមែនជាមនុស្សតែម្នាក់ទេ ដែលមានអារម្មណ៍បែបនេះ ។
– ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ដូចជាអ្វីដែលអ្នកបានអាន និងមើលពីដំណឹងកូវីដ ។ ទទួលយកព័ត៌មានដោយគិតពិចារណា ហើយកុំភ័យខ្លាំងពេក ។ ការតាំងចិត្តការពារ គឺជាការប្រសើរ ។
– ពិគ្រោះជាមួយគ្រូពេទ្យឆ្មប ឬ វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់អ្នក ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
-App Store: https://apple.co/3vcDKG1
-Play Store: https://bit.ly/3tJGJpa
-Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ