ស្ថានទូត​កម្ពុជា ៖ រដ្ឋាភិបាល​វៀតណាម នឹង​បណ្តេញ​ពលករ​បរទេស​ខុសច្បាប់ ចេញ​ឲ្យ​អស់ពី​ប្រទេស​ខ្លួន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា ៖ រដ្ឋាភិបាល​វៀតណាម នឹង​បណ្តេញ​ពលករ​បរទេស​ខុសច្បាប់ ចេញ​ឲ្យ​អស់ពី​ប្រទេស​ខ្លួន

3 អាទិត្យ មុន

រាជា​ធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ កំពុងធ្វើការ​ងារ ឬ​មាន​វត្ត​មាននៅ​ប្រទេស​វៀតណាម ត្រូវ​គោរព​ច្បាប់​វៀតណាម ឲ្យ​បាន​ម៉ឺងម៉ាត់ ។…

រាជា​ធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ កំពុងធ្វើការ​ងារ ឬ​មាន​វត្ត​មាននៅ​ប្រទេស​វៀតណាម ត្រូវ​គោរព​ច្បាប់​វៀតណាម ឲ្យ​បាន​ម៉ឺងម៉ាត់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​កិត្តិយស​សូម​ជម្រាប ជូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុងធ្វើការ​ងារ ឬ​មាន​វត្ត​មាននៅ​វៀតណាម ជ្រាប​ថា យោង​សារព័ត៌មាន វៀតណាម (Viet Nam News) ចុះ​ផ្សាយ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល វៀតណាម នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ការ​បណ្ដេញចេញ ចំពោះ​ពលករ​បរទេស​ខុសច្បាប់​កំពុងធ្វើការ​ងារ​នៅ​វៀតណាម ។

ប្រភព​បន្ត​ថា ក្រសួង​ការងារ យុទ្ធ​ជន និង​សង្គមកិច្ច​វៀតណាម បាន​ស្នើ​អាជ្ញាធរ​ខេត្ត និង​ក្រុង​នានា ពិចារណា​លើ​ការ​បណ្ដេញចេញ ចំពោះ​ពលករ​បរទេស ដែល​គ្មាន​លិខិតអនុញ្ញាត​ធ្វើ​ការងារ (work permits) ត្រឹម​តូ​វ ឬ​អ្នក​មិន​គោរព​តាម​វិធាន​ស្តី​ពី​ការ​ចូល​និង​ចេញ (entry and exit rules) ។

ករណី​នេះ អាជ្ញាធរ​មូលដ្ឋាន និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា នឹង​ពង្រឹង​ការ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត​ការងារ និង​ចំនួន​ពលករ​បរទេស នៅ​តាម​សហគ្រាស និង​គ្រឹះស្ថាន​នានា ដោយ​អនុវត្ត​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ពលករ​ខុសច្បាប់ នៅ​វៀតណាម ។

ស្ថានទូត​បញ្ជាក់​ថា “​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន សូម​ប្រជាពលរដ្ឋ​ខ្មែរ កំពុងធ្វើការ​ងារ ឬ​មាន​វត្ត​មាននៅ​វៀតណាម ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ច្បាប់​ការងារ និង​វិធាន​ស្ដី​ពី​ការ​ចូល និង​ចេញ​របស់​អាជ្ញា​ធរមាន សមត្ថកិច្ច​វៀតណាម​” ។

ស្ថានទូត ក៏​ឆ្លៀតឱកាស​នេះ​ផង​ដែរ សូម​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​មាន​វត្ត​មាននៅ​វៀតណាម មេត្តា​បន្ត​ថែរក្សា សុខភាព​ឲ្យ​បាន​ល្អ ដោយ​អនុវត្ត​វិធានការ​ការពារ រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ រក្សា​អនាម័យ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ សំដៅ​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ៕