ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់បានស្លា.ប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យខេត្តបន្ទាប់រថយន្តបុកពីក្រោយទាំងកំរោល កាលពីព្រលប់វេលាម៉ោងជិត៦និង១៥នាទីយប់ថ្ងៃទី១១ ឧសភា ស្ថិតនៅក្បាលស្ពានមេគង្គត្រើយខាងកើតភូមិបាចុង សង្កាត់ព្រះបាទ ក្រុស្ទឹងត្រែង។
បើតាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយឃើញបុរសវ័យចំណាស់ម្នាក់ជិះកងហាត់ប្រាណសំដៅឡើងស្ពានមេគង្គ ខណៈជិតដល់ក្បាលស្ពាន ក៏មានរថយន្តមួយគ្រឿងបើកពីក្រោយក្នុងល្បឿនលឿនទៅបុកបុរសរងគ្រោះពីក្រោយយ៉ាងកំរោលផ្ទប់និងក្បាលស្ពាន រួចផ្លោងធ្លាក់ជិតដល់ក្រោមស្ពាន បណ្តាលអោយបាក់ជើងនិងបែកក្បាលជាទម្ងន់។ ភ្លាមៗអ្នកដែលស្គាល់ជនរងគ្រោះបានទំនាក់ទំនងទៅកូនចៅ សាច់ញាតិ និងហៅរថយន្តសង្គ្រោះបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែ រ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកអោយដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ ហេង សុខណាក់ ភេទប្រុស អាយុ៣៥ មុខរបរ កសិករ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវាត់ ជាអ្នកបើកបររថយន្តម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ២A.៣៣២៣រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ នាក់ ខ្លឹម ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរកសិករ រស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ រងរបួសស្រាល ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ខេង ភេទប្រុសអាយុ៦៣ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត។
ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញបានចុះវាស់វែងកន្លែងកើតហេតុនិងធ្វើការសន្និដ្ឋានថា ឈ្មោះ ហេង សុខណាក់ បើកបររថយន្តល្មើសច្បាប់ក្នុងស្ថានភាពស្រវឹង ទៅបុកអ្នកជិះកង់ ឈ្មោះ គង់ ខេង ធ្វើដំណើរប្រប្រកាន់ស្តាំ ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច។ បច្ចុប្បន្នសពជនរងគ្រោះត្រូវសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
រីឯជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហើយរថយន្តនិងកង់ ដែលជាមធ្យោបាយក្នុងហេតុការណ៍ខាងលើ នគរបាលអូសទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំការដោះស្រាយជាក្រោយ ៕ ដោយ៖ រ៉ូ សាលី
ចែករំលែកព័តមាននេះ