ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​អ្នក​ផលិត​ស្រា​១៣​នាក់ នៅ​ស្រុក​ល្វាឯម​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លា.ប់ និង​កំពុង​រង​របួស

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ លោក ប្លុង វិសាល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន អ្នក​ផលិត​ស្រា​ចំនួន​១៣​នាក់…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ លោក ប្លុង វិសាល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន អ្នក​ផលិត​ស្រា​ចំនួន​១៣​នាក់ នៅ​ស្រុក​ល្វាឯម ដែល​បណ្តាល​ធ្វើ​អោយ​ពលរដ្ឋ​ស្លា​.​ប់ និង​កំពុង​រង​របួស​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។

បន្ទាប់​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ « អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការ​អះអាង​ដោយ​បំភាន់​ដោយសារ​ពិការ​ភាព ឬ​មរណៈភាព​មាន​ស្ថាន​ទម្ងន់ទោស​» ។ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​៣០ នាទី តាម​បញ្ញា​ត្តិ​មាត្រា ៤៣ នៃ​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ។

ជន​ត្រូវ​ចោទ​ទាំង​១៣​នាក់​រួម​មាន ៖ ១- ឈ្មោះ ប៊ូ ស៊ន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ២- ឈ្មោះ ង៉ូ​វ សៀ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ៣- ឈ្មោះ អៀម នៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ៤- ឈ្មោះ អេ​ង ដូរ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ៥- ឈ្មោះ ឌួ​ង ឌី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ៦- ឈ្មោះ ខុន សារី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ៧- ឈ្មោះ សេង លី​សុភាព ភេទ​ប្រុស អាយុ​៣៦ ៨- ឈ្មោះ អ៊ឹម សំ​អូន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ៩- ឈ្មោះ ព្រៃ ចិន្តា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ១០- ឈ្មោះ ឈឿ​ន សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ១១- ឈ្មោះ ពៅ ហៀ​ង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ១២- ឈ្មោះ ឆាយ សេង​ឃៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ អ្នក​ទាំង​១២​ខាងលើ រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ១៣- ឈ្មោះ ផាត់ សុ​ផា​ន់​នី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​អោយ​ដឹង​ថា ក្នុង​ចំណោម​អ្នកលក់​ស្រា​ទាំង​១៣​នាក់​នោះ​មាន​ម្នាក់​សមត្ថកិច្ច​ទើបតែ​ចាប់ខ្លួន​បាន​ឈ្មោះ ប៊ូ សន អាយុ​៧០ បន្ទាប់​ពី​នាំ​ក្រុម​គ្រួសារ​រត់គេច​ខ្លួន​មួយ​រយៈ ក្រោយ​ហេតុការណ៍​ពុល​ស្រា​នេះ​កើតឡើង​ភ្លាម ។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា នា​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ មានការ​រាយការណ៍​មក​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល និង​ក្រសួងសុខាភិបាល​ថា មាន​ករណី​ស្លា​.​ប់​ចំនួន​២​នាក់​កើតឡើង នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ភ្លាម​ៗ​នោះ​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​ចាត់​ឱ្យ​ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក សហការ​ជាមួយ នគរបាល​ស្រុក នគរបាល ឃុំ មេឃុំ និង​ក្រុម​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់​ដល់ទី​កន្លែង​កើតហេតុ ព្រមទាំង​បាន​ធ្វើតេស្ត​រហ័ស​ដើម្បី​រក​វីរុស​កូ​វី​ដ​-១៩ ហើយ​លទ្ធផល​បង្ហាញ​ថា សាកសព​ទាំង​ពីរ​ពុំ​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ទេ ។

នា​យប់​ថ្ងៃ​ដដែល​នេះ ក្រុមការងារ​បាន​បន្ត​ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព និង​ស្លាប់​ខាងលើ​នេះ ហើយ​តាម​រយៈ​ការ​សាកសួរ​ឃើញ​ថា ពួក​គាត់​ជា​អ្នក​ចូល​ចិត្ត​ហូប​ស្រា​ជា​ប្រចាំ និង​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ក្នុងភូមិ​ខាងលើ​នេះ អាស្រ័យ​ហេតុនេះ ក្រុម​ឆ្លើយ​តប​បន្ទាន់​បាន​ដាក់​ការ​សង្ស័យ​លើ​ការ​ពិសា​ស្រា ហើយ​ក៏​បាន​យក​សំណាក​ស្រាថ្នាំ និង​ស្រាស ពី​ទីតាំង​សិប្បកម្ម​ផលិត​ចែកចាយ​ស្រា​២​កន្លែង និង​ពី​ទីតាំង​លក់រាយ​តូច​ៗ​ចំនួន​២៩​កន្លែង សម្រាប់​ធ្វើការ​វិភាគ និង​បាន​ផ្ញើ​មក​ក្រសួងសុខាភិបាល​នា​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​។

លទ្ធផល នៃ​ការ​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា ករណី​ដំបូង​បង្អស់​កើត​មាននៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ករណី​ទាំងអស់​ចាប់ផ្តើម​ឡើង ដោយ​មាន​រោគ​សញ្ញា​ដូច​ជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ​ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម​អ្នកខ្លះ​មាន​សភាព​ឡះ​ឡះ ថប់ដង្ហើម​ណែន​ទ្រូង ពិបាក​ដកដង្ហើម​រីក​ប្រ​ស្រី​ភ្នែក​សន្លឹម និង​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន និង​ជា​សរុប​រួម​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ មាន​ករណី​ស្លាប់​សរុប​ចំនួន​១២​នាក់ នៅ​ភូមិ​ចំនួន​២ គឺ​ភូមិ​តា​ស្គរ​ភូមិ​ក្តី​កណ្ដាល ឃុំ​សារិកា​កែ ស្រុក​ល្វាឯម ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​អប់រំ​ណែនាំ​ប្រជាជន​នៅ​តាម​ភូមិ​-​ឃុំ ដែល​កើតហេតុ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​អនុវត្ត​ខ្ជាប់ខ្ជួន នូវ​អនាម័យ​ចំណីអាហារ​ឲ្យ​បាន​ល្អ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ពិសា​ស្រា ដែល​ផលិត ឬ​បិតស្រា​មិន​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស និង​បញ្ឈប់​ការ​លក់​ស្រា និង​ទីតាំង​ផលិត​ចែកចាយ​ស្រា​ទាំង​២​កន្លែង ក្នុង​តំបន់​គោលដៅ​ដែល​កើត​មាននូវ​ករណី​ខាងលើ ។

បន្ត​តាមដាន និង​អប់រំ​ប្រជាជន​ទូទៅ អំពី​អនាម័យ​ចំណីអាហារ ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មានការ​ពុល​ស្រា ដោយ​មាន​ចែក​ជូន​នូវ​សារ​អប់រំ​ជាដើម ។ លទ្ធផល​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញ​ថា មន្ទីរពិសោធន៍​ទទួល​បាន​សំណាក​ស្រា ២៨​សំណាក ក្នុង​នោះ​ស្រាថ្នាំ​១៥​សំណាក ស្រាស​១៣​សំណាក ដែល​មាន​សារធាតុ​មេតា​ណុ​ល (Metfanp) លើស​កម្រិត​ធំ​ជាង​០,៥​ភាគរយ (>0,៥%) មាន​ចំនួន​២០​សំណាក ដែល​ធ្វើ​ឱ្យ​ពុល ដែល​កម្រិត​មិន​ពុល​នោះ​មិន​ត្រូវ​លើស​ពី​០,១% ឡើយ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា ហេតុការណ៍​ស្លាប់​នៅ​ភូមិ​ទាំង​២​ខាងលើ បាន​កើតឡើង​ដោយសារ​ពួក​គាត់​បាន​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ដែល​មាន​សារជាតិ​មេតា​ណុ​ល​ខ្ពស់ បញ្ជាក់​តាម​លទ្ធផល​បាន​មក​ពី​មន្ទីរពិសោធន៍ ហើយ​នា​ពេល​កន្លង​មក​ក៏​មាន​ករណី​ពុល​ស្រាស ឬ​ស្រាថ្នាំ​ពី​ពេល​មុន​ៗ​ជា​ច្រើន​ដង​មក​ដែរ​។

ក្រសួងសុខាភិបាល សូម​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ជា​ពិសេស​ស្រា ដែល​យក​មេតា​ណុ​លម​កលាយ (​ហាម​ដាច់ខាត​) ។ បើ​នៅ​តែ​បន្ត​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ទាំងនេះ​ទៀត​នោះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព ទៅ​ជា​ឈឺ ឬ​អាច​បាត់​បង់ជីវិត​។ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ជំងឺ​សូម​ប្រញាប់​ទៅ​កាន់ មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ