ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចាប់ឆ្នោតលំដាប់លេខរៀងគណបក្ស សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

2 ឆ្នាំ មុន
  • កំពត

កំពត៖ គជប បានប្រកាសនៅថ្ងៃទី១៨ ខែឧសភានេះថា បន្ទាប់ពីបាន​សម្រេច​ទទួលស្គាល់​ជាផ្លុវការ​នូវការចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះរបស់គណបក្ស​នយោបាយចំនួន ៤រួចមក គណៈកម្មការ​រៀបចំការបោះឆ្នោត ខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត…

កំពត៖ គជប បានប្រកាសនៅថ្ងៃទី១៨ ខែឧសភានេះថា បន្ទាប់ពីបាន​សម្រេច​ទទួលស្គាល់​ជាផ្លុវការ​នូវការចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះរបស់គណបក្ស​នយោបាយចំនួន ៤រួចមក គណៈកម្មការ​រៀបចំការបោះឆ្នោត ខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដោយព្រះសង្ឃ ដើម្បី​កំណត់លំដាប់លេខរៀងគណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការ​រៀបចំការបោះឆ្នោត ខេត្តកំពត នារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១​។​

តាមសេចក្តីប្រកាស លទ្ធផលនៃ​ការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្ស​នយោបាយ​នីមួយៗ ទទួលបាន មានដូចតទៅ៖ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១។ គណបក្ស​យុវជនកម្ពុជា ទទួលបានលេខរៀងទី២។ គណបក្ស​ប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។ គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤។

គជប ប្រកាសថា ការកំណត់លំដាប់​លេខរៀង​គណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈ​ងាយស្រួលដល់គណបក្ស​នយោបាយ ពាក់ព័ន្ធ​ការឃោសនាបោះឆ្នោត ហើយជួយ​ឲ្យអ្នកបោះឆ្នោត អាច​ស្គាល់បានដោយងាយនូវលេខរៀង និងឈ្មោះគណបក្ស​នយោបាយ ដែលគាត់​ស្រឡាញ់ពេញចិត្ត​។​

គជប ក៏បានប្រកាសថា គណៈកម្មការរៀបចំ​ការបោះឆ្នោត ខេត្តកំពត ត្រូវបិទផ្សាយ​បញ្ជីគណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត។ នេះបើយោងតាមមាត្រា២៦ នៃច្បាប់បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​។​

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេច​បង្កើត​ទី​ក្រុងបូកគោ​ នៃ​ខេត្តកំពត ​ដោយ​ត្រូវ​កាត់​យក​ឃុំ ​ចំនួន​ ៣ ​ចេញ​ពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត។ ការសម្រេចបង្កើត​ក្រុងថ្មី​នេះ​ ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គជប បានប្រកាសថា សមាជិក​ក្រុងបូកគោ ក្នុងខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣នាក់។ កាលបរិច្ឆេទនៃការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាក្រុងបូកគោ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១​។

ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ក្រុងបូកគោនេះ នឹងធ្វើឡើងដូច​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្ត​ ក្រុងស្រុកខណ្ឌ​កន្លងមកដែរ គឺជាការបោះឆ្នោតតាមបែបអសកល។ ពោលគឺ​មានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ប៉ុណ្ណោះ ជាអង្គបោះឆ្នោត។ ដូច្នេះការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺមានតែក្រុមប្រឹក្សា​​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសសមាជិក​ក្រុមប្រឹក្សា​ក្រុងបូក ដែលមានសមាសភាព​ ចំនួន ១៣រូប​។

គជប បានប្រកាសថា អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង ៣ មាន​ចំនួនសរុប ១៧រូប រួមមាន សង្កាត់បឹងទូក ៥រូប សង្កាត់កោះតូច ៥រូប និងសង្កាត់ព្រែកត្នោត ៧រូប៕