រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់នូវវិបត្តិនៃជំងឺកូវីដ១៩នៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ថវិកាជាបន្តបន្ទាប់មកដល់កម្ពុជា ជាក់ស្ដែងចាប់តាំងពីកម្ពុជាបានជួបវិបត្តិនៃជំងឺនេះតាំងពី២០២០កន្លងមក អូស្ត្រាលី បានផ្ដល់ជំនួយជាថវិកាដល់កម្ពុជាប្រមាន៧១លាន៥សែនដុល្លារអាមេរិក ដើម្បីពង្រឹងភាពធន់និងការឆ្លើយតបរបស់កម្ពុជាចំពោះកូវីដ ១៩ ។
កាលពីសប្តាហ៍មុននេះ អូស្ត្រាលីបានចុះកិច្ចព្រម ព្រៀងមួយជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីផ្ដល់ថវិកា៤ លានដុល្លារអូស្ត្រាលីបន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា ។
យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឱ្យដឹងថា ថវិកាដែលផ្ដល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននឹងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។
គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មូលនិធិនេះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន ២៩០ លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៦៩៣.០០០ គ្រួសារនៅកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។
អូស្ត្រាលី និង UNDP បានផ្ដល់ការគាំទ្រដល់កម្មវិធីដ៏មានសារៈសំខាន់មួយនេះ របស់រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើលទ្ធកម្មឧបករណ៍ ថាប្លេតចំនួន១៧០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការកំណត់អត្ត សញ្ញាណប្រជាពលរដ្ឋ រាប់សែនគ្រួសារដែលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគេអាចទទួលបានការឧបត្ថម្ភគាំទ្រនានា។ មូលនិធិនេះក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការ បង្កើតគំរូសម្រាប់ព្យាករណ៍ និងវិភាគលើផលប៉ះពាល់នៃកូវីដ-១៩ ដើម្បីផ្ដល់ជាព័ត៌មាន សម្រាប់ការដាក់ចេញនូវកញ្ចប់ថវិកាសង្គ្រោះ សម្រាប់ជួយដល់អ្នកដែលងាយរង គ្រោះជាងគេ។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា កូវីដ-១៩ នាំមកនូវបញ្ហាប្រ ឈមបន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូច ជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាដៃគូ និងមិត្តភ័ក្ត្រយូរអង្វែងរបស់ប្រទេសនេះ យើងចង់ធ្វើអ្វីដែល អាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។ តាមរយៈការសហការជាមួយនឹង UNDP យើងក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុង ការ ត្រៀមស្ដារសេដ្ឋ កិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកលនេះ ។
លោកបន្ត ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថាន ភាពដែលពួកគេជួបប្រទះ ក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ៕
ចែករំលែកព័តមាននេះ