ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ជូន​លោក ប៉ុល…

​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ជូន​លោក ប៉ុល ហំ​ម អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​លោក ប៉ុល ហំ​ម បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ចូលទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។​

​ក្រៅពី​លោក ប៉ុល ហំ​ម នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ ព្រះករុណា ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជក្រឹត្យ ដាច់ដោយឡែក​មួយទៀត ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ឲ្យ​ឈ្មោះ ផាន់ ច័ន្ទ​សាក់ ដែលជា​សហ​មេធាវី​ការពារ​លោក​កឹម​សុខា ផងដែរ​។​

​សូម​រម្លឹកថា គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ មាន​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៤​នាក់​ហើយ ត្រូវបាន​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​ពីគ្នា ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា ឲ្យ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​អ្នក​ទាំងនោះ ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បានសម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ការហាមឃាត់​នោះ មាន​អ្នកនយោបាយ​ចំនួន ១១៨​នាក់​។​

​អ្នកនយោបាយ​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ចំនួន ២៤​នាក់ រួមមាន​៖ ១-​លោក គង់ គាំ ២-​លោក គង់ បូរ៉ា ៣-​លោក ស៊ីម សុវណ្ណនី ៤-​លោក ច័ន្ទ សិលា ៥-​លោក រៀល ខេមរិន្ទ ៦-​លោកស្រី ទេព សុ​ទ្ធី ៧-​លោក កង គឹម​ហាក់ ៨-​លោក ជីវ កត្តា ៩-​លោក សុន ឆ័យ ១០-​លោក តាវ គឹម​ឈន ១១-​លោក វ៉ា សាម៉ុន ១២-​លោក ស៊ុន សុ​ភ័​ក្រ ១៣-​លោកស្រី លី ស្រី​វី​ណា ១៤-​លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥-​លោក ថាច់ សេដ្ឋា ១៦-​លោក យ៉ែម បុញ្ញឫទ្ធិ ១៧-​លោក មុត ចន្ថា ១៨-​លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩-​លោក ទួត យឿ​ត ២០-​លោក ឡា​ត់ លិ​តេ​យ្យ ២១-​លោក ឡុង គឹម​ឃ​ន ២២-​លោកស្រី យង់ ផាន់​ណេ​ត ២៣-​លោក ប៉ុល ហំ​ម និង​២៤-​លោក ផាន់ ច័ន្ទ​សាក់​។​

​អ្នកនយោបាយ ដែល​បាន​ស្នើសុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ចុងក្រោយ​នេះ ជា​អ្នក​ជំនិត​នឹង​លោក​កឹម​សុខា ដូចជា លោក អ៊ូ ច័ន្ទ​រ័ត្ន លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក មុត ចន្ថា ជាដើម​។ នៅពេលនេះ​ទៀត គឺ​លោក ប៉ុល ហំ​ម ដែលជា​អ្នកនយោបាយ​ជំនាន់​លោក កឹម សុខា តាំងពី​នៅ​អតីត​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​តា​សឺ​ន​សាន ចូលរួម​ការបោះឆ្នោត កាលពី​ឆ្នាំ​១៩៩៣​។​

​នៅពេល​លោក​កឹម​សុខា ឈប់​ធ្វើ​នយោបាយ នៅ​ឆ្នាំ​២០០២ មក​បង្កើត​អង្គការសិទ្ធិមនុស្ស ដែលមាន​ឈ្មោះថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ប៉ុល ហំ​ម បានរួម​ជាមួយ​លោក​កឹម​សុខា ដឹកនាំ​អង្គការសិទ្ធិមនុស្ស​នោះ​។

​នៅ​ឆ្នាំ​២០០៧ ពេល​លោក​កឹម​សុខា ចេញ​បង្កើត​គណបក្សនយោបាយ ឈ្មោះថា គណបក្ស​សិទ្ធិមនុស្ស ក៏​លោក​ប៉ុល​ហំ​ម រួម​ដៃ​ជាមួយ​លោក​កឹម​សុខា ធ្វើ​នយោបាយ​នៅក្នុង​គណបក្ស​សិទ្ធិមនុស្ស​។​

​រហូតដល់​លោក​កឹម​សុខា និង​លោក​សមរង្ស៊ី រួមគ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១២ ក៏​លោក​ប៉ុល​ហំ​ម បន្ត​ដើរ​តាម​លោក​កឹម​សុខា ធ្វើ​នយោបាយ ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​។

ជាងនេះទៅទៀត នៅពេល​លោក​កឹម​សុខា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ លោក ប៉ុល ហំ​ម ក៏​ត្រូវបាន​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយមាន​អនុប្រធាន ២​រូប​ទៀត គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ដែលជា​ភាគី​ខាង​លោក​សមរង្ស៊ី​។

​ពោលគឺ​លោក​ប៉ុល​ហំ​ម ដែល​មកដល់​ឆ្នាំ​២០២១​នេះ មាន​អាយុ ៧៥​ឆ្នាំ ( កើត​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​១៩៤៦ ) ជា​មនុស្ស​សំខាន់​ទី​២ បន្ទាប់ពី​លោក កឹម សុខា​។ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំរឿង​ក្បត់ជាតិ ដែល​មិនដឹងថា អាច​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​មក​បន្ត​ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខែមិថុនា ឆ្នាំ​២០២២ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០២៣ បាន ឬទេ​៕​