ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប GPS Beidou​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប GPS Beidou ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប GPS Beidou ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់ ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ Beidou GPS សម្រាប់​បំពាក់​លើ​យានយន្ត និង​នាវា ដើម្បី​ចូលរួម​ធានា​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន ។ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) និង​គណៈប្រតិភូ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ ដោយ​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។

ថ្លែង​ទៅ​កាន់​អង្គប្រជុំ​នា​លោក​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​សម្រេច​បាន​ជោគជ័យ ក្នុង​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្កាយ​រណប Beiduo GPS នៅ​ទូ​ទាំង​ពិភពលោក និង​បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែល​ត្រៀម​បើក​ការិយាល័យ តំណាង​របស់​ខ្លួន​ប្រចាំ​កម្ពុជា ដើម្បី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប GPS នេះ​នៅ​ក្នុង​តំបន់​អាស៊ាន ចូលរួម​ក្នុង​ការ​ធានា​សុវត្ថិភាព ការ​ដឹក​ជញ្ជូន ទាំង​ផ្លូវគោក និង​ផ្លូវទឹក ។

លោក​បញ្ជាក់​ថា​៖«​ក្រសួង​សាធារណការ​កម្ពុជា​ត្រៀមលក្ខណៈ​ជា​ស្រេច​ក្នុង​ការ​សហការ​លើ​ការ ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប GPS Beidou នៅ​កម្ពុជា​ជា​ប្រយោជន៍ ដល់​ការ​ដឹក​ជញ្ជូន ហើយ​ក៏​គ្រោង​នឹង​លើកយក​ប្រធានបទ​នេះ ទៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​បូក​កូរ៉េ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​បូក​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​បូក​ជប៉ុន ដែល​កម្ពុជា គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​លើ​ទឹកដី​អង្គរ​ដោយ​ផ្ទាល់ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​មាន​ភាព​ធូរស្រាល ឬ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​»​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ទេស​រដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ជំរុញ​ការ​បំពាក់ BeiDou GPS ៥៥០​គ្រឿង​ដែល​បាន​គ្រោងទុក​នោះ ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ក្រសួង​អាច​យក​ជា បទ​ពិសោធន៍ និង​មាន​មូលដ្ឋាន ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​នៅ​កម្ពុជា ព្រមទាំង អាច​ប្រើប្រាស់ ដើម្បី​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​នា​ចុងឆ្នាំ​២០២១​ខាង​មុខ​នេះ ។ លោក​បាន​សម្តែង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ ប្រទេស​ជិតខាង​ក្នុង​តំ បន់​អាស៊ាន​ទាំងអស់​នឹង ចាប់អារម្មណ៍ ឈាន​ទៅ​ប្រើ​ប្រព័ន្ធ GPS នេះ​ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា ប្រព័ន្ធ Beidou GPS មាន​សារ​ប្រយោជន៍​អាច​ចូលរួម​ចំណែក​ក្នុង​ការ ស្វែងរក​ដំណោះស្រាយ​លើ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ការ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត កំណត់​ដោយ​ច្បាប់ ការ​បើកបរ​ហួស​ល្បឿន កំណត់​ដោយ​ច្បាប់ និង​ការ​តាម ដាន​យានយន្ត​មិន​ចូល​ទៅ​ក្នុង ស្ថានីយ​ថ្លឹង​ទម្ងន់​ជាដើម ។ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ខ្ពស់​នៃ​ប្រព័ន្ធ BeiDou GPS នឹង​ផ្តល់​ដង្ហើម​ជីវិត​ថ្មី​ទៅ​ក្នុង​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា សម​ស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​ផង​ដែរ ។

គួរ​រំលឹក​ផង​ដែរ​ថា​៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់ ស្តី​ពី​ការ​ជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យា​ចាប់​រលក​សញ្ញា​ពី​ចម្ងាយ (Remote Sensing) និង​ប្រព័ន្ធ​ផែនទី​ផ្លូវថ្នល់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ