ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះបានធ្វើសេចក្តីជូនដំណឹងឱ្យពលរដ្ឋនៅខេត្តក្រចេះ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពការរស់នៅត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់លើវិធានសុខាភិបាល ដើម្បីគេចពីជំងឺឆ្លងមេរោគកូវីដ១៩ ខណៈមានស្ត្រី២នាក់ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគកូវីដ១៩។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បង្ហាញ់ឲ្យឃើញថា បានរកឃើញអ្នកវិជ្ជមានកូវិដ-១៩ចំនួន២ករណីថែមទៀត លំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ស្ដ្រីទាំង២នាក់ខាងលើ ទី១-មានឈ្មោះង៉ុយ ស្រីក្កេត អាយុ២៣ឆ្នាំ និងទី២-ឈ្មោះ ខេង សុខន អាយុ១៩ឆ្នាំ អ្នកទាំងមានមុខរបរ ជាបុគ្គលិកឱសថស្ថានអរុណរស្មី, ផ្សាអូរឡាំពិក រាជធានីភ្នំពេញ និងមានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ក្រោយពីយកសំណាកទៅវិភាគរហ័ស ដោយមន្ទីរពេទ្របង្អែកស្នួល ស្រុកស្នួល កាលពីថ្ងៃ១៦ ឧសភា។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យអោយដឹងថា ឈ្មោះ ង៉ុយ ស្រីក្កេត និងឈ្មោះ ខេង សុខន បានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ សោម ចន្ថា មុខរបរអ្នកលក់ថ្នាំនៅឱសថស្ថានអរុណរស្មី ផ្សាអូរឡាំពិក រាជធានីភ្នំពេញ។ កាលពីរថ្ងៃ១២ ឧសភា ឆ្នាំ២០២១ អ្នកទាំង២ បានចេញដំណើរពីរាជធានីភ្នំពេញតាមរយន្តឈ្នួល មកកាន់ទីលំនៅដ្ឋាននូវភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ហើយនៅថ្ងៃ១៦ ឧសភា អ្នកទាំង២ មានរោគសញ្ញាឈឺក ក្អក និងស្អកក ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ររកកូវីដ-១៩ ជាលទ្ធផលអ្នកទាំងពីរខាងលើ គឺមានផ្ទុកកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកស្នួល ស្រុកស្នួល។
ទន្ទឹមនឹងអ្វីដែលជាការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នេះផងដែរ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ឬប្រយោលជាមួយនារីឈ្មោះ ង៉ុយ ស្រីក្កេត និងឈ្មោះ ខេង សុខន រួសរាន់មកជួបក្រុមគ្រូពេទ្រ និងធ្វើចត្តាឡីស័ក យកសំណាកទៅពិនិត្រ និងអ្នកប៉ះពាល់ដោយប្រយោល ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ដោយមិនប៉ះពាល់ ឬពាក់ពន្ធជាមួយនរណាជាដាច់ខាត។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩៕ ដោយ៖ ប៊ុន លីនណា
ចែករំលែកព័តមាននេះ