ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តពោធិ៍សាត់ បិទ​៥​ទីតាំង ក្រោយ​ពី​ស្រ្តី​ផ្ទុក​កូ​វី​ដ​-១៩​ម្នាក់ ទៅ​សម្រាក​ព្យាបាល និង​ទៅ​ស្រោច​ទឹក

2 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ បាន​សម្រេច​បិទ​ទីតាំងចំនួន ០៥​កន្លែង បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ មក​ពី​ខេត្ត​បន្ទាយ​ជ័យ…

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ បាន​សម្រេច​បិទ​ទីតាំងចំនួន ០៥​កន្លែង បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ មក​ពី​ខេត្ត​បន្ទាយ​ជ័យ ។

បន្ទាប់​ពី​បាន​ដំណឹង​នេះ អាជ្ញាធរ​ខេត្តពោធិ៍សាត់ បាន​ចុះ​ការ​ស្រា​ជ្រាវ និង​សម្រេច​បិទ​បណ្តោះអាសន្ន នៅ​ទីតាំង​ចំនួន​០៥​កន្លែង​ភ្លាម​ៗ ក្រោយ​មានការ​ពាក់ព័ន្ធ ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ខាងលើ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​សហគមន៍ ។

ទីតាំង​ចំនួន ៥​កន្លែង ដែល​អាជ្ញាធរ​ខេត្តពោធិ៍សាត់​សម្រេច​បិទ រួម​មាន ៖
ទី​១- ពេទ្យ​យីហោ ពិនិត្យ និង​ព្យាបាល គ​ន្ធា ស្ថិត​នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ។
ទី​២- មន្ទីរ​សម្រាក​ព្យាបាល វឌ្ឍនៈ ពោធិ៍សាត់ ស្ថិត​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​អ្នកជំងឺ​បាន​សម្រាក​ព្យាបាល​រយៈពេល ២​យប់​) ។
ទី​៣- មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មុត សា​រុន ស្ថិត​ក្នុងភូមិ ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​អ្នកជំងឺ​បាន​វាស់​ឈាម​) ។
ទី​៤- ផ្ទះ ហួត ច​ន្ថា មាន​ទទួល​ខ្វៃ​ជ្រូក ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​អ្នកជំងឺ​បាន​ចូល​លេង​ក្រោយ​ចេញពី​ពេទ្យ​) ។
និង​ទី​៥- ហាង​ឈ្មោះ ប្រាក់ បូ​រី ណា​ហ្សា ស្ថិត​ក្នុងភូមិ​លាវ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​អ្នកជំងឺ​ទៅ​ស្រោច​ទឹក​) ។

អាជ្ញាធរ​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ សូម​រួសរាន់​មក​ជួប​ក្រុម​គ្រូពេទ្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ ។ ដោយឡែក អ្នក​ប៉ះពាល់​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន សូម​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២​ខែឧសភា ឆ្នាំ​២០២១ ស្ត្រី​ឈ្មោះ ណាំ អាយុ ៦២​ឆ្នាំ និង​គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ បាន​មក​កាន់​ខេត្តពោធិ៍សាត់ សម្រាក​នៅផ្ទះ​ប្រជាពលរដ្ឋ ឈ្មោះ ហួត ច​ន្ថា ភេទ​ប្រុស​ត្រូវជា​បង​បង្កើត ស្ថិត​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​ ។ ក្នុង​ការ​ស្នាក់​នៅ​នេះ ឈ្មោះ ណាំ បាន​ទៅ​មើល​ចំការ​នៅ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ពេល​នោះ មាន​អាកា​រៈ​មិន​ស្រួលខ្លួន ក៏​បាន​ចូល​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​គ​ន្វា​វាល​វែង ស្រុក​វាល​វែង ដើម្បី​ឲ្យ​គេ​ពិនិត្យ​ជំងឺ ​។

បន្ទាប់​មក បាន​ត្រឡប់​មក​កាន់​ទីរួមខេត្ត​ពោធិ៍សាត់​វិញ ហើយ​បាន​ចូល​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​លមុត សា​រុន ប៉ុន្តែ​មិន​បាន​ពិនិត្យ និង​ព្យា​ល​ជំងឺ​នៅ​ទីនោះ​នោះ​ទេ គឺ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​វឌ្ឍនៈ​ពោធិ៍សាត់ ដែល​នៅ​ជិត​គ្នា​នោះ ស្ថិត​ក្នុងភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ឈ្មោះ ណាំ និង​គ្រួ​សារបាន​វិល​ត្រឡប់​ទៅ​កាន់​ខេត្តបន្ទាយមានជ័យ​វិញ ហើយ​បាន​ទៅ​ពិនិត្យ​សុខភាព​ទើប​ដឹង​ថា វិជ្ជមាន​កូ​វី​ដ​១៩ តែ​ម្ដង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម រដ្ឋបាល​ខេត្ត បាន​ចាត់តាំង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត រដ្ឋបាល​សាលាស្រុក​វាល​វែង រដ្ឋបាល​សាលាក្រុង​ពោធិ៍សាត់ រួម​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​សម្រេច​បិទ​ទីតាំង​ខាងលើ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល​សំណាក ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។

លោក វេជ្ជបណ្ឌិត ច័ន្ទ សុខា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មានការ​ពាក់ព័ន្ធ​ដោយ​ប្រយោល ឬ​ដោយ​ផ្ទាល់​ក្តី សូម​អញ្ជើញ​មក​ពិនិត្យ សំណាក​នៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ផ្ទះ​អោយ​បាន​ទាន់​ពេលវេលា ជៀសវាង​ការ​ចម្លង​រីក​រាលដាល​នៅ​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍ ព្រមទាំង​អនុវត្ត ទៅ​តាម​វិធានការ ០៣​ការពារ ០៣​កុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច​។

លោក​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១១​ឧសភា នៅ​ខេត្តពោធិ៍សាត់ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប ៣៨​នាក់​។ ក្នុង​នោះ ជា​សះស្បើយ ០៤​នាក់ កំពុង​សម្រាក​ព្យាបាល ៣៤​នាក់ និង​មិន​ទាន់​មាន​អ្នក​ស្លាប់ នៅឡើយ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ