ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ មានមន្ទីរពិសោធន៍វេជ្ជសាស្ត្រ​រកមេរោគកូវីដ-១៩ បានពី ៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម គួច…

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ត្រូវយកចិត្តទុកដាក់​ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ និងត្រូវតែមានការប្រុងប្រយ័ត ដោយធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែសនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកខ្លួនរបស់យើង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ជួរក្រោយ និងក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍របស់យើង ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ មិនថាភ្លៀង ឬថ្ងៃក្តៅ ដោយមិនបានសម្រាកគ្រប់គ្រាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងខេត្តព្រះសីហនុ។ ដូច្នេះយើងត្រូវរួមគ្នាបន្តទៀតដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឱ្យបានជោគជ័យ។

ឯកឧត្តម គួច ចំរើន បន្តថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ត្រូវតាមដានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ២១ថ្ងៃ ម្យ៉ាងទៀតការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ត្រូវតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) ដោយទទួលលទ្ធផល អវិជ្ជមានពីរដង ទើបឱ្យចេញពីមន្ទីរពេទ្យ និងបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ដោយឡែកអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ត្រូវធ្វើតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) ទទួលលទ្ធផលអវិជ្ជមានមួយដងអាចឱ្យចេញពីមន្ទីរពេទ្យបាន ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។ ដោយសារតែបច្ចុប្បន្នមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែករបស់យើងជួបប្រទះនូវការខ្វះខាត​​សម្ភារ:ក្នុងការវិភាគរកមេរោគកូវីដ-១៩ ក្នុងនោះរដ្ឋបាលខេត្ដបាន និងកំពុងបញ្ជាទិញបន្ថែម ដើម្បីឱ្យមន្ទីរពិសោធន៍របស់យើងដំណើរការដោយរលូន។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ បើកដំណើរការដំបូងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានម៉ាស៊ីនពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ពិសោធន៍បាន តែចំនួន ២.០០០សំណាកតែប៉ុណ្ណោះ ដោយសារតែខេត្តព្រះសីហនុ មានការផ្ទុះនូវជំងឺកូវីដ-១៩ មានទំហំធំ តម្រូវការវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។ ទន្ទឹមនោះក្រសួងសុខាភិបាល បានជួយឧបត្ថម្ភនូវសម្ភារៈ Rapid Test និងការបញ្ជាទិញរបស់រដ្ឋបាលខេត្ត ក្នុងការយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កន្លងមក បានធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ-១៩ មានការថយចុះ។

លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្របសម្រួលរួម នៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរពិសោធន៍យើង មានបុគ្គលិកចំនួន ១០នាក់ ដើម្បីបំរើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩ ប្រសិនបើមានសម្ភារ:គ្រប់គ្រាន់ គឺយើងអាចវិភាគរកមេរោគកូវីដ-១៩ ចន្លោះពី៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ