ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ស្នូល​៥ចំណុច​សម្រាប់​អ្នក​ចង់​កសាង​ជីវិត​គ្រួសារ

2 ឆ្នាំ មុន

ព្រះ​មហា ស៊ឹ​ម សានិ​ត ជា​អ្នកឯកទេស​ខាង​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​លើក​ជា​ទស្សនៈ​ខ្លះ​ៗ​ទាក់ទង​ទៅ​នឹង​ការ​កសាង​ជីវិត​គ្រួសារ​ដែល​មាន​ខ្លឹមសារ​ថា មុន​នឹង​ចង់​រៀប​ការ​គូស្រករ បង្កើត​គ្រួសារ​មួយ​ឱ្យ​មាន​ពន្លឺសុភមង្គល អ្នក​គួរ​គប្បី​សាកល្បង​អាន​នូវ​សំ​ណេ​រ​របស់​ព្រះ​អង្គ​ដូច​ខាងក្រោម​ ។ ​បើ​បុរស​-​ស្ត្រី​ណា​ចង់​ក្លាយ​ខ្លួន​ជា​ស្វាមី ភរិយា​ល្អ​នៅ​ក្នុង​សង្គម​សព្វថ្ងៃ…

ព្រះ​មហា ស៊ឹ​ម សានិ​ត ជា​អ្នកឯកទេស​ខាង​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​លើក​ជា​ទស្សនៈ​ខ្លះ​ៗ​ទាក់ទង​ទៅ​នឹង​ការ​កសាង​ជីវិត​គ្រួសារ​ដែល​មាន​ខ្លឹមសារ​ថា មុន​នឹង​ចង់​រៀប​ការ​គូស្រករ បង្កើត​គ្រួសារ​មួយ​ឱ្យ​មាន​ពន្លឺសុភមង្គល អ្នក​គួរ​គប្បី​សាកល្បង​អាន​នូវ​សំ​ណេ​រ​របស់​ព្រះ​អង្គ​ដូច​ខាងក្រោម​ ។

​បើ​បុរស​-​ស្ត្រី​ណា​ចង់​ក្លាយ​ខ្លួន​ជា​ស្វាមី ភរិយា​ល្អ​នៅ​ក្នុង​សង្គម​សព្វថ្ងៃ បុរស ស្ត្រី​គួរ​អនុវត្ត​ធ្វើ​ឱ្យ​សម្រេច​នូវ​ទិស​ដៅ៥​ចំណុច​នេះ​គឺៈ

១- បុរស​-​ស្ត្រី នោះ ត្រូវ​ខំ​អភិវឌ្ឍ ចំណេះដឹង ជំនាញ​ការងារ ទំនាក់ទំនង​ល្អ និង​ព្យាយាម​ស្វែងរក​ចំណេះដឹង និង​រៀនសូត្រ​នូវ​អ្វី​ៗ​ដែល​ស្រប​តាម​និស្ស័យ ឬ​អធ្យាស្រ័យ​របស់​ខ្លួន និង​ឱ្យ​ស្រប​តាម​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង​សាសនា​របស់​ខ្លួន ។

២- បុរស​-​ស្ត្រី ត្រូវ​រៀន​ស្វែង​យល់​ពី​គ្នា​ឱ្យ​បាន​ស៊ីជម្រៅ ថ្លឹងថ្លែង​ឱ្យ​បាន​ហ្មត់ចត់​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ចាប់ដៃ​គ្នា​ជា​គូគ្រង​មួយ​ជីវិត ចេះ​ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា មិន​រង់​ចាំតែ​ចាប់កំហុស ឬ​មើលបំណាំ​គ្នា មិន​ក្បត់គ្នា មាន​តម្លាភាព​រវាង​គ្នា​និង​គ្នា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មិន​ចេះ​ខ្លាច​គ្នា ប៉ុន្តែ​គោរព​កោតក្រែង​គ្នា (​សមធម៌​—​សមភាព​យែ​ន​ឌែ​រ​) មិន​ធ្វើ​ជា​ដៃគូ​ក្នុង​អំពើ​អបាយមុខ ឬ​បាបធម៌​ផ្សេង​ៗ មានចិត្ត​គំនិត អធ្យាស្រ័យ​ផ្សេង​គ្នា ប៉ុន្តែ​តែងតែ​ពិភាក្សា​គ្នា​ហ្មត់​ចត់​មុន​សម្រេចចិត្ត​ធ្វើ​កិច្ចការ​អ្វីមួយ សង្គ្រោះ​ញាតិ​ដោយ​សមធម៌​—​ធ្វើ​ល្អ​ចំពោះ​ក្រុម​ញាតិ ឬ​គ្រួសារ​ទាំង​សងខាង​ដោយ​មិន​លម្អៀង មិន​ពូកែ​ប្រចណ្ឌ និង​មិន​ពូកែ​ប្រព្រឹត្ត​ទ​ង្វើ​ដែល​អាច​បង្ក​ឱ្យ​មានការ​ប្រចណ្ឌ វៀរចាក​ការ​ដើរ​លេង​យប់​នាកាល​ពុំគួរ ។ បើ​អាច​ចៀសវាង​បាន គួរ​កុំ​សេពសុរា និង​គ្រឿង​ស្រវឹង​ផ្សេង​ៗ ត្រូវ​សម្រេចចិត្ត ធ្វើ​អ្វី​ៗ​មួយ​ព្រម​ៗ​គ្នា មិន​ច្រណែន​គ្នា​ក្នុង​ការ​បំពេញ​សកម្មភាព​ការងារ​ប្រចាំ ប៉ុន្តែ​បុរស​ភាគី​គួរ​ធ្វើ​ជា​អ្នក​ឈានមុខ​ស្ត្រី​ក្នុង​ការ​អនុវត្ត​នូវ​រាល់​សកម្មភាព​នានា​សម្រាប់​ជីវិត ។

៣- បើ​អាច​ធ្វើ​បាន ត្រូវ​ប្រតិបត្តិ និង​ប្រកាន់ខ្ជាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នូវ ក​- សតិសម្បជញ្ញៈ​-​ត្រូវ​មាន​សតិ​ស្មារតី ឬ​ផ្ចង់ស្មារតី និង​មានការ​ដឹងខ្លួន​ជា​និច្ច​—​មិន​បណ្តោយ​ឱ្យ​បាត់បង់​សតិ​ស្មារតី និង​មិន​ភ្លេចខ្លួន ។ ខ​- ជា​មនុស្ស​មាន​សច្ចៈ ឥត​ក្លែងក្លាយ ច្បាស់លាស់ ហ្មត់ចត់ ប្រតិបត្តិ​នូវ​ខន្តី​ធម៌ (​សេចក្តី​អត់ធន់​) ជា​បុគ្គល​ដែល​រក្សា​នូវ​កាយ​-​វាចា​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ស្ងៀមស្ងាត់ និង​ធ្វើ​ជា​មនុស្ស​មិន​រមឹលគុណ ជា​មនុស្ស​ដែល​ចេះ​បែងចែក​ឱ្យ​បាន​ស្រឡះ​រវាង​គុណ និង​ទោស (​ខុស ត្រូវ ស និង​ខ្មៅ ជាដើម​) ។ គ​- ហិរិឱត្តប្បៈ​-​ធ្វើ​ជា​មនុស្ស​ត្រូវ​មានការ​ចេះ​ខ្មាស​អៀន​ចំពោះ​អំពើអាក្រក់ និង​ខ្លាច​ចំពោះ​ការ​ប្រព្រឹត្ត​អំពើអាក្រក់ ធ្វើ​អ្វី​សព្វ​យ៉ាង​ប្រកបដោយ​សតិសម្បជញ្ញៈ មនសិការ មិន​ក្បត់ឧត្តមគតិ​ខ្លួន មាន​គោលការណ៍​ច្បាស់លាស់ មាន​ទស្សនវិស័យ​វែង​ឆ្ងាយ និង​ច្បាស់លាស់ ។ ឃ​- អប្បមាទ​ធម៌ និង​បញ្ញាញាណ​-​ជា​មនុស្ស​ដែល​មាន​សតិសម្បជញ្ញៈ​មិន​ធ្វេសប្រហែស ឬ​ធ្វេស​សា្មរ​តី និង​រស់នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ប្រកបដោយ​បញ្ញា​—​ដោយ​ភាព​ឈ្លាសវៃ រហ័សរហួន ចេះ​បត់បែន​គ្រប់​កាលៈទេស ប៉ុន្តែ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ ហ្មត់ចត់ មិន​ទម្រន់ មិន​ដេក​ផ្សំ​ដួល​រមួល​ផ្សំ​គ្រេច​ជា​មនុស្ស​មានគំនិត​ជ្រៅ ចិត្តធ្ងន់ ប្រកបដោយ​ភាព​ស្មោះត្រង់ និង​ច្បាស់លាស់ ។ ង​- ប្រតិបត្តិ​នូវ​ព្រហ្ម​វិហារធម៌​៤​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា និង​ទិដ្ឋធម្មិក​ត្ថ​ធម៌​៤​ប្រការ​គឺ ឧដ្ឋានសម្បទា​១, អារក្ខ​សម្បទា​១, សមជីវិតា​១, និង​កល្យាណមិត្ត​តា​១ ។ មិន​មើលងាយ​សមត្ថភាព និង​ជីវិត​របស់​ខ្លួនឯង និង​ជីវិត​របស់​អ្នក​ដទៃ ។

៤- ព្យាយាម សង្វាត ឱហាត ឱ្យ​អស់​សមត្ថភាព ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​ល្អ​ប្រសើរ រឹង​មាំ អាច​ទទួល​បាន​នូវ​សុខភាព សុវត្ថិភាព សន្តិសុខ ស្ថិរភាព និង ស្ថិត​ក្នុង​ទស្សនវិស័យ​វែង​ឆ្ងាយ ព្រមទាំង​គោរព​ច្បាប់ទម្លាប់​សង្គម​ណា​ដែល​សម​ស្រប មាន​ប្រយោជន៍ និង ស្រប​តាម​កាល​វិវត្តន៍ ត្រូវ​ចេះ​យោគយល់​ត្រង់​ចំណុច​ដែល​គួរ​យោគយល់ និង​ត្រូវ​ដឹង​ថា ចំណុច​ណា​គួរ​យោគយល់ និង​ចំណុច​ណា​មិន​គួរ​យោគយល់ ប៉ុន្តែ​មិន​ត្រូវ​អត់ឱន​ឱ្យ​អំពើអាក្រក់​ជា​ដាច់​ខាន​ខណៈ​ពិចារណា ថ្លឹងថ្លែង ហ្មត់ចត់ ច្បាស់លាស់ ដោយ​ផ្អែក​លើ​ទស្សនវិស័យ​វែង​ឆ្ងាយ សតិសម្បជញ្ញៈ និង​បញ្ញាញាណ ។

៥- ត្រូវ​រៀន​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ និង​ញឹកញាប់ ប្រចាំ​ថ្ងៃ និង​គ្រប់ពេលវេលា​ថា មនុស្ស​កើតមក​មាន​វាសនា​ផ្សេង​ៗ​គ្នា ការ​កសាង​បុណ្យ​បាប​ផ្សេង​គ្នា ចិត្តគំនិត និង​ការ​ប្រព្រឹត្ត​ផ្សេង​គ្នា លទ្ធផល​ផ្សេង​គ្នា ការ​សេពគប់​ផ្សេង​គ្នា និង​ប្រកាន់​ទស្សនៈ​ថា ទ​ង្វើ​ល្អ​ប្រកបដោយ​ចិត្ត​បុណ្យ​ពិតប្រាកដ​រួម​ផ្សំ​ជាមួយ​សតិសម្បជញ្ញៈ ឬ​អប្បមាទ​ធម៌ និង​បញ្ញាញាណ តែង​មិន​សាបសូន្យ ធ្វើ​ជា​មនុស្ស បើ​អាច​ធ្វើ​បាន​ត្រូវ​ប្រតិបត្តិ​នូវ​សុចរិតធម៌​-​កុសល​កម្មបថ​១០ និង​សប្បុរិសធម៌​៧​ប្រការ និង​អរិយធន​-​អរិយទ្រព្យ​៧​ប្រការ ឱ្យ​បានជា​ប្រចាំ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ព្រមទាំង​ព្យាយាម​ដាក់​ផែនការ​អភិវឌ្ឍ​ខ្លួន ជាប់​ជា​និច្ច និង​យ៉ាង​សកម្ម ។ លើស​ពី​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង រៀនសូត្រ ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ និង​ស្វែង​យល់​នូវ​ចំណេះដឹង វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​ក្នុង​ជីវិត និង​សង្គម​មាន​ដូច​ជា វិទ្យាសាស្ត្រ​នយោបាយ សង្គម​សាស្ត្រ សេដ្ឋសាស្ត្រ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​កសិកម្ម ទំនាក់ទំនង​សង្គម និង​វិស័យ​ការទូត វិទ្យាសាស្ត្រ វប្បធម៌ សាសនា អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី និង គំនិត​អប់រំ​ផ្សេង​ៗ ព្រមទាំង ត្រូវ​ឆ្លៀតពេល​សិក្សា​រៀនសូត្រ​បន្ថែម​នូវ​សិល្បសាស្ត្រ​នានា​ដែល​ចាំបាច់​សម្រាប់​ការ​ចិញ្ចឹមជីវិត ។ ការ​អាន​សៀវភៅ ឬអ្វី​មួយ​ដែល​មាន​ប្រយោជន៍ ជា​កត្តា​ជួយ​ឱ្យ​យើង​កាន់តែ​មាន​សេចក្តីសុខ​នៅ​ក្នុង​ជីវិត ។

នៅ​ទីបំផុត​នៃ​សំ​ណេ​រ សូម​ជូនពរ​ឱ្យ​គ្រប់​គូ​ស្វាមី ភរិយា គ្រប់​ក្រុម​គ្រួសារ និង​បុរស ស្ត្រី​ក្នុង​លោក ដែល​បាន​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន និង ជាប់​មិន​ដាច់​ជា​និច្ច នូវ​គំនិត​មួយ​ចំនួន​ខាងលើ បាន​ជួប​ប្រសព្វ​តែ​ពុទ្ធ​ពរ​៤​ប្រការ អាយុ វណ្ណៈ សុខៈ និង​ពលៈ និង​សូម​ឱ្យ​មាន​សុវត្ថិភាព សន្តិសុខ សិរី​សួស្តី សុភមង្គល វិបុល​សុខ ភាព​ស្តុកស្តម្ភ គ្រប់​ក្រុម​គ្រួសារ ព្រមទាំង​សូម​ឱ្យ​រួច​ផុត​ពី​សំណាញ់ ឬ​អន្ទាក់​នៃ​ឧបទ្រពចង្រៃ កាឡកិណ្ណី ភយន្តរាយ និង​ពៀរ​វេរា​សព្វបែបយ៉ាង​នៅ​ក្នុង​លោក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ