ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​នាំ​គ្នា​ដឹក​យក​ផ្លែស្វាយ​មក​ចាក់ចោល​រាប់​តោន​ក្នុង​ចំការ ព្រោះ​រឿង​ទីផ្សារ

2 ខែ មុន
  • Kampot

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចម្ការ​បី ភ្នំ​វល្លិរ ខេត្ត​កែប ក្នុង​ខែមេសា និង​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ដឹក​ផ្លែស្វាយ​រាប់​តោន​យក​មក​ចាក់ចោល​ក្នុង​ដីចម្ការ​ស្វាយ​មួយ​កន្លែង​នៅ​ជិត​ផ្ទះ​ស្នាក់​នៅ​របស់​ឈ្មួញ

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចម្ការ​បី ភ្នំ​វល្លិរ ខេត្ត​កែប ក្នុង​ខែមេសា និង​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ដឹក​ផ្លែស្វាយ​រាប់​តោន​យក​មក​ចាក់ចោល​ក្នុង​ដីចម្ការ​ស្វាយ​មួយ​កន្លែង​នៅ​ជិត​ផ្ទះ​ស្នាក់​នៅ​របស់​ឈ្មួញ​ទិញ​ស្វាយ​តែ​ម្តង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

បើ​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​នៅ​ភូមិ​ចំការ​បី បាន​និយាយ​ថា ស្វាយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចំការ​បី ម្នាក់​ៗ​កំពុង​តែ​ទុក​ចោល​ដោយ​គ្មាន​ទីផ្សារ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​បាន​ដឹក​យក​ទៅ​លក់​អោយ​ឈ្មួញ​ទិញ ដឹក​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ តែ​មិន​ត្រូវប៉ាន់ ទើប​ពួក​គាត់​មិន​ដឹក​យក​ទៅ​ផ្ទះ​វិញ​ទេ ក៏​ដឹក​តាម​គោ​យន្ត​មក​ចាក់ចោល​ក្នុង​ចំការ​ស្វាយ​នេះ​តែ​ម្ដង​។

ពលរដ្ឋ​រូប​នោះ​បាន​និយាយ​ប្រាប់​បន្ត​ថា នៅ​ចំការ​បី ភ្នំ​វល្លិរ មាន​ឈ្មួញ​ម្នាក់​ចាំ​ទទួល​ទិញ​ដែរ តែ​ផ្លែស្វាយ​ក្នុង​១​គីឡូ​តម្លៃ​តែ​២០០​រៀល​តែ​ប៉ុណ្ណោះ ជួន​ពេល​ខ្លះ​គេ​មិន​ទិញ​ក៏​មាន​ដែរ​។

ចំណែកឯ​ថៅកែ​ដែល​ចាំ​ទិញ​ស្វាយ​ពី​ប្រជាពលរដ្ឋ​នៅ​ចំការ​បី បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា កាលពីមុន​ផ្លែស្វាយ​មាន​តម្លៃ​គួរសម​ដែរ ប៉ុន្តែ​ក្រោយមក​ដឹក​យក​ទៅ​លក់​នៅ​ខេត្ត​ព្រះ​សីហ​នុ គេ​ឈប់​ទិញ​ដូច្នេះ​បើ​គាត់​ទិញ​ពី​ពលរដ្ឋ​ក៏​មិនដឹង​ថា​យក​ទៅ​លក់​នៅ​ទីណា​ដែរ ទើប​មានការ​ចោលផ្លែស្វាយ​ច្រើន​បែប​នេះ​។

ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​កែប ក៏​បាន​និយាយ​ប្រាប់​តាម​ទូរស័ព្ទ​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១​នេះ​ដែរ​ថា មន្ទីរ​កសិកម្ម​ខេត្ត កំពុង​តែ​ប្រជុំ​មន្ត្រី​ជ​នា​ញ​មក​ពី​ស្ថាប័ន​ផ្សេង​ៗ ដើម្បី​ស្វែងរក​ដៃគូ​ជួយ​ទិញ​ផ្លែស្វាយ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំការ​បី​ហើយ​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​និយាយ​ថា កន្លង​មក រក​អ្នកទិញ​ស្វាយ​អោយ​ប្រាកដប្រជា​វា​អត់ ទើប​មានការ​ពិបាក​។ ទោះបីជា​បែប​ណា ផ្លែស្វាយ​ដែល​ពលរដ្ឋ​ប្រមូល​ផល​បាន​ហើយ គឺ​លំបាក​រក​ទីផ្សារ​តែ​ម្ដង ក្នុង​នោះ​ក៏​មាន​ម្រេច​ផង​ដែរ ដែល​មិន​មាន​ទីផ្សារ​ធ្វើ​ចរាចរណ៍​ឡើយ​។