ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ម្នាក់​មានគំនិត​ច្នៃប្រឌិត ក្នុង​ការ​ចិញ្ចឹម​គោ​នៅ​លើ​ដីចម្កា​របស់​ខ្លួន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​សាងសង់​រោង​ចិញ្ចឹមសត្វ​គោ​ជាង​៦០​ក្បាល នៅ​លើ​ដីចម្ការ​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ដាំ​ស្មៅ​ផ្អែម​នៅ​ក្បែរ​រោង ទុក​សម្រាប់​ច្រូត​ឱ្យ​គោ​ស៊ី…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​សាងសង់​រោង​ចិញ្ចឹមសត្វ​គោ​ជាង​៦០​ក្បាល នៅ​លើ​ដីចម្ការ​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ដាំ​ស្មៅ​ផ្អែម​នៅ​ក្បែរ​រោង ទុក​សម្រាប់​ច្រូត​ឱ្យ​គោ​ស៊ី ឆាប់​ធំ​លឿន ងាយស្រួល​ក្នុង​ការ​លក់ដូរ​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ ឈ្មោះ ម៉េ​ង ភេទ​ប្រុស បាន​ចិញ្ចឹមសត្វ​គោ​ជាង​៦០​ក្បាល ខណៈ​កំពុង​ធ្វើ​រោង និង​ធ្វើ​ស្នូក​បន្ថែម​ទៀត សម្រាប់​ទុកដាក់​ស្មៅ​ឱ្យ​មេគោ និង​កូន​គោ​ស៊ី​ស្មៅ​ផង​ដែរ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មេការ​មើលថែ​សត្វ​គោ ឱ្យ​ថៅកែ​ខាងលើ បានឱ្យ​ដឹង​ថា ៖ ការ​ចិញ្ចឹមសត្វ​គោ​ទាំងនេះ គឺ​មាន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​មាន​ដាក់​ចំណី គឺ​ចំណិត​ដំឡូង​មី​ស្ងួត លាយ​ជាមួយនឹង​កន្ទក់​ឱ្យ​សត្វ​គោ​ស៊ី ឆាប់​ធំ​លឿន​ក៏​មាន​ដាក់​អំបិល​ទុក​សម្រាប់​ឱ្យ​សត្វ​គោ​ស៊ី​យូរ​ៗ​ម្តង ដើម្បី​កុំឱ្យ​រើស​ស្មៅ ឬ​ចំណីអាហារ ដូច​ជា​ចំបើង​ស្មៅ​ស្ងួត​ជាដើម​។ ប្រភព​បន្ត​ទៀត​ថា ក្រៅពី​នេះ​ថៅកែ​ក៏​បាន​ជួល​កម្មករ​មួយ​ចំនួន​ឱ្យ​ដើរ​ច្រូតស្មៅ​នៅ​តាម​ចម្ការពោត និង​ដំឡូង​មី​អ្នក​ភូមិ ដើម្បី​យក​មក​ដាក់​ឱ្យ​សត្វ​គោ​ស៊ី ហើយ​ថែម​ទាំង​ដាំ​ដើម​ស្មៅ​ផ្អែម​ក្បែរ​រោង​គោ ដែល​យក​មក​ពី​កន្លែង​ផ្សេង​ទុក​សម្រាប់​ច្រូត​ឱ្យ​គោ​ទាំងអស់​ស៊ី ព្រោះ​ជា​ស្មៅ​ដែល​មាន​ជីវជាតិ​ល្អ​។

សត្វ​គោ​ទាំងអស់​គឺជា​ពូជ​គោ​ល្អ ដែល​មាន​តម្លៃ​ខ្ពស់ គេ​អាច​លក់​១​ក្បាល​មិន​ក្រោម​៦​លាន​រៀល​នោះ​ឡើយ ហើយ​សាច់​វា​ក៏​មានឱជារស​ឆ្ងាញ់​ថែម​ទៀត ខុស​ពី​សាច់​គោ​ស្រែ​ធម្មតា ព្រោះ​គោ​នេះ​ជា​គោកូនកាត់​យក​មក​ពី​ប្រទេស​ក្រៅ​។ ប្រភព​បញ្ជាក់​ថា មិន​ត្រឹមតែ​បំប៉ន​ស្មៅ ប៉ុណ្ណោះ​ទេ កម្មករ​ទាំងអស់ ក៏​នាំ​គ្នា​មើលថែ​សត្វ​គោ ដើម្បី​កុំឱ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​កូន​គោ​តូច​ៗ និង​មេគោ​ផើម​ផង​ដែរ ព្រោះ​បើ​មានការ​ងាប់ ឬ​រលូត​សត្វ​គោ​នាំ​ឱ្យ​មានការ​ខាតបង់​ផង​ដែរ​។ ចំណែក​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖

សត្វ​គោ​ទាំងអស់​ខាងលើ ត្រូវ​បាន​ម្ចាស់​ទិញ​មក​ពី​ប្រទេស​ផ្សេង ព្រោះ​ជា​សត្វ​គោ ដែល​មាន​តម្លៃ​ខ្ពស់ មាន​មាឌធំ​ៗ ស្លឹកត្រចៀក​វែង ជា​សត្វ​គោកូនកាត់ មិន​ធ្លាប់​មាន​ពី​មុន​មក​។ លោក​បន្ត​ទៀត​ថា ចំពោះ​ការ​លក់ដូរ ក៏​មាន​តម្លៃ​ខុស​ពី​សត្វ​គោ​ស្រែ​យើង​ធម្មតា​ដែរ ពោល​គឺ​មាន​តម្លៃ​ខ្ពស់​ឆ្ងាយ​។ ចំណែក​ការ​ធ្វើ​ទ្រុង និង​រោង ខាង​ម្ចាស់​សត្វ​គោ​នេះ គឺ​គេ​មាន​បច្ចេកទេស​ខ្លួនឯង ដោយ​លោក​ក៏​បាន​ចូល​ទៅ​ណែនាំ​ឱ្យ​ម្ចាស់​គោ​ខាងលើ បើ​ថ្ងៃក្រោយ​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ អាច​ទាក់ទង​មក​មន្ត្រី​ជំនាញ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ព្យាបាល និង​ប្រាប់​ពី​របៀប​ថែ​សត្វ​គោ​ថែម​ទៀត​ផង​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ