ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ទឹកតែ) បទកាកគតិ ដោយ ព្រុំ គឹម ជឿន

14 ឆ្នាំ មុន

– គ្រប់​ហាង​គុយទាវ មាន​បំរើភ្ញៀវ តែ​ក្ដៅ​ផឹក Free
ទឹកតែ​ស្រុក​យើង មាន​គ្រប់​ទិស​ទី ប្រុស​ស្រី​មូល​មីរ

– គ្រប់​ហាង​គុយទាវ         មាន​បំរើភ្ញៀវ         តែ​ក្ដៅ​ផឹក Free
   ទឹកតែ​ស្រុក​យើង          មាន​គ្រប់​ទិស​ទី        ប្រុស​ស្រី​មូល​មីរ        ផឹក​តាម​ស្រេកឃ្លាន​។
– តែ​ឆ្ងាញ់​ពិសារ             មិន​ញៀន​ដូច​ស្រា     កញ្ឆា អាភៀន
   តែ​មាន​តែ​ម្យ៉ាង           ផឹក​កើតរោគ​ញៀន    ភ្លេច​ការ​ខ្មាស់​អៀន     បំពាន​គុណ​ធ​ម៍  ។
– តែ​មាន​ចេស្ដា              ជួយ​ដោះ​បញ្ហា          ជំពាក់​ដូច​វល្លិ    
   តែ​ជួយ​រត់ការ             ចាត់ចែង​បន្ដរ            ការ​អន់ ការ​ល្អ          ស៊ីសង​ទឹកតែ  ។
– ទោះ​ការ​រោងចក្រ         ក៏​ត្រូវ​មាន​ប្រាក់         ឱ្យ​គេ​មុន​ដែរ
   គ្មាន​លុយ​ឱ្យ​មុន            គេ​យក​ប្រាក់ខែ          ហៅ​លុយ​“​ទឹកតែ​”     គឺ​លុយ​សំណូក  ។
– បើ​មាន​“​ទឹកតែ​”            ការ​មិន​ខ្វះ​ដែរ           មាន​ច្រើន​គរគោក
   បញ្ហា​ចំបង                  ត្រូវ​មាន​លុយ​សូក       ការ​ក៏​បាន​មក          ដោយសារ​រូបិ៍យ ។
– ខ្លះ​ប្រឹងរៀន​ចប់            បែរជា​ត្រឡប់            មិន​បានការ​អ្វី
   ថ្លៃ​ទឹកតែ​ខ្ពស់               ព្រោះ​ការ​ប្រពៃ         សូម​លើក​ពីរ​បី            ជា​ឧទាហរណ៍ ។
– មេព្រៃ​រាប់​ម៉ី​ន              គយ​រឹតតែ​ច្រើន           បើ​ទីតាំង​ល្អ
   ទៅ​ណា​វ៉ា​ល្បែង?         កន្លែង​ជាន់ក               ស៊ី​ខ្ជាក់​បន្ដរ            ចិ​ញ្ចឹម​មេ​ទៀត ។
– និទាន​ប៉ុណ្ណឹង                 ដឹង​ស្រេច​ថា​តឹង           ពិបាក​ប្រជ្រៀត
  ព្រោះ​កន្លែង​ខ្លាញ់            វា​ណែន​ចង្អៀត            ចូល​បាន​ត្រូវ​ឆ្លៀត    ប្រឹង​លេប​ត្របាក់​។
– រកស៊ី​តូច​ធំ                   រឿង​ពេញ​និយម           គឺ​ឋិត​លើ​ប្រាក់
   បើ​ទឹកតែ​ដល់                គ្មាន​អ្វី​ស្ទើរ​ស្ទាក់           មាន​លោក​គ្រាក់​ៗ     ធ្វើ​ជា​ជំនួយ ។
– ទោះ​ចង់​ស្អាតស្អំ             ក៏​ត្រូវ​បង្ខំ                   ឱ្យ​ពុក​រលួយ
   សូក​អស់​សន្ធឹក               អ្នក​ណា​មិន​ព្រួយ?        ម្លោះ​ហើយ​ប្រឹង​ពួយ  បូម​វិញ​គ្មាន​ល្ហែ​។
– សង្ឃឹម​ថ្ងៃមួយ               អស់​ទុក្ខ​អស់​ព្រួយ         ពី​រឿង​“​ទឹកតែ​”
  ច្បាប់​ពុក​រលួយ               ចាប់កំណើត​ដែរ           ជួយ​សង្គម​ខ្មែរ         ចំរើន​ស្អាតស្អំ  ។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com