ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ជើង​ចាស់ ណ​យ សំណាង ទទួល​អំណោយ​ពី​សប្បុរសជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់ ណ​យ សំណាង បាន​ទទួល​នូវ​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​ ពី​បណ្តា​សប្បុរ​ជន​ ក៏​ដូច​ជា​សមាគម​សិល្បករ​ខ្មែរ ខណៈ​ដែល​តារា​ជើង​ចាស់​រូប​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​ខ្វះខាត​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់ ណ​យ សំណាង បាន​ទទួល​នូវ​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​ ពី​បណ្តា​សប្បុរ​ជន​ ក៏​ដូច​ជា​សមាគម​សិល្បករ​ខ្មែរ ខណៈ​ដែល​តារា​ជើង​ចាស់​រូប​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​ខ្វះខាត​ ​ហើយ​កម្លាំង​ពលកម្ម​នៃ​ការ​បម្រើ​សិល្បៈ​ក៏​កាន់តែ​ថប​ថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​ស្ទើរតែ​ជួប​ភាព​ខ្វះខាត​ម្តងម្កាល​ទៅ​ហើយ ។

ពី​ធី​ប្រគល់​ និង​ទទួល​អំណោយ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​នេះ បាន​ធ្វើ​ឡើង​ក្នុង​បរិវេណ​កុដិ​លេខ​២៤ នៃ​វត្ត​នាគ​វ័ន កាលពី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៥ ដោយ​មាន​វត្តមាន​ចូលរួម​នា​ឱកាស​នោះ​រួម​មាន សមាគម​សិល្បករ​ខ្មែរ, នាយ​ឃ្លោក​, ព្រះ​គ្រូ នាគ​មុនី ស​ត្ថា​សុ​ខុ​មោ​នី សុវណ្ណ មុនី​រ៉េ​ត ទីប្រឹក្សា​សម្តេច​សង្ឃ ន​ន្ឋ ង៉ែត​, លោក កុយ ស៊ី​ឌឿ​ន​, លោក អ៊ឹម ជីវ៉ា​, លោក​សោ​ភ័​ណ្ឌ តន្ត្រី​, អ្នកស្រី ថុ​ង ស៊ីវ​ទៀង ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​, លោក​ឧកញ៉ា ប៉ែន នួន អគ្គនាយក​ក្រុមហ៊ុន CKA ចំរើន​កសិឧស្សាហកម្ម និង​អភិវឌ្ឍ​កម្ពុជា​, លោក ឱ​ក បូ​នី​, លោក មាស សារី​ទ្ឋ និង​អ្នក​នាង ស៊ុន ណា​រី​ម៉ូ​នី​កា … ។

ព្រះ​អង្គ នូ សុវណ្ណ មុនី​រ៉េ​ត គង់នៅ​កុ​ដ​លេខ​២៤ បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​តែងតែ​គោរព​ស្រឡាញ់​តារា​ជើង​ចាស់ ព្រោះ​ពួក​គាត់​មាន​ស្នាដៃ និង​សមត្ថភាព​ធ្វើ​ឲ្យ​មហាជន​បាន​ស្គាល់​សប្បាយ​រីករាយ ។ ជាមួយនឹង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា យើង​នៅ​តែ​ផ្សារ​ភ្ជាប់​ជាមួយ​សិល្បៈ​ដោយ​រួមសុខទុក្ខ ជួយ​ចែករំលែក​ការ​លំបាក​ជូន​សិល្បករ​ជើង​ចាស់​ដូច​ជា​លោកយាយ ណា​ង ដែល​បាន​ជួប​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​នៅ​ពេល​នេះ​អ៊ីចឹង ។ ឃើញជាក់ស្តែង​ថាលោក​យាយ​ ណាង​ ពិតជា​ថយកម្លាំង មិន​មានឱកាស​ទៅ​សម្តែង​រក​ប្រាក់​នៅ​ខាងក្រៅ​ដូច​មុន​ច្រើន ព្រោះ​វ័យចាស់ អាយុ​កាន់តែ​ច្រើន ទើប​យើង​ជួយ​ខ្លះ​តាម​ទឹកចិត្ត ។

លោក ប៉ែន នួន អគ្គនាយក​ក្រុមហ៊ុន CKA ចំរើន​កសិឧស្សាហកម្ម និង​អភិវឌ្ឍ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា លោកយាយ ណា​ង គាត់​មាន​អាកា​រៈ​ឈឺ​ជំងឺ​ច្រើន​នៅ​ពេល​ចាស់​ទៅ ។ លោកយាយ​នៅ​តែ​ខ្វះខាត​ជីវភាព មាន​ចៅ​ច្រើន​នាក់​ត្រូវ​​មើលថែ ដូច្នេះ​ការ​ជួយ​គ្នា​ជា​វប្បធម៌​ចែករំលែក និង​សម្រាលទុក្ខ​បាន​មួយអន្លើ ។ លោក​ក៏​បាន​ទ​ទួ​ច​ឲ្យ​សិល្បករ និង​ក្មេង​ៗ​ជំនាន់​ក្រោយ គួរ​ចេះ​គិតគូរ​ពី​ផ្នែក​សិល្បៈ​ឲ្យ​បាន​ច្រើន កុំ​ចម្លង​អរិយធម៌​ពី​គេ​ខ្លាំង​ពេក ហើយ​យក​របស់​គេ​មក​អនុវត្ត​ធ្វើ​ឲ្យ​បាត់បង់​ទំនៀមទម្លាប់​របស់​ជាតិ​យើង​ដែល​មាន​ផូរផង់​យូរ​មក​ហើយ ។ លោក​ស្រឡាញ់​សិល្បៈ​ដែល​ជា​ព្រលឹង​ជាតិ សូម​បងប្អូន​សិល្បករ​យើង​ជួយ​លើកកម្ពស់​វិស័យ​នេះ​ឲ្យ​ប្រសើរ​ឡើង ។ ដោយ​មើលឃើញ​ថា សមាគម​សិល្បករ​ខ្មែរ​មាន​សកម្មភាព លោក​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​មួយ​ឆ្នាំ​៦០០០​ដុល្លារ ក្នុង​ន័យ​ប្រើ​ការ​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ​តាម​លទ្ធភាព​ជាក់ស្តែង ។

លោកយាយ ណ​យ សំណាង ដែល​មាន​វ័យ​៧២​ឆ្នាំ បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប និង​សំឡេង​ខ្សាវ​ៗ​ថា លោកយាយ​មាន​ជំងឺ​ច្រើន​មុខ​ណាស់​តាំងពី​បេះដូង លើសឈាម ខ្វះ​ជាតិ​ស្ករ ឈឺក្បាល ហត់ អស់កម្លាំង​យូរ​មក​ហើយ ។ អាជីព​សិល្បៈ​ពេល​នេះ​ខើច​ណាស់ ព្រោះ​កម្លាំង​មិន​អំណោយផល ចេះ​តែ​ឈឺ​ជា​ប្រចាំ ខុស​ពី​មុន​មិន​អាច​ដើរ​វែង​ឆ្ងាយ​បាន ចេះ​តែ​ឈឺក្បាល​ជង្គង់ ទើប​បាត់បង់​ឱកាស​រក​លុយ ។

លោកយាយ​និយាយ​ទាំង​ហួសចិត្ត​ថា មាន​គេ​ឲ្យ​ថត​រឿង​បាន​ម្តង​១០០​ដុ​លា្ល​រដែរ តែ​ទៅ​មិន​បាន​ស្តាយ ព្រោះ​ឈឺ​ពេក ។ ក្រៅពី​នេះ​លេង​កំប្លែង​២​អាទិត្យ​បាន​ម្តង ខ្លះទៅ​គេ​ហៅ​ឡើង​ប៉ុស្តិ៍​ ​ចេះ​តែ​បាន​គ្រាន់តែ​មើល​ចៅ​ដល់​ទៅ​៧​នាក់ (ប្រុស​៥នាក់) ទើប​លុយ​ចេញ​រហូត ។ លោកយាយ​ប្រាថ្នា​ថា​ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន​មិនធំ​ពេក​ទេ ត្រឹមតែ​៤​ម៉ែត្រ​៤​ជ្រុង​ក៏​បាន ប៉ុន្តែ​សំណាង​របស់​លោកយាយ​ចង់​ហួសពេល​ទៅ​ហើយ បើ​រំពឹង​លើ​កម្លាំង​ពេល​នេះនោះ ។

ជា​ចុងបញ្ចប់ តារា​កំប្លែង​ជើង​ចាស់ ណ​យ សំណាង ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ជន​ទាំងអស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​នា​ពេល​នេះ និង​សូម​ឲ្យ​មាន​ក្តី​សុខ​ជា​រៀង​រហូត ៕