ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​បញ្ហា​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត វ៉ា​រ៉ឺ​ន សូឡី ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ជាមួយនឹង​ភាព​ជឿនលឿន​ជា​លំដាប់​នៃ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ក្នុង​ពេល​បច្ចុប្បន្ន បាន​ធ្វើ​អោយ​ការ​ព្យាបាល…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត វ៉ា​រ៉ឺ​ន សូឡី ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ជាមួយនឹង​ភាព​ជឿនលឿន​ជា​លំដាប់​នៃ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ក្នុង​ពេល​បច្ចុប្បន្ន បាន​ធ្វើ​អោយ​ការ​ព្យាបាល អោយ​ជា​សះស្បើយ និង​បង្កើន​គុណភាព​ជីវិត​អ្នកជំងឺ មាន​កំរិត​ខ្ពស់​។

ការ​ប្រើ​ឧបករណ៍ Gamma Probe សំរាប់​រាវរក​កូនកណ្តុរ​ដំបូង​របស់​ដុំ​មហារីក មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​កំណត់​ដំណាក់កាល​ជំងឺមហារីក ផ្តល់​ផែនការ​ព្យាបាល ព្រមទាំង​បង្កើន​គុណភាព​ជីវិត​អ្នកជំងឺ តាម​រយៈ​ការ​កាត់​បន្ថយ​ផលវិបាក​ក្រោយ​វះកាត់​។

១)- តើ​អ្វី​ទៅ​ជា​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក?
កូនកណ្ដុរ​ដំបូង​គេ​បង្អស់​ដែល​ទទួល​ច្រោះ​ទឹករងៃ ពី​តំបន់​ដែល​មាន​ដុំ​សាច់​មហារីក​។

២)- តើ​ត្រូវធ្វើ​ដូច​ម្ដេច​ទើប​អាច​កំណត់​ថា កូនកណ្តុរ​ដំបូង​មាន​កោសិកា​មហារីក​ឬទេ?
ជាបឋម គ្រូពេទ្យ​ត្រូវ​ចាក់​ថ្នាំ​នៅ​ជុំវិញ​ដុំ​មហារីក និង​ចាំ​មួយ​រយៈ​ដើម្បី​អោយ​ជាតិ​ថ្នាំ​ជ្រាប​ទៅ​ដល់​កូនកណ្តុរ​ដំបូង​។ បន្ទាប់​មក​ទៀត ឧបករណ៍ Gamma Probe រាវរក​កូនកណ្តុរ​ដំបូង ដើម្បី​ជំនួយ​ដល់​គ្រូពេទ្យ​វះកាត់​យក​កូនកណ្តុរ​ទាំងនោះ​ចេញ និង​វិភាគ​មើល​ភ្លាម​ៗ​ថា​តើ​មាន​កោសិកា​មហារីក​រាលដាល​ទៅ​ដល់​កូនកណ្តុរ​ទាំងនោះ​ឬទេ?​។

៣)- តើ​អ្វី​ជា​សារៈសំខាន់​នៃ​ការ​រក​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក?
ចំពោះ​ជំងឺមហារីក​នៅ​ដំណាក់កាល​ដំបូង​មួយ​ចំនួន ជា​ពិសេស​មហារីក​សុដន់ និង​មហារីក​ស្បែក (Melanoma) ការ​ព្យាបាល​ដោយ​វះកាត់ គឺជា​គន្លឹះ​ក្នុង​ការ​ទទួល​បានការ​ជា​សះស្បើយ​។ ការ​វះកាត់​ត្រូវធ្វើ​ឡើង​ដោយ​វះ​យក​ដុំ​មហារីក​ចេញ និង​វះ​យក​ប្រព័ន្ធ​កូនកណ្ដុរ​ដែល​ពាក់ព័ន្ធ​ចេញ ទាំងអស់​ដើម្បី​ធានា​អោយ​បាន​អា​ត្រា​ជា​សះស្បើយ​ខ្ពស់​។

ថ្វី​ត្បិត​តែ​ការ​វះ​យក​ប្រព័ន្ធ​កូនកណ្ដុរ​ដែល​ពាក់ព័ន្ធ​ចេញ​ទាំង​អស់នេះ​មាន​សារៈសំខាន់​មែន តែ​វា​អាច​បង្ក​ជា​ផលវិបាក​មួយ​ចំនួន​ដល់​អ្នកជំងឺ​ដូច​ជា ការ​ហើម​អ​វៈយៈ​ដោយ​ចាល់​ទឹករងៃ (lymphedema) ការ​ចុះ​ថយ​មុខងារ​អវៈយវៈ​ដែល​ហើម និង​ការ​ឈឺចាប់​។ ហេតុ​ដូចនេះ គ្រូពេទ្យ​ត្រូវ​កំណត់​អោយ​ដឹង​មុន​ថា តើ​មានការ​រាលដាល​កោសិកា​មហារីក​ដល់​កូនកណ្តុរ​នៅ​តំបន់​ដុំ​សាច់​មហារីក​ឬទេ ព្រោះ​ថាបើ​គ្មាន​ការ​រាលដាល​ទេ គ្រូពេទ្យ​អាច​រក្សា​ទុក​កូនកណ្ដុរ​ទាំងនោះ​បាន និង​អាច​បង្ការ​ផលវិបាក​ដែល​បាន​រៀបរាប់​ខាងលើ​។

លោក​វេជ្ជបណ្ឌិត វ៉ា​រ៉ឺ​ន សូឡី ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ជាមួយនឹង​ឧបករណ៍ Gamma Probe ថ្មី​នេះ ការ​ព្យាបាល​ជំងឺមហារីក​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​ជា​តម្រូវការ​ចាំបាច់ និង​ជា​បំណងប្រាថ្នា​របស់​ក្រុម​គ្រូពេទ្យ​ឯកទេស​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ