ខេត្តកំពង់ចាម៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះផ្សព្វផ្សាយ នៅតាមបណ្ដាភូមិនានា ដើម្បីឱ្យប្រជាពលរដ្ឋ យល់ដឹង និងអនុវត្តវិធានការការពារ។ ជាមួយនោះ អ្នកដែលមិនព្រមពាក់ម៉ាស់ នឹងត្រូវផាកពិន័យ ចំនួន ២០ម៉ឺនរៀល ដែលគ្រោងធ្វើឡើង នៅថ្ងៃចន្ទខាងមុខនេះ។
អ្នកស្រី ឃាង ស៊ីផាន ចៅសង្កាត់សំបូរមាស ប្រាប់ឲ្យដឹងថា ក្រោយទទួលបានការណែនាំពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អាជ្ញាធរសង្កាត់សំបូរមាស បានចុះផ្សព្វផ្សាយតាមរយៈការចាក់សារជាសំឡេងតាមមេក្រូ នៅតាមបណ្ដាភូមិនានា ក្នុងសង្កាត់សំបួរមាស ដោយបានធ្វើឡើង រៀងរាល់ថ្ងៃពីសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយអ្នកដែលមិនពាក់ម៉ាស់ នៅកន្លែងសាធារណៈ មានមនុស្សច្រើននោះ នឹងត្រូវផាកពិន័យ ២០ម៉ឺន ទៅ ១លានរៀល។
ចៅសង្កាត់សំបួរមាស មានប្រសាសន៍បន្តឲ្យដឹងទៀតថា មិនថាថ្ងៃ ឬយប់នោះទេ ដោយអ្នកស្រី បានដឹកនាំកម្លាំងសង្កាត់ សហការជាមួយនឹងនគរបាលមូលដ្ឋាន បន្តយុទ្ធនាការចុះផ្សព្វផ្សាយ មានរូបភាពផ្សេងៗ ពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឱ្យចូលរួមយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណា ពាក់ម៉ាស់ អោយបានគ្រប់គ្នា តាមការណែនាំរបស់អាជ្ញាធរខេត្ត។
កន្លងទៅ ផ្សារព្រែកដើមចាន់ ធ្លាប់អាជ្ញាធរ ចុះណែនាំដល់អាជីវករលក់ដូរ ចំនួន ៣លើករួចមកហើយ គឺតម្រូវឲ្យពាក់ម៉ាស់។ តែមានអ្នកខ្លះ លើកឡើងថា ពាក់ម៉ាសថប់ដង្ហើម ហើយមួយចំនួនទៀតថា មិនមានម៉ាស់។ កត្តានេះហើយ ដែលធ្វើឲ្យជំងឺកូវីដ វាយប្រហារឆ្លងពីម្នាក់ ទៅម្នាក់។
ជាមួយនោះ លោកចៅស្រីសង្កាត់ ក៏បានណែនាំប្រជាពលរដ្ឋ ឱ្យប្រើអាល់កុល ឬសាប៊ូលាងដៃ អោយបានញឹកញាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៤ ឧសភា កម្លាំងសង្កាត់ រួមជាមួយប៉ុស្តិ៍រដ្ឋបាល សំបូរមាស ចុះតាមភូមិបឹងស្នាយ រកាលើ និងចំការខ្ពប ដោយបានអប់រំប្រជាពលរដ្ឋឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ព្រមទាំងធ្វើលិខិតផ្តិតមេដៃទទួលស្គាល់ថា ពួកគាត់បានទទួលការអប់រំពីអាជ្ញាធរ ដើម្បីចៀសវាង នៅថ្ងៃចន្ទសប្តាហ៍ខាងមុខ ពេលដែលកម្លាំងសមត្ថកិច្ច ចុះផាកពិន័យ តាមដងផ្លូវ ត្រូវបានពួកគាត់ លើកឡើងថា អាជ្ញាធរសមត្ថកិច្ច មិនបានអប់រំ និងផ្សព្វផ្សាយ ឲ្យបានដឹងមុន។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ឱ្យដឹងថា ក្រោយពីទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុងកំពង់ចាម បានធ្វើការផ្សព្វផ្សាយ នៅតាមសង្កាត់ទាំង៤ នៅក្នុងក្រុងកំពង់ចាម ក្នុងនោះ រួមមាន សង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់វាលវង់ និងសង្កាត់សំបួរមាស ដោយបានចាក់សារជាសំឡេងពីការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ចំពោះអាជីវករលក់ដូរនៅតាមផ្សារបឹងកុក ផ្សារធំកំពង់ចាម ផ្សារសាមគ្គី ផ្សារ៧មករា ក៏បានផ្សព្វផ្សាយរួចហើយដែរ។ ដូច្នេះអ្នកដែលមិនពាក់ម៉ាស់ នឹងត្រូវប្រឈមការផាកពិន័យ ២០ម៉ឺនរៀល៕ ដោយ៖ ចាន់ ថេត
ចែករំលែកព័តមាននេះ