ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ម្នាក់​ចិញ្ចឹម​មាន់​ស្រែ ដោយ​ប្រើ​បច្ចេកទេស​ថ្មី ចំណាយ​ដើមទុន​តិច ទទួល​បាន​ផល​ច្រើន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ចាប់​យក​មុខ​របរ​ចិញ្ចឹម​មាន់​ស្រែ​បន្ថែម​ទៀត ក្រៅពី​ធ្វើ​ចំការ នៅ​លើ​ដី​របស់​ខ្លួន ជាប់​នឹង​ផ្លូវជាតិ​

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ចាប់​យក​មុខ​របរ​ចិញ្ចឹម​មាន់​ស្រែ​បន្ថែម​ទៀត ក្រៅពី​ធ្វើ​ចំការ នៅ​លើ​ដី​របស់​ខ្លួន ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ប្រើ​ដើមទុន​ទិញ​ចំណី​អស់​តិច បូក​រួម​ជាមួយនឹង​បច្ចេកទេស​ផលិត​ចំណី​ធម្មជាតិ ។ តែ​ពេល​ប្រមូល​ផល​លក់​បាន​ថវិកា​ច្រើន សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​រូបគេ ក៏​នឹង​ពង្រីក​ទ្រុង​បន្ថែ​ម​ទៀត ដើម្បី​ចិញ្ចឹមសត្វ​មាន់​កាន់តែ​ច្រើន អាច​ចាប់​លក់ បាន​ប្រាក់​ចំណូល​ខ្ពស់​ឡើង ។

បើ​តាម​ការ​រៀបរាប់​ពី​​បុរសជាកសិករមួយរូប​ខាងលើ​ឈ្មោះ ផា​ន់ រក្សា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ​នេះ ថា រហូត​មក​ដល់​ពេល​នេះ ​គាត់​​ចិញ្ចឹមសត្វ​មាន់​ស្រែ ប្រភេទ​មាន់​ស្គួយ សាច់​ណែន ជើង​លឿង បាន​រយ​:​ពេល​ជិត​១​ឆ្នាំ​មក​ហើយ ដោយ​ចាប់​លក់​បាន​រយ​:​ពេល​៣​ដង​មក​ហើយ​ដែរ ។

បុរសជាអ្នកចិញ្ចឹមមាន់​ខាងលើ​បាន​​បន្ត​​ថា លោក​បាន​ប្រើ​ចំណី​ជា​របៀប​ធម្មជាតិ ដោយ​មាន​ពោតក្រហម កិន​លាយ​ជាមួយ​ដើម​ស្មៅ ដែល​ការ​លាយ​ផ្សំ​នេះ មាន​តម្លៃ​ថោក​បំផុត ១​គីឡូក្រាម អស់​ត្រឹមតែ​៤០០​ទៅ​៥០០​រៀល ប៉ុណ្ណោះ រីឯ​ចំណី​ទិញ​នៅ​ទីផ្សារ ក្នុង​១​គីឡូក្រាម ត្រូវ​ចំណាយ​អស់​២០០០​ទៅ​២៥០០​រៀល​ឯណោះ ។ រហូត​មក​ដល់​ពេល​នេះ មាន់​ជិត​១០០០​ក្បាល ស៊ី​ចំណី​ដែល​លាយ​ខ្លួនឯង ក្នុង​១​ថ្ងៃ អស់​ត្រឹមតែ​ប្រហែល​៣​ដុល្លារ​បុ​ណ្ណោះ ។ ដូច្នេះ ក្នុង​១​ខែ រូបគេ​ចំណាយ​អស់​ថវិកា​ត្រឹមតែ​ជាង​១​លាន​រៀល ។ ចាប់​តាំ​ប​ពី​ចិញ្ចឹម​រហូត​ដល់​ចាប់​មាន់​ស្រែ​លក់ ចំណាយ​អស់​ថវិកា​ជាង​៣០០​ដុល្លារ (​ក្នុង​រយ​:​ពេល​ជាង​៣​ខែ​) លុះ​នៅ​ពេល​ប្រមូល​ផល​មក​វិញ គឺ​បាន​ប្រាក់​ច្រើន ដោយ​មាន់​១​ក្បាល​លក់​បាន​តម្លៃ​ចាប់ពី​១៥០០០ ទៅ​១៨០០០​រៀលឯណោះ ។

​បុរសជាអ្នក​ចិញ្ចឹមមាន់​បាន​​បញ្ជាក់​ថា កាលពី​ចិញ្ចឹម​លើក​ដំបូង គឺ​ប្រឈម​នឹង​ការ​ងាប់​ខូចខាត​អស់​ជា​ច្រើន ខណ​:​មាន់​ឈឺ​ដោយ​ជំងឺ​ផ្តាសាយ អត់​ចេះ​របៀប​ថែទាំ បណ្តាល​ឱ្យ​ងាប់​តែ​ម្តង ។ តែ​ក្រោយមក​ក៏​សួរនាំ​មិត្តភក្តិ និង​ទិញ​ថ្នាំ​វ៉ាក់សាំង​យក​មក​ចាក់​ខ្លួនឯង និង​ចាក់​វ៉ាក់សាំង​សម្រាប់​កូន​មាន់ ទើប​រហូត​មក​ដល់​ពេល​នេះ មាន់​របស់​ខ្លួន​មិនសូវ​មាន​បញ្ហា​ប្រឈម​នឹង​ងាប់​នោះ​ទេ ។ ពេល​នេះ បើ​សរុប​ទាំង​កូន​និង​មេ​គឺ​ជាង​១០០០​ក្បាល ហើយ​ក៏​មិន​ទាន់ មាន​ខាង​មន្ទីរ​កសិកម្ម​ចុះ​មក​ពិនិត្យ​មើល​នោះ​ដែរ គឺ​ប្រើ​ចំណេះដឹង​ផ្ទាល់​ខ្លួនឯង ដោយ​រៀន​តាម​ហ្វេ​ស​ប៊ុ​ក​ជាដើម ។

លោក​ក៏​សូម​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​ទៅ​បង្រៀន​ពី​របៀប​ថែទាំ និង​បច្ចេកទេស​ចិញ្ចឹម ព្រមទាំង​ជួយ​រក​ទីផ្សារ​លក់ដូរ​ផង​ដែរ ហើយ​ការ​លក់ដូរ​បច្ចុប្បន្ន គឺ​នៅ​ក្នុង​ផ្សារ​ប៉ៃលិន មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក ស៊ុ​យ មន អនុប្រធាន​ការិយាល័យ​បសុសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​នឹង​ទាក់ទង​ឱ្យ​កសិករ​ខាងលើ​នេះ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី​របៀប​ថែទាំ សត្វ​មាន់​ចិញ្ចឹម​របស់​ខ្លួន ហើយ​ក៏​នឹង​ពន្យល់​ណែនាំ​ពី​របៀប​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​ចាក់ កូន​មាន់ ដើម្បី​ការពារ​កុំឱ្យ​មាន​ជំងឺ និង​ប្រាប់​ពី​របៀប​ប្រើ​ចំណី​ធម្មជាតិ ដែល​ដាក់​ឱ្យ​មាន់​ស៊ី​ឆាប់​ធំ​ងា​យ​ស្រួល​ក្នុង​ការ​លក់ដូរ ។ លើស​ពី​នេះ កសិករ ក៏​ត្រូវ​រៀបចំ ទ្រុងមាន់​ឱ្យ​បាន​ស្អាត​ល្អ មិន​ត្រូវ​ដាក់កន្លែង​ចង្អៀត​ពេក ជា​ពិសេស​សត្វ​មាន់​ធំ​ៗ ត្រូវ​ឱ្យ​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ល្មម ដែល​ផ្ទុយ​ពី​កូន​មាន់ គឺ​ត្រូវ​ឱ្យ​នៅ​កន្លែង​មានកំ​ដៅ​ខ្ពស់​ជាង ហើយ​បើ​កសិករ​ខាងលើ​មាន​បញ្ហា​គឺ​ប្រញាប់​ទាក់ទង ទៅ​ខាង​លោក​នឹង​ចុះ​ពិនិត្យ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ