ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ពោតក្រហម​កំពុង​តែ​លូច​លាត់​ល្អ​ត្រូវ​បំផ្លាញ​ខ្ទេច​ដោយសារ​ដង្កូវ​ហ្វូង​មក​ពី​ឥណ្ឌា

2 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ភូមិ​កូនភ្នំ និង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន «​សត្វ​ដង្កូវ​ហ្វូង​»…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ភូមិ​កូនភ្នំ និង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន «​សត្វ​ដង្កូវ​ហ្វូង​» ចូល​ស៊ី​បំផ្លាញ​ដំណាំ​ពោតក្រហម ដែល​ពួក​គាត់ ទើបតែ​ដាំ​ដុះ​បាន​រយៈពេល​ជិត​១​ខែ​ប៉ុណ្ណោះ​។ ព្រោះតែ​មិន​អាច​រក​វិធី​កំចាត់​បាន ដោយសារ​អ្នកខ្លះ​បាញ់​ថ្នាំពុល​កំចាត់​ដង្កូវ​២​ដង ខ្លះ​បាញ់ថ្នាំ​៣​ដង​ហើយ តែ​សត្វ​ដង្កូវ​ទាំងនោះ​នៅ​តែ​បន្ត​ចូល​ស៊ី​បំផ្លាញ​ដដែល ហើយ​មិនដឹង​ថា​ធ្វើ​យ៉ាងណា រហូត​មក​ដល់​ថ្ងៃ​ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ពួក​គាត់ បាន​ហៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ឱ្យ​ចុះ​ពិនិត្យ​មើល និង​ណែនាំ​ប្រាប់​ពី​របៀប​បាញ់ថ្នាំ​កំចាត់​សត្វ​ដង្កូវ ទាំងនេះ ។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ វ៉ា​ន់ ឃ​ន ភេទ​ប្រុស ដាំពោត​២​ហិ​កតា​, ឈ្មោះ ទូច សុទ្ធ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ដាំពោត​៣​ហិ​កតា​, ឈ្មោះ ប៊ុត ស្រី​អូន ភេទ​ស្រី ដាំពោត​១០​ហិ​កតា​, និង​ឈ្មោះ មុ​យ ហៀ​ង ដាំពោត​២​ហិ​កតា បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ក្រោយ​ពី​ពួក​គាត់​ដាំពោត​ក្រហម​នៅ​លើ​ដីចំការ​របស់​ខ្លួន​រួច ស្រប​ពេល​ដែល​ភ្លៀង​ធ្លាក់​ច្រើន​មេ ធ្វើ​ឱ្យ​ដំណាំ​នេះ​ដុះ​លូតលាស់​យ៉ាង​ល្អ ស្រាប់តែ​ពេល​ដំណាំ​ពោតក្រហម​កំពុង​តែ​មាន​ត្រួយ​ខៀវខ្ចី​ល្អ​នោះ បែរជា​មាន​សត្វ​ដង្កូវ​ចូល​ទៅ​ស៊ី​ស្លឹក និង​បណ្តូល ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

ប្រភព​បន្ត​ទៀត​ថា ពួក​គាត់​ក៏​បាន​ទិញ​ថ្នាំ​នៅ​ផ្សារ ដើម្បី​យក​ទៅ​កំចាត់​សត្វ​ដង្កូវ​ទាំងនោះ ដោយ​អ្នកខ្លះ​បាញ់​ស្រោច​ដំណាំ​ចំនួន​២​ទៅ​៣​ដង​មក​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ដង្កូវ​ទាំងនោះ​នៅ​តែ​បន្ត ស៊ី​បំផ្លាញ​ដំណាំ​ពោតក្រហម​ដដែល ពោល​គឺ​ទប់ទល់​មិន​ឈ្នះ​នោះ​ឡើយ ។ ហេតុនេះ​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មានការ​ភ័យ​ព្រួយ ទើប​ទាក់ទង​ហៅ​ខាង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​ចុះ​មក​ពិនិត្យ​មើល​ដំណាំ​ពោតក្រហម និង​ណែនាំ​ពី​របៀប​ថែទាំ ព្រមទាំង​ការ​បាញ់ថ្នាំ​កំចាត់​សត្វ​ដង្កូវ ចេញពី​ចំការ​របស់​ខ្លួន​តែ​ម្តង ។

ក្នុង​ការ​ចុះ​ពិនិត្យ​មើល​ដំណាំ​ពោតក្រហម​ដល់​ក្នុង​ចំការ​ប្រជាពលរដ្ឋ​នេះ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ណែនាំ​ប្រជាពលរដ្ឋ​ខាងលើ​ឱ្យ​ដឹង​ថា ដង្កូវ​ដែល​ចូល​ស៊ី​ដំណាំ​ពោត គឺជា​ប្រភេទ​សត្វ​ដង្កូវ​ហ្វូង​ថ្មី ទើបតែ​ឆ្លង​មក​ពី​ប្រទេស​ឥណ្ឌា តាម​រយៈ​សត្វ​មេអំបៅ ហើយ​ជា​ប្រភេទ​សត្វ​ដង្កូវ ដែល​លំបាក​ក្នុង​ការ​កំចាត់​ចេញពី​ដំណាំ​ពោតក្រហម​ណាស់ ព្រោះថា ដង្កូវ​ទាំងនេះ ភាគច្រើន​ពួន​សម្ងំ​នៅ​ក្នុង​បណ្តូល​ដើម​ពោត ហើយ​ពេល​ខ្លះ​ពួក​វា​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​ដី លុះដល់​ពេល​យប់ ទើប​ចេញ​មក​ស៊ី​ដំណាំ​ពោត​តែ​ម្តង ។ ដូច្នេះ វិធានការ​កំចាត់ គឺ​យើង​សំគាល់​ទៅ​លើ​ដើម​ពោត ដែល​ឃើញ​សត្វ​ដង្កូវ​ស៊ី​បំផ្លាញ ហើយ​ពេល​ណា​ឃើញ​សត្វ​មេអំបៅ​ទាំងនេះ ហើរ​ចូល​ក្នុង​ចំការ កសិករ​ត្រូវ​តែ​ប្រើ​អន្ទាក់​ភ្លើង ដើម្បី​ចាប់​មេអំបៅ​ឱ្យ​ផុត​ពី​ចំការ​របស់​ខ្លួន ។

លោក​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត នៅ​ពេល​ឃើញ​សត្វ​ដង្កូវ​កំពុងស៊ី​បំផ្លាញ​ដំណាំ​ពោតក្រហម​ហើយ យើង​ក៏​ត្រូវ​ប្រើ​ថ្នាំពុល ប្រភេទ​ជ្រាប​ចូល​ដើម​ពោត ដោយពេល​យើង​បាញ់ថ្នាំ​រួច គឺ​ថ្នាំពុល​នោះ​នឹង​ជ្រាប​ចូល​ក្នុង​ដើម​ពោត លុះ​សត្វ​ដង្កូវ​ចេញ​មក​ស៊ី បណ្តាល​ឱ្យ​ពុល​ងា​.​ប់​តែ​ម្តង ។ តែបើ​កសិករ​ជ្រើសរើស​ថ្នាំ​មិន​ត្រូវ​នឹង​ប្រភេទ​ដង្កូវ​ទាំងនេះ​ទេ គឺ​មិន​ងាយ​ក្នុង​ការ​កំចាត់​ពួក​វា​ឡើយ ។

លោក​បញ្ជាក់​ថា ការ​ប្រើ​ថ្នាំ​បាញ់​ស​ម្លា​.​ប់​សត្វ​ដង្កូវ ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​ធ្វើ​នៅ​ពេល​រសៀល​ចាប់ពី​ម៉ោង​៤ ឬ​៥​ល្ងាច ជា​ពិសេស​ជិត​យប់ ។ លោក​ក៏​សំណូមពរ​ដល់​កសិករ ត្រូវ​ចុះ​ពិនិត្យ​មើល​ដំណាំ​ចំការពោត​ជា​ប្រចាំ និង​ត្រូវ​បាញ់ថ្នាំ​កំចាត់​សត្វល្អិត ឬ​ដង្កូវ​ឱ្យ​បាន​ទាន់​ពេលវេលា ។ ក្នុង​ការ​ប្រើប្រាស់​ថ្នាំ បើសិនជា​មិន​ច្បាស់លាស់ អាច​ទាក់ទង​សួរនាំ​ទៅ​ខាង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ថែម​ទៀត ។ ជា​ចុង​ក្រោយ​លោក ក៏​បានឱ្យ​មន្ត្រី​ជំនាញ ផ្តល់​ថ្នាំពុល​កំចាត់​សត្វ​ដង្កូវ​ហ្វូង ដល់​ប្រជា​កសិករ​ទាំងអស់​ខាងលើ យក​ទៅ​ប្រើ ដើម្បី​បាញ់​កំចាត់​ដង្កូវ​នៅ​ក្នុង​ចំការ​របស់​ខ្លួន​ផង​ដែរ ៕