ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃ ទើបដោះស្រាយរួចនូវករណី​រាំងស្ទះ​ជីក​ប្រឡាយ​នាំទឹក នៅក្បែរអាងត្រពាំងថ្ម

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្តាយមានជ័យ៖ ដោយមានអន្តរាគមន៍ពីខុទ្ទកាល័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នៅថ្ងៃទី១២-១៤ខែឧសភា…

ខេត្តបន្តាយមានជ័យ៖ ដោយមានអន្តរាគមន៍ពីខុទ្ទកាល័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នៅថ្ងៃទី១២-១៤ខែឧសភា ឆ្នាំ២០២១ បានចុះទៅសម្របសម្រួលដោះស្រាយរួចហើយ នូវករណីរាំងស្ទះដល់​ការជីកប្រឡាយនាំទឹក នៅក្បែរអាងត្រពាំងថ្ម​។  

សូមរម្លឹកថា ការជីកប្រឡាយនាំទឹក ១ខ្សែនោះ ត្រូវបាន​កសិករ ១គ្រួសារ បានជំទាស់។ ក្រោយមក ក៏មានកសិករ ៤គ្រួសារទៀត ដែលមានដីស្រែនៅជាប់គ្នា ក៏បានចូលរួម​ជំទាស់នឹង​គម្រោង​ជីកប្រឡាយនាំទឹក សម្រាប់ធ្វើស្រែទាំងរដូវប្រាំង និង​ទាំងរដូវវស្សានេះ​។ ក៏ប៉ុន្តែនៅពេលនេះ មានការសម្របសម្រួល ដោះស្រាយរួចរាល់ហើយ​។

សូមបញ្ជាក់ថា ប្រជាកសិករចំនួន ៥៥គ្រួសារ មានផ្ទៃដី ៤៨០ហិចតា នៅក្នុង ៤ភូមិ នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១ បានស្នើសុំមេភូមិ មេឃុំ និងក្រុមប្រឹក្សាឃុំ ជួយរក​ដំណោះស្រាយលើករណី ដែលពួកគេ បានស្នើសុំ ២ចំណុច​៖ ទី១/ ជីកប្រឡាយនាំទឹក ឬប្រឡាយជើងក្អែប លើតម្រាយប្រឡាយចាស់សម័យយប៉ុលពត ពីកើតទៅលិច ប្របនឹងទំនប់អាង ប្រវែង៣.២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ (ប្រឡាយ និងខ្នង) បំបែកពីប្រឡាយមេនៃស្ពានទី១ ទៅប្រឡាយមេនៃស្ពានទី២ របស់អាងត្រពាំងថ្មនេះ។ ទី២/ ជីកប្រឡាយជើងក្អែបបំបែកពីប្រឡាយនេះ ភ្ជាប់ទៅប្រឡាយនាំទឹកនេះ ទៅភ្ជាប់ពីជើងទៅត្បូង ប្រវែង ១០០ម៉ែត្រទៀត។

ពលរដ្ឋជាកសិករបានសម្របសម្រួលនិងកសិករមានដីស្រែនៅដើមទី ដោយជីកប្រឡាយបានជិត៩០០ម៉ែត្រហើយ។ ប៉ុន្តែពេលជីកទៅដល់ដីស្រែរបស់គ្រួសារ ឈ្មោះ សាន មឿន ដែលរស់នៅភូមិជាមួយគ្នា ក៏បានរាំងស្ទះ។ ពួកគេបានលើកគ្នា​ស្នើសុំផ្ទាល់មាត់ផង និងក៏ធ្វើលិខិតស្នើសុំផង និងចូលរួមប្រជុំដោះស្រាយជាច្រើនលើក ទាំងនៅលើទីតាំងដីស្រែ ទាំងនៅ​សាលាឃុំ និងសាលាស្រុក។ ប៉ុន្តែមិនអាចដោះស្រាយបាន។ ពោលគឺ​ទោះបីសំណូមពរនេះ ទទួលបានការយកចិត្តទុកដាក់ ខ្នះខ្នែងពីថ្នាក់ភូមិ និងឃុំ ក៏ដោយ ក៏ត្រូវជាប់គាំងនៅត្រឹមរដ្ឋបាលថ្នាក់ស្រុកភ្នំស្រុក។ ក្នុងនោះ កសិករ ១គ្រួសារ ដែលមិនយល់ស្រប ដោយ​ដំបូង គាត់បានផ្តិតមេដៃលើលិខិតសន្យាមួយថា យល់ព្រមអោយជីកប្រឡាយប្រវែង ៣០០ម៉ែត្រ ទទឺង ៥ម៉ែត្រ កាត់ដីស្រែ ដូចដែលកសិករ មានដីស្រែនៅដើមទីដែរ។ លិខិតនោះ មានលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ធ្វើជាសាក្សីផងដែរ។

ប៉ុន្តែរឿងនេះ បានប្រែប្រួលបាតដៃជាខ្នងដៃ ពីត្រជាក់ទៅក្តៅ និងពីស្រាលស្រួលស្រាយ ទៅធ្ងន់ ស្មុគ្រស្មាញទៅវិញ។ ទន្ទឹមនោះ ក្រុមកសិករ ដែលស្នើសុំ ត្រូវរងគ្រោះមួយជាន់ទៀត ដោយសារភាគីកសិករ១គ្រួសារ និងលោកអភិបាលស្រុក បានគំរាមថា នឹងអោយសមត្ថកិច្ចចាប់ខ្លួនដាក់គុកច្រវ៉ាក់ ចំពោះពលរដ្ឋណា និងម្ចាស់ត្រាក់ទ័រចូកណា ដែលហ៊ានជីកប្រឡាយ និងធ្វើប៉ះបង្គោលតម្រុយលើដីស្រែខ្លួន។

ប៉ុន្តែនៅពេលបន្ទាប់ពីមានការលើកសំណូមពរ និងការផ្សព្វផ្សាយនានា ទើបឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានអោយលោកឧត្តមសេនីយ៍ ឡាយ គឹមលី នាយកខុទ្ទកាល័យ ពិនិត្យ និងបញ្ជូនមន្ត្រីក្រុមការងារ ចុះសម្របសម្រួលដោះស្រាយ។

ក្រុមការងារនោះ មានលោកឧត្តមសេនីយ៍ទោ រឺន រដ្ឋា បានចុះពិនិត្យ ស្រាវជ្រាវសម្របសម្រួល ២-៣ថ្ងៃ  ទើបអាចទម្លុះទម្លាយភាពទាល់ច្រក រកដំណោះស្រាយឈ្នះឈ្នះបាន។

ការអន្តរាគមន៍ ឈានដល់ការ​ដោះស្រាយ តាមនយោបាយ​ឈ្នះឈ្នះរបស់សម្តេចតេជោ លើការជីកប្រឡាយនាំទឹក សម្រាប់ធ្វើស្រែនេះ គឺប្រជាកសិករ បានស្រុះស្រួលគ្នា៖ ១/ ជីកប្រឡាយ​នាំទឹកពីកើតទៅលិច ប្របនឹងទំនប់អាងប្រវែង ៣.២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ (ប្រឡាយ និងខ្នង) បំបែកពីប្រឡាយមេនៃស្ពានទី១ ទៅប្រឡាយមេនៃស្ពានទី២ របស់អាងត្រពាំងថ្ម និងទី២/ ជីកប្រឡាយជើងក្អែប បំបែកពីប្រឡាយនេះ ភ្ជាប់ទៅប្រឡាយនាំទឹកនេះ ទៅភ្ជាប់ពីជើងទៅត្បូង ប្រ​វែង ១០០ម៉ែត្រទៀត ព្រមទាំងបានស្ថាបនាខ្នងប្រឡាយ សម្រាប់ប្រើជាផ្លូវដឹកជញ្ជូនកសិផល​ផងដែរ។

ប្រជាកសិករ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ  គឹម​យ៉ាន  និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងក្រុមការងារ ព្រមទាំងលោកមេឃុំ  និងក្រុមប្រឹក្សា ព្រមទាំងអ្នកពាក់ព័ន្ធ ដែលជួយរកបានដំណោះស្រាយនេះ។

ចំណែកលោក គិន សេងហួន កូនចិញ្ចឹមរបស់កសិករ ឈ្មោះ សាន មឿន ដែលបានបង្កការរាំងស្ទះដល់ដំណើរការ​ជីកប្រឡាយនោះ បានប្រាប់ថា ក្រោយពីមានការសម្របសម្រួល និងយល់ចិត្តគ្នា លោកឳពុកចិញ្ចឹមរបស់លោក បានយល់ព្រម និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអភិវឌ្ឍន៍ប្រឡាយសម្រាប់នាំទឹក មកស្រោចស្រពធ្វើស្រែ។

លោកបន្តថា លោកឳពុកចិញ្ចឹម បានព្រមបរិច្ចាគដីស្រែ ២កន្លែង ប្រវែង ៤០០ម៉ែត្រ សម្រាប់ចូលរួមជាមួយកសិករ ក្នុងភូមិ ជីក និងអភិវឌ្ឍន៍ប្រឡាយនាំទឹកនេះ។

 ចំណែកលោក ឃុត ឃុន  មេឃុំប៉ោយចារ បញ្ជាក់ថា ឥឡូវនេះ  សំណូមពររបស់បងប្អូនកសិករ ត្រូវបានទទួលការអន្តរាគមន៍​ដោះស្រាយបានជោគជ័យ។ ក្នុងនោះ លទ្ធផលនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់គ្រួសារកសិករ សាន មឿន និងកសិករ ៤គ្រួសារទៀតនោះដែរ ដែលបានងាកមកសហការនឹងអាជ្ញាធរ មានសមត្ថកិច្ច ដើម្បី​អភិវឌ្ឍប្រឡាយទឹក និងផ្លូវដឹកជញ្ជូន​កសិផល។

ក្នុងនាមអាជ្ញាធរភូមិឃុំ លោក ឃុត ឃុន ក៏សូមគោរពថ្លែ​ងអំណរគុណ និងសូម​ជូនពរ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាឡៃ ព្រមទាំងក្រុមការងារ ដែលបានអន្តរាគមន៍ ចុះដោះស្រាយសំណូមពរកសិករ ដែលសុំជីក​ប្រឡាយនាំទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារបស់អាជ្ញាធររមូលដ្ឋាននេះ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ