ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់កុលក្លែងក្លាយជាង ៥០០០លីត្រ លក់តាម Online ត្រូវចាប់រឹបអូស នៅសង្កាត់ព្រៃស

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត រកឃើញទីតាំងលក់អាល់កុល តាម…

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត រកឃើញទីតាំងលក់អាល់កុល តាម Online ដែលជា​អាល់កុលក្លែងក្លាយមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅ​រសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំ ងលើបានសហការ​ជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយមានឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបភ្លាមៗ ព្រមទាំងបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តវិភាគនៅនឹងកន្លែង ដើម្បីដឹងលទ្ធផលភ្លាមៗផងដែរ។

ជាលទ្ធផល កម្លាំងជំនាញ​ បានរកឃើញអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល បានចំនួន ១៨៣កាន ស្មើនឹងចំណុះ ៥៤៩០លីត្រ ហើយក៏បានរឹបអូស យកទៅរក្សាទុកជាវត្ថុតាងដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់។

ប្រតិបត្តិការនោះ អនុវត្តតាមការណែនាំជាប្រចាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ពាក់ព័ន្ធនឹងការចរាចរអាល់កុលក្លែងក្លាយ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) តាមរយៈរូបភាពការបញ្ជាទិញអាល់កុល ដែលដាក់លក់លើបណ្តាញសង្គម Facebook យកមកធ្វើតេស្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកឃើញសាធាតុមេតាណុល ដែលក្លែងបន្លំជាអាល់កុល និងឈានដល់ការចុះបង្ក្រាបតែម្ដង។

អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) បានឲ្យដឹងថា នៅក្នុងឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ “សហគមន៍២០កុម្ភៈ” អគ្គនាយកដ្ឋាន (ក.ប.ប) បានធ្វើការស្រាវជ្រាវរកឃើញ និងរឹបអូសបានជាបន្តបន្ទាប់នូវអាល់កុលក្លែងក្លាយ ចំនួន ៤០៦២៥លីត្រ​ ស្មើនឹងប្រមាណជាង ៤០តោន ពីតាមបណ្តារាជធានី ខេត្តមួយចំនួន។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋាន ក.ប.ប. ជាថ្មីម្តងទៀត សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុល បន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕ យន់ ស៊ីថា (ដកស្រង់អត្ថបទ និងរូបភាពពីផេករបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ