ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប ៣ប្រភេទផ្សេង​ទៀតគ្រោង​ដោះ​លែង​បន្ថែម​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ថ្មី​ៗ​នេះ គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដឹក​ជញ្ជូន​សត្វ​ស្លាប…

ខេត្តសៀមរាប ​៖ ថ្មី​ៗ​នេះ គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដឹក​ជញ្ជូន​សត្វ​ស្លាប ៣ ប្រភេទ​ផ្សេង​ទៀត សរុប​ចំនួន​១១​ក្បាល មក​កាន់​ព្រៃ​រមណីយដ្ឋាន​អង្គរ​ ។ សត្វ​ស្លាប​ទាំងនោះ​រួម​មាន សត្វ​ក្ងោក (Peafowl) ចំនួន​៥​ក្បាល សត្វ​កេងកង​ធំ (Great Hornbill) ចំនួន​៣​ក្បាល និង​សត្វ​ព្វាំ​ង (Wreathed Hornbill) ចំនួន​៣​ក្បាល ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វព្រៃ​នានា និង​ប្រជាពលរដ្ឋ យក​មក​ផ្សាំ​នៅ​ក្នុង​ព្រៃ​រមណីយដ្ឋាន​អង្គរ ដែល​ក្រុមការងារ​គម្រោង​នឹង​ធ្វើការ​ដោះ​លែង​សត្វ​ស្លាប​ទាំងនេះ​ចេញពី​ទ្រុង​ចូល​ទៅ​ក្នុង​ព្រៃ​នា​ពេល​ខាង​មុខ​ ។

កន្លង​មក​គម្រោង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ​លែង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ មាន​ដូច​ជា សត្វ​ទោច​មកុដ​(Pileated gibbon) ចំនួន​១១​ក្បាល​(​កើតកូន​បាន​ចំនួន​៤​ក្បាល​) សត្វ​ឈ្លូស​(Red muntjac) ចំនួន​៤​ក្បាល សត្វ​ស្វា​ព្រាម​(Silvered langurs) ចំនួន​១២​ក្បាល សត្វ​សំពោចក្រអូប​(Common palm civets) ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​(Smooth-coated otter) ចំនួន​៤​ក្បាល​(​កើតកូន​បាន​ចំនួន​២​ក្បាល​) សត្វ​ឆ្មារ​ដាវ​(Leopard Cat) ចំនួន​២​ក្បាល និង​សត្វ​កេងកង​តូច​(Oriental Pied Hornbill) ចំនួន​២​ក្បាល និង​សត្វ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ មក​ដល់​សព្វថ្ងៃ​សត្វ​ទាំង​អស់នេះ​នៅ​តែ​មាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជា​ប្រចាំ​ពី​ក្រុមការងារ​។

ដើម្បី​ឱ្យ​សត្វព្រៃ​ទាំងអស់​បន្ត​វត្ត​មាននៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែម​ទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់​គ្នា ជៀសវាង​ពេល​ប្រទះ​ឃើញ​មាន​បំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​ ៕ ប្រភព​៖ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន

អត្ថបទសរសេរ ដោយ