ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ធ្វើ​ស្រែ​ត្រូវ​ជ្រើស​រើស​ពូជ​តាម​ពេល​វេលា​ និង​រដូវ​កាល

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​លោក​សេង ស៊ុន​ហ៊ួត​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ពោធិ៍​សាត់​បាន​ចុះ​ពិនិត្យ​មើល​ការ​ប្រមូល​ផល​ ស្រូវ​ដើម​រដូវ​វស្សា​​របស់​កសិករ​នៅ​ភូមិ​ស្វាយ​ជ្រុំ​ឃុំ​បឹង​បត់​កណ្តោល​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​ ដែល​មាន​ទិន្ន​ផលខ្ពស់​ បន្ទាប់​ពី​ទទួល​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ពីសំណាក់​មន្ត្រី​សំរប​សំរួល ​របស់​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កន្លង​មក ​។ ក្នុង​ទឹក​មុខ​ញញឹម​រីក​រាយ​កសិករ​ឈ្មោះ​អ៊ុន ហៀ រស់​នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បឹង​បត់​កណ្តោល​បាន​ឱ្យ​ដឹង​ថា​៖

ខេត្ត​ពោធិ៍​សាត់​ ៖ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​លោក​សេង ស៊ុន​ហ៊ួត​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ពោធិ៍​សាត់​បាន​ចុះ​ពិនិត្យ​មើល​ការ​ប្រមូល​ផល​ស្រូវ​ដើម​រដូវ​វស្សា​​របស់​កសិករ​នៅ​ភូមិ​ស្វាយ​ជ្រុំ​ឃុំ​បឹង​បត់​កណ្តោល​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​ ដែល​មាន​ទិន្ន​ផលខ្ពស់​ បន្ទាប់​ពី​ទទួល​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ពីសំណាក់​មន្ត្រី​សំរប​សំរួល​របស់​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កន្លង​មក ​។ ក្នុង​ទឹក​មុខ​ញញឹម​រីក​រាយ​កសិករ​ឈ្មោះ​អ៊ុន ហៀ រស់​នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បឹង​បត់​កណ្តោល​បាន​ឱ្យ​ដឹង​ថា​៖ «បន្ទាប់​ពី​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ថ្មី​ក្នុង​ការ​ធ្វើ​ស្រែ​ដោយ​ធ្វើ​ការ​កែ​ប្រែ​ទំលាប់​មួយ​ចំនួន​ពី​អ្នក​ជំនាញ​​ជល​ផល​កសិកម្ម​មក ​បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ស្រែ​របស់​ខ្ញុំ​រួម​ជាមួយ​កសិករ​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត​ទទួល​បាន​ផល​ច្រើន​ហួស​ពី​ការ​ស្មាន​របស់​ខ្លួន​ តាម​រយៈ​ការ​ធ្វើ​ដី​ស្រែ​ឱ្យ​ស្មើ​ល្អ​ ​ត្រូវ​ជ្រើស​រើស​​ពូជ​សុទ្ធ​ល្អ​ ការសន្សំ​​ជី​កំប៉ុស្តិ៍​សំរាប់​កែ​លំអ​គុណភាព​ដី​ អាយុ​សំណាប​មិន​ឱ្យ​លើស​ពី២០​ថ្ងៃ​ និង​ការ​ឧស្សាហ៍​ព្យា​យាម​ចុះ​មើល​ស្រែ​បោច​ស្មៅ​ជា​ប្រចាំ» ។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កសិករ​លោក សេង​ ស៊ុន​ហ៊ួត​ បាន​សំដែង​នូវ​ការ​កោត​សរ​សើរ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ព្យាយាម​របស់​កសិករ​ បន្ទាប់​ពី​ការ​ទទួល​យក​នូវ​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​ធ្វើ​ស្រែ​រហូត​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជា​ទី​ពេញ​ចិត្ត​ពេល​នេះ​ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ការ​វិវត្តន៍​មួយ​ជំហាន​ទៀត​របស់​​កសិករ​យើង​ក្នុង​ការ​បង្កើន​ផលិត​ភាព​ស្បៀង​ ។ ក្នុង​ឱកាស​នោះ​ លោក​ សេង​ ស៊ុន​ហ៊ួត​ បាន​រាយ​ការណ៍​​សង្ខេប​ពី​សភាព​ការណ៍​បង្ក​បង្កើន​ផល​ជូន​កសិករ​ចូល​រួម​ថា ពិនិត្យ​ជា​រួម​ក្នុង​ខេត្ត​ពោធិ៍​សាត់​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០១០​ អនុវត្ត​បាន​៧៥.៧០០​ហិកតា​ ស្មើ​នឹង​៧៧​ភាគ​រយ​នៃ​ផែន​ការ​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​៩៨.០០០​ហិកតា​ ដោយ​សារ​របាយ​ទឹក​ភ្លៀង​រដូវ​វស្សា​ឆ្នាំ​នេះ​មិន​ស្មើ​ល្អ​ និង​អូស​បន្លាយ​ពេល​វេលា​ធ្វើ​ឱ្យ​ការ​ងារ​បង្ក​បង្កើន​ផល​ជួប​ប្រទះ​ការ​លំបាក​មិន​ទាន់​រដូវ​កាល​ថែម​ទៀត​ផង​ ។ ស្ថិត​នៅ​ចំពោះ​មុខ​បញ្ហា​នេះ​ លោក​បាន​សំណូម​ពរ​ និង​ណែ​នាំ​ដល់​បង​ប្អូន​កសិករ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ពូជ​ជា​ការ​ចាំ​បាច់​ ព្រោះ​បើ​កសិករ​យើង​ប្រើ​ប្រាស់​ពូជ​ស្រូវ​ធ្ងន់​ ឬ​ស្រូវ​កណ្តាល​នោះ​ អាច​​ជួបប្រទះ​នូវ​​ហា​និភ័យ​នៅ​ចុង​រដូវ​ ។

ហេតុ​នេះ​បងប្អូន​ត្រូវ​តែ​ជ្រើស​រើស​ពូជ​តាម​ពេល​វេលា​ និង​រដូវ​កាល​ដើម្បី​ធ្វើ​ស្រែ​បាន​ផល​ស្រូវ​តាម​ការ​គ្រោង​ទុក​ ពិសេស​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ដូច​ជា​អ៊ី​អ៊ែរ​៦៦​ ពូជ​សែន​ពិដោរ ឬពូជ​ជល​សា សំរាប់​បង្ក​បង្កើន​ផល​នា​ពេល​នេះ​ចំពោះ​ផ្ទៃ​ដី​ដែល​មាន​លទ្ធ​ភាព​ធ្វើ​ស្រែ​បាន​ ដោយ​ឡែក​ផ្ទៃ​ដី​​ដែល​គ្មាន​សង្ឃឹម​ថា​ អាច​ធ្វើ​ស្រែ​បាន​ត្រូវ​បង្វែរ​ទៅដាំ​ដំណាំ​រួម​ផ្សំ​ដូច​ជា​ពោត សណ្តែក ដំឡូង​ជា​ដើម​ ។ ម៉្យាង​ទៀត​​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​មាន​គោល​បំណង​ចង់​ចង​ក្រង​កសិករ​ភូមិ​ស្វាយ​ជ្រុំ​នេះ ​ជា​កសិករ​គំរូ​ក្នុង​ការ​អនុវត្ត​ដំណាំ​ស្រូវ​តាម​គោល​ការណ៍​ធម្ម​ជាតិ​ (បវស) ដែល​ជា​បច្ចេក​ទេស​ថ្មី​ប្រើ​ប្រាស់​ពូជ​តិច​ទទួល​បាន​ទិន្ន​ផល​ខ្ពស់ និង​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​​កសិករ​​នៅទូទាំង​ប្រទេស​ ជា​ពិសេស​ដើម្បី​​ឱ្យ​​ការ​អនុវត្ត​ន៍​នេះ​ទទួល​បាន​ជោគ​ជ័យ​ទាម​ទារ​ការ​ចូល​រួម​ឯក​ភាព​គ្នា​របស់​កសិករ​ក្នុង​ការ​សន្សំ​ជី​ធម្ម​ជាតិ​ និង​ការ​កំណត់​ប្រើ​ប្រាស់​ពូជ​ឱ្យ​បាន​ច្បាស់​លាស់​ ។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​សេង​ ស៊ុន​ហ៊ួត​ បាន​នាំ​យក​អំណោយ​របស់​លោក​​បណ្ឌិត​ច័ន្ទ​ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ​ចែក​ជូន​កសិករ​ចំនួន​១៦​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​១​ គ្រាប់​ពូជ​ស្ពៃ​២​កំប៉ុង និង​គ្រាប់​ពូជ​ត្រកួន​០,៥គីឡូក្រាម​ ៕