ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​ឃ្មុំ​រីករាយ​នឹង​មុខរបរ តែ​ទម្លាយ​អំពី​ហានិភ័យ​ធំ​មួយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រៅពី​មុខរបរ​ធ្វើ​ចំការ គេ​សង្កេត​ឃើញ​កសិករ​មួយ​ចំនួន​បាន​ចាប់​យក​អា​ជីព​រៀន​បច្ចេកទេស​ចិញ្ចឹមសត្វ​ឃ្មុំ ដើម្បី​

ខេត្ត​ប៉ៃលិន ៖ ក្រៅពី​មុខរបរ​ធ្វើ​ចំការ គេ​សង្កេត​ឃើញ​កសិករ​មួយ​ចំនួន​បាន​ចាប់​យក​អា​ជីព​រៀន​បច្ចេកទេស​ចិញ្ចឹមសត្វ​ឃ្មុំ ដើម្បី​គាប​សំបុក​យក​ទឹក​លក់ ឱ្យ​ម៉ូយ​ទិញ​ទៅ​ធ្វើ​ម្ហូបអាហារ ឬ​ធ្វើ​ជា​ឱសថ​ខ្មែរ​បុរាណ​ជាដើម ។ តែ​ការ​ចិញ្ចឹម​ឃ្មុំ​នេះ ក៏​ជួប​ហា​នី​ភ័យ ខណ​:​ម្ចាស់​ឃ្មុំ​យក​សំបុក​វា​ទៅ​ដាក់​នៅ​ក្បែរ​ចំការ​អ្នក​ភូមិ លុះ​គេ​បាញ់ថ្នាំ​កំចាត់​សត្វល្អិត លើ​ដំណាំ​ខ្លួន ពេល​សត្វ​ឃ្មុំ​ក្រេប​ផ្កា បណ្តាលឱ្យ​ពុល​ងា.ប់​អស់​ជា​ច្រើន​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ សំ កុសល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១​នេះ ថា គាត់​បាន​រៀន​បច្ចេកទេស​ចិញ្ចឹមសត្វ​ឃ្មុំ ពី​ជនជាតិ​កូរ៉េ ដែល​មក​ប​ង្រៀ​ន​នៅ​ខេត្ត​ប៉ៃលិន កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លុះ​ក្រោយ​ពី​រៀន​បាន​រយ​:​ពេល​៣​ថ្ងៃ ស្គាល់​ពី​របៀប​ដែល​ស​ត្វ​ឃ្មុំ​រស់នៅ​រួច​អស់ហើយ គាត់​ក៏​ចាប់ផ្តើម​ទិញ​ធុង ទិញ​សំបុក​សិប្បនិម្មិត និង​ទិញ​ពូជ​ឃ្មុំ​យក​មក​ដា​ក់​ចិញ្ចឹម​សាកល្បង​ជាង​១០​សំបុក ។ លុះ​ក្រោយមក គាត់​ក៏​បាន​ពង្រីក​សំបុក​ឃ្មុំ​ជា​បន្តបន្ទាប់ រហូត​ដល់​បាន៦០ (​ធុង​) ហើយ​ដើរ​ដាក់​នៅ​តាម​ចំការ​តា​ង៉ែ​ន ចំការ​ស្វាយ ដែល​មាន​ផ្កា គឺ​ធ្វើការ​ចិញ្ចឹម​ឃ្មុំ​នេះ អស់​រយ​:​ពេល​៤​ឆ្នាំ​មក​ហើយ ក៏​បាន​ប្រមូល​ផល គាប​ទឹក​លក់​ឱ្យ​ម៉ូយ​ជា​ហូរហែ ដោយ​មាន​ម៉ូយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត​សៀមរាប រហូត​ដល់​រាជធានី​ភ្នំ​ពេញ​ផង​ដែរ ។

គាត់​បន្ត​ទៀត​ថា ការ​លក់​ទឹកឃ្មុំ​ក្នុង​១​លី​ត្រ តម្លៃ​៥០០០០​រៀល ជា​ទឹកឃ្មុំ​សុទ្ធ​គាប​ចេញពី​សំបុក​ឃ្មុំ​ដែល​​គាត់​​ចិញ្ចឹម ដាក់​ឱ្យ​ក្រេប​ផ្កា​ដំណាំ​ផ្សេង​ៗ ដើម្បី​ផលិត​ជា​ទឹកឃ្មុំ ដោយ​សហកា​រ​ជាមួយនឹង​ម្ចាស់​ចំការ ព្រោះ​បើសិនជា​ចំការ​ណាមួយ មាន​សត្វ​ឃ្មុំ ចូល​ទៅ​ក្រេប​ផ្កា យក​លំអង​កា​ន់​តែ​ច្រើន ដំណាំ​ទាំងនោះ​នឹង​បង្កើន​ផល​ផ្លែ​កាន់តែ​ច្រើន ព្រោះ​សត្វ​ឃ្មុំ​ជា​អ្នក​ផ្តល់​ប្រយោជន៍ ។ តែ​អ្វី​ដែល​គាត់​ព្រួយបារម្ភ​បំផុត​នោះ គឺ​ពេល​ដឹក​សំបុក​ឃ្មុំ​យក​ទៅ​ដាក់​ឱ្យ​ក្រេប​ផ្កា​នៅ​ចំការ​កសិករ​ណា​ម្នាក់ លុះ​អ្នកចំការ​នៅ​ក្បែរ​នោះ អត់​ដឹង បាញ់​ថ្នាំពុល លុះ​ឃ្មុំ​ហើរ​ទៅ​ក្រេប​ផ្កា ក៏​ពុល​ងា.ប់​អស់​ជា​ច្រើន បណ្តាល​ឱ្យ​ខាតបង់​ផង​ដែរ ។

គាត់​បញ្ជាក់​ទៀត​ថា ថ្មី​ៗ​នេះ គាត់​បាន​បន្ត​គាប​សំបុក​ឃ្មុំ​យក​ទឹក​លក់ ដោយ​បាន​ទឹកឃ្មុំជិត​១០០​លី​ត្រ ហើយ​នៅ​ពេល​ក្រោយ នឹង​ពង្រីក​សំបុក​ឃ្មុំ​បន្ថែម​ទៀត ឱ្យ​បាន​១០០​សំបុក ដើម្បី​យក​ទៅ​ដាក់​នៅ​តាម​ចំការ​ប្រជាពលរដ្ឋ រហូត​ដល់​ដំណាំ​គេ​អស់​ផ្កា​ពី​កន្លែង​មួយ ទើប​ប្តូរ​ទៅ​ចំការ​មួយ ផ្សេង​ទៀត ។ ចំពោះ​ការ​ចិញ្ចឹមសត្វ​ឃ្មុំ​នេះ ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ក្នុង​ការ​បើក​គម្រប​សំ បុក ដោយ​ត្រូវ​ប្រើ​សំលៀក​បំពាក់ ឬ​ប្រើ​ផ្សែង​បាញ់​ឱ្យ​ចំ​សំបុក​វា ទើប​មិន​ទិច​ម្ចាស់ ។ ហើយ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន ចំពោះ​សត្រូវ​របស់​ឃ្មុំ​ដែរ ដូច​ជា​សត្វ​ចាប សត្វ​មាន់ និង​ស្រមោច ដែល​ភាគច្រើន គឺ​តែង​ចូល​ទៅ​ចាប់​សត្វ​ឃ្មុំ​ស៊ី ក៏​មាន​ចោរ​ចូល​ទៅ​លួច​ធុង​សំបុក​ឃ្មុំ បើសិនជា​ដាក់​តាម​ចំការ​មិន​ដើរ​មើល​ឱ្យ​បាន​ញឹកញាប់ អាច​នឹង​ត្រូវ​បាន​គេ​លួច​យក​ទៅ​ចិញ្ចឹម​ផ្ទាល់ខ្លួន ដោយ​ធ្លាប់​បាត់​អស់​មួយ​ចំនួន​មក​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ