ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលោកអ្នកបានដឹងអ្វីខ្លះអំពី​ទិវា​ជីវៈចម្រុះ?

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ត្រូវ​បាន​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​២០០០ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ទៅ​តាម​ប្រធានបទ​ខុស​ៗ​គ្នា ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណៈជន​អំពី​គុណ​តម្លៃ​នៃ​ធនធាន​ជីវៈចម្រុះ…

រាជធានីភ្នំពេញ ៖ ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ត្រូវ​បាន​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​២០០០ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ទៅ​តាម​ប្រធានបទ​ខុស​ៗ​គ្នា ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណៈជន​អំពី​គុណ​តម្លៃ​នៃ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​។ សម្រាប់​ឆ្នាំ​២០២១​នេះ ទិវា​ជីវៈចម្រុះ​អន្តរជាតិ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ “​យើង​ជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ (We’re part of the solution)”​។

ក្នុង​នាម​ប្រទេស​កម្ពុជា ជា​សមាជិក​របស់​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈចម្រុះ និង​ដើម្បី​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្រសួងបរិស្ថាន​នឹង​ប្រារព្ធ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ តាម​រយៈ​វេទិកា​ជជែក​ពិភាក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​បាន​លើកយក​ប្រធានបទ​សំខាន់​ៗ​ចំនួន​៧ សម្រាប់​ការ​ជជែក​ពិភាក្សា រួម​មាន​៖ ១) ការ​រៀបចំ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា​; ២) ការ​សិក្សា​ស្រាវជ្រាវ​ពី​កេសរ​កូ​ល​ព្រៃ​នៅ​កម្ពុជា​; ៣) បទ​ពិសោធន៍​ការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​ជីវៈចម្រុះ​តំបន់ដីសើម និង​ទឹកសាប​; ៤) ការ​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​ក្នុង​តំបន់ការពារធម្មជាតិ​; ៥) តួនាទី និង​គុណ​តម្លៃ​របស់​ជីវៈចម្រុះ និង​ដំណោះស្រាយ​; ៦) ការ​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន និង​ជីវៈចម្រុះ​; និង ៧) ការ​គ្រប់គ្រង​សំណល់​រឹង និង​ការ​អភិរក្ស​ជីវៈចម្រុះ​។ ទន្ទឹម​នឹង​នេះ ក្រសួងបរិស្ថាន ក៏​បាន​រៀបចំ​ជា​វី​ដេ​អូ​អប់រំ​ផ្សព្វផ្សាយ​ខ្លី​ៗ ព្រមទាំង​ការ​ផ្សព្វផ្សាយ​រូបភាព និង​បដា​ពាក្យស្លោក​តាម​បណ្តាញ​សង្គម និង​នៅ​តាម​ទី សាធារណៈ និង​ទីប្រជុំជន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត រួម​មាន​៖ កណ្តាល សៀមរាប កំពង់ធំ កំពត​ព្រះ​វិហារ មណ្ឌលគិរី ក្រុងព្រះសីហនុ និង​បន្ទាយ​មាន​ជ័យ ផង​ដែរ​។

សូម​ជម្រាប​ផង​ដែរ​ថា នេះ​គឺជា​ឆ្នាំ​ទី​៨ ហើយ ដែល​កម្ពុជា​បាន​ចូលរួម​រៀបចំ​ប្រារព្ធ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្កើន​នូវ​ការ​យល់​ដឹង​ដល់​សាធារណជន និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ការ​រៀបចំ​ទិវា​នេះ ក៏​បាន​បង្ហាញ​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន ក៏​ដូច​ជា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្នុង​ការ​ចូលរួម​ចំណែក​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ជា​ពិសេស​គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ជាមួយ​ពិភពលោក ដើម្បី​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ជីវៈចម្រុះ​៕ ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទសរសេរ ដោយ