ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អ្នក​លក់ដូរ​នៅ​មុខ​ព្រះ​បរមរាជវាំង​នា​ពេល​បច្ចុប្បន្ន តើ​ប៉ះពាល់​ជីវភាព​ខ្លាំង​យ៉ាងណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​របស់​យើង​ផ្ទុះ​កើតឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​មុខរបរ និង​ជីវភាព​របស់​ប្រជាជន​ខ្មែរ​យើង​យ៉ាង​ខ្លាំង​។ ជាក់ស្តែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​តូចតាច នៅ​តាម​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង ដែល​មាន​ដូច​ជា​អ្នកលក់​ភេសជ្ជៈ​តាម​រទេះរុញ អ្នកលក់​ចំណី​ព្រាប…

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​របស់​យើង​ផ្ទុះ​កើតឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​មុខរបរ និង​ជីវភាព​របស់​ប្រជាជន​ខ្មែរ​យើង​យ៉ាង​ខ្លាំង​។ ជាក់ស្តែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​តូចតាច នៅ​តាម​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង ដែល​មាន​ដូច​ជា​អ្នកលក់​ភេសជ្ជៈ​តាម​រទេះរុញ អ្នកលក់​ចំណី​ព្រាប និង​អ្នក​ប្រកប​មុខរបរ​លក់​តុក្កតា និង​របស់​ក្មេង​លេង​ជាដើម ម្នាក់​ៗ​ការ​លក់ដូរ​មានការ​ថយ​ចុះ នឹង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​គ្រប់​ៗ​គ្នា​។

បើ​តាម​លោក ឈុំ វុ​ធ អាយុ​៥០​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ប្រកប​មុខរបរ​លក់​ភេសជ្ជៈ​នៅ​តាម​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​នេះ​ចាប់តាំងពី​ឆ្នាំ ១៩៩៧ មក​ម្ល៉េះ ពោល​គឺ​អស់​រយៈពេល​២៤​ឆ្នាំ​មក​ហើយ​ៗ​ការ​លក់​របស់​គាត់​នេះ មាន​ថ្ងៃ​ខ្លះ​ក៏​ដាច់ និង​ថ្ងៃ​ខ្លះ​មិន​ដាច់​ដែរ​។ ដោយ​កាលពីមុន​ព្រឹត្តិការណ៍​២០​កុម្ភៈ លោក​អាច​លក់​បាន​ក្នុង​មួយ​ថ្ងៃ​ចំនួន​១០​ម៉ឺន​រៀល ដោយ​គិត​ទាំង​ដើម​ទាំង​ចុង ហើយ​ក៏​បាន​យក​ទៅ​ទិញ​ឥ​វ៉ា​ន់​លក់​វិញ​ក្នុង​មួយ​ថ្ងៃ​ពី​៦​ទៅ​៧​ម៉ឺន​រៀល​វិញ​ផង​ដែរ សល់​ពី​នោះ​គឺ​យក​ទៅ​ចំណាយ​ចាយវាយ​ក្នុង​ក្រុម​គ្រួសារ និង​បង់ថ្លៃ​ផ្ទះ​ជួល ដោយ​មិន​មាន​សល់​អ្វី​ទេ​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​អាជ្ញាធរ​បាន​បិទផ្លូវ រូប​លោក​នៅ​តែ​ផ្ទះ​មិន​បាន​ចេញ​ដើរ​រកស៊ី​អស់​រយៈពេល​ជាង​១​ខែ ទើបតែ​បាន​មក​ដើរ​លក់ដូរ​វិញ​បាន​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ការ​លក់​របស់​គាត់​នេះ ត្រូវ​បាន​គេ​ដេញ​រត់​ចុះឡើង​ៗ​មិន​ឲ្យ​លក់ ដោយ​មួយ​ថ្ងៃ​ៗ​លោក​លក់​បាន​លុយ​ត្រឹមតែ​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ក្នុង​រយៈពេល​នេះ លោក​ឃើញ​មាន​មនុស្ស​នាំ​គ្នា​មក​ដើរ​លេង​មុខ​វាំង​ច្រើន​គួរសម​ដែរ តែ​ពួក​គាត់​ពី ៧០% ទៅ​៨០​ភាគរយ គឺ​គ្រាន់តែ​មក​ដើរ​លេង​លំហែកាយ លេង​ជា​ធម្មតា នឹង​មិន​បាន​មក​រក​ទិញ​អ្វី​ហូប​ឡើយ​។ ហើយ​ការ​លក់ដូរ​មិនសូវ​ដាច់​នេះ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​គាត់​យ៉ាង​ខ្លាំង ដោយ​គ្រួសារ​របស់​គាត់​មាន​សមាជិក​ទាំងអស់​ចំនួន​៥​នាក់ ហើយ​ការ​លក់ដូរ​ក៏​មានការ​ខុស​គ្នា​កាលពី​ពេល​មុន​ឆ្ងាយ ដោយ​រូប​គាត់​ស្ទើរតែ​រក​លុយ​បង់ថ្លៃ​ផ្ទះ​ជួល​ក្នុង​មួយ​ខែ​១៥០​ដុល្លារ បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ស្ទើរតែ​លែង​ចង់បាន និង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។

ចំណែក​បុរស​ម្នាក់​ឈ្មោះ គូ សម្ផស្ស អាយុ​៣៨​ឆ្នាំ ជា​អ្នកលក់​ចំណី​ព្រាប​បាន​ធ្វើការ​ត្អូញត្អែរ​ថា ក្រោយ​ពី​កើត​មាននូវ​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ​មក លោក​លក់​មិនសូវ​ដាច់​ទេ ដោយ​ខុស​កាលពី​ពេល​មុន​មាន​មនុស្ស​ដើរ​លេង​ច្រើន​។ ដោយ​កាលពីមុន​លោក​អាច​លក់​បាន​លុយ​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ឯណោះ តែ​ពេល​នេះ​លក់​បាន​ត្រឹមតែ​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​ទេ​។
លោក​ក៏​បាន​រៀបរាប់​ទៀត​ថា ចំណី​ព្រាប​របស់​គាត់​ដើរ​លក់​ក្នុង​មួយ​កញ្ចប់​តម្លៃ​២​ពាន់​រៀល ហើយ​៣​កញ្ចប់​៥​ពាន់​រៀល ។ រាល់​ថ្ងៃនេះ​លោក​ស្ទើរតែ​រក​លុយ​បង់ថ្លៃ​ផ្ទះ​ជួល​លែង​បាន​ទៅ​ហើយ ដោយ​ក្នុង​មួយ​ខែ​៥០​ដុល្លារ ក្រៅពី​នោះ​នៅ​មាន​លុយ​សម្រាប់​ចំណាយ​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​។

រីឯ​បុរស​ឈ្មោះ លុយ វ័យ​២១​ឆ្នាំ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ប្រកប​មុខរបរ​លក់​តុក្កតា និង​របស់​ក្មេង​លេង​នេះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​កាលពីមុន​កូ​វី​ដ អាច​លក់​បាន​ក្នុង​មួយ​ថ្ងៃ​ៗ​ចាប់ពី​១០​ម៉ឺន​២០​ម៉ឺន ឬ​ទៅ​៣០​ម៉ឺន​រៀល​ឯណោះ​។ លុះ​មក​ដល់​ពេល​នេះ ការ​លក់ដូរ​របស់​លោក​លែង​លក់ដាច់​តែ​ម្ដង ដោយ​បាន​មួយ​ថ្ងៃ​ត្រឹមតែ​ពី​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយសារ​តែ​មិនសូវ​មាន​អ្នក​មក​លេង​ដូច​កាលពីមុន ដោយ​ពួក​គាត់​មិនសូវ​ចាយ​លុយ​។

បុរស​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​លក់ដូរ​កាលពី​ពេល​មុន និង​ពេល​នេះ វា​មានការ​ខុស​គ្នា​ឆ្ងាយ​ណាស់ តែ​វា​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​គាត់​ឡើយ ដោយសារ​តែ​ខ្លួន​មួយ​រស់នៅ​ម្នាក់ឯង គឺ​វា​ជា​រឿង​ធម្មតា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ