ខេត្តសៀមរាប ៖ ដើម្បីសម្ដែងនូវការអរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជួរមុខខេត្តសៀមរាប ក្នុងសកម្មភាពទប់ស្កាត់ ការពារ និងព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយស្មារតីទទួលខុសត្រូវខ្ពស់នោះ លោកជំទាវ ទាង អេង ទៀសីហា ភរិយាលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំធ្វើម្ហូបអាហារសម្រាប់ជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងការលើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខពីចម្ងាយ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកជំទាវ ទាង អេង ទៀសីហា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ លោកជំទាវបានសរសេរយ៉ាងដូច្នេះ ៖ នាងខ្ញុំសូមផ្ញើចិត្តនឹករលឹក និងការផ្តល់កម្លាំងចិត្តពីចម្ងាយ ថ្ងៃនេះខ្ញុំបានធ្វើម្ហូបខ្លះ ដើម្បីជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ នេះជាទឹកចិត្តបន្តិចបន្តួច មិនមានអ្វីធំដុំអីទេ ខ្ញុំគ្រាន់តែសង្ឃឹមថាអាចបង្ហាញពីអារម្មណ៍របស់នាងខ្ញុំ ទោះបីជាយើងនៅផ្ទះមិនអាចចេញទៅដោយផ្ទាល់ ប៉ុន្តែយើងក៏អាចធ្វើអ្វីឲ្យមានន័យ ឬក៏អាចនិយាយបានថា សុំលើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខពីចម្ងាយផង។
លោកជំទាវ សរសេរបញ្ជាក់ទៀតថា អរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជួរមុខ ក៏ដូចជាលោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ខ្ញុំដឹងថាអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះអ្នកទាំងអស់គ្នាមិនបានសម្រាក ឲ្យបានពេញកម្លាំង និងមិនមានពេលវេលាគ្រប់គ្រាន់នៅក្បែរជាមួយក្រុមគ្រួសារដូចមុនទេ តែទោះបីជាយ៉ាងក៏ដោយនាងខ្ញុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាសូមកោតសរសើរ និងជាមួយមោទនភាព ដែលមានក្រុមគ្រូពេទ្យ ក្លាហាន ហ៊ានចេញមកប្រយុទ្ធប្រឆាំង និងជួយសង្គ្រោះមើលថែព្យាបាលដល់អ្នកដែលឆ្លងជំងឺកូវីដ-១៩ នេះ។
ជាការឆ្លើយតបលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប តាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកកាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញដែរនោះ លោកសូមថ្លែងអំណរគុណ ដោយការដឹងគុណ ចំពោះការចូលរួម របស់លោកជំទាវ ជាមួយក្រុមការងារជួរមុខ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងខេត្តសៀមរាប។
ជាមួយនឹងសកម្មភាពរបស់ក្រុមគ្រូពេទ្យជួរមុខនេះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់បានបង្ហាញនូវអារម្មណ៍របស់ខ្លួនតាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកផ្ទាល់យ៉ាងដូច្នេះថា មន្ត្រីខ្ញុំ កងកម្លាំងខ្ញុំ គ្រូពេទ្យខ្ញុំ ហត់នឿយណាស់ តាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ។ សូមចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងជាការលើកទឹកចិត្តដល់កងកម្លាំង ក្រុមការងារសុខាភិបាល៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ