ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះគ្នាក្នុងពេលផឹកស៊ី ម្នាក់យកពូថៅ កាប់របួសដៃ អ្នករបួសដៃទាញកាំបិតកកុក កាប់វិញ…

5 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត  បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ដោយសារគូបដិបក្ខកាប់ជាច្រើនកាំបិត ខណៈឈ្លោះគ្នា ក្នុងពេលកំពុងផឹកស៊ី។ ករណីនេះ បានកើតឡើង…

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត  បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ដោយសារគូបដិបក្ខកាប់ជាច្រើនកាំបិត ខណៈឈ្លោះគ្នា ក្នុងពេលកំពុងផឹកស៊ី។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ និង ៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចព្រៃអណ្ដូង ស្ថិតក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ឈ្មោះ ហុន ទឿន ភេទប្រុស អាយុ ៣១ឆ្នាំ និងជនដៃដល់ឈ្មោះ អិត រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ នៅថ្ងៃកើតហេតុនោះ អ្នកទាំងពីរ បានផឹកស៊ីជាមួយគ្នា តាំងពីក្បាលល្ងាច រហូតដល់យប់ ហើយស្រវឹង ឈ្លោះប្រកែកគ្នាខ្លាំងៗ  ផ្អើលដល់អ្នកជិតខាង។​

មួយសន្ទុះក្រោយមក ស្រាប់តែឈ្មោះ ហុន ទឿន (អ្នកស្លាប់) យកពូថៅ កាប់ទៅលើឈ្មោះ អិត រ័ត្ន បណ្ដាលឲ្យរបួសដៃឆ្វេង ចំនួន ០២កន្លែង។ ភ្លាមៗនោះ អិត រ័ត្ន បានយកកាំបិតកកុក កាប់ទៅលើឈ្មោះ ហុន ទឿន វិញយ៉ាងចាស់ដៃ ចំថ្ងាស​ ផុងលលា ចំលើចិញ្ចើម ចំស្មាខាងឆ្វេង កញ្ចឹងក ខ្នង និងចង្កេះខាងឆ្វេង បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរបំផុត។ កាប់រួចហើយ អិត រ័ត្ន គេចខ្លួនបាត់។

រីឯ​ជនរងគ្រោះ បានត្រូវក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ប៉ុន្តែមិនទាន់បានព្យាបាលផង ក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។    

ដោយសារមានកិច្ចសហការល្អ នៅវេលាម៉ោង ០២រសៀល ថ្ងៃទី១១ ខែឧសភានោះ សមត្ថកិច្ច ក៏បាន ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អិត រ័ត្ន ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការ​បន្តតាមនីតិវិធី។

ចំណែកសពជនរងគ្រោះ  បានប្រគល់ជូនលោក តឺយ លោម អាយុ ៦១ឆ្នាំ ត្រូវជាឪពុក យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តបក្សីចាំក្រុង ហៅ វត្តបាក់ត្រា ស្ថិតក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕ សែម សុគន្ធ