ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរក្រសួងម​ត្រៀមខ្លួន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ២០២២ ឱ្យ​បាន​ជោគជ័យ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាទី​ព្រឹកថ្ងៃ​ទី​ ១០ ខែឧសភា ឆ្នាំ​២០២១ នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ…

រាជធានីភ្នំពេញ ៖ នាទី​ព្រឹកថ្ងៃ​ទី​ ១០ ខែឧសភា ឆ្នាំ​២០២១ នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ចូល​រូ​ម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ របស់​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​ ២០២២ ដឹកនាំ​ដោយ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២ នេះ​ ។

កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​របៀបវារៈ​ចំនួន​៤ រួម​មាន ៖ ១) មូលបទ និង​អាទិភាព​សម្រាប់​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ២)​ការ​ត្រៀម​រៀបចំ​នូវ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២២ ៣) ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​អនុ​គណៈកម្មការ​នីមួយ​ៗ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង ៤) បញ្ហា​ផ្សេង​ៗ ដែល​ធ្វើ​ឡើង​ដើម្បី​កម្ពុជា​ត្រៀមខ្លួន​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​ ២០២២​ ។

ជា​ការ​ចូលរួម ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ឋានៈ​ជា​អនុប្រធាន​នៃ​គណៈកម្មការ​ជាតិ​នេះ បាន​លើក​ឡើង​ពី​ការ​ត្រៀមខ្លួន​របស់​ក្រសួងពាណិជ្ជកម្ម ពិសេស​ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​កិច្ចការ​ក្រោម​សរសរ​ស្តម្ភ​សេដ្ឋកិច្ច​របស់​អាស៊ាន ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ថា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​នឹង​កំពុង​ព​ន្លឿ​ន​នីតិវិធី​ក្នុងស្រុក​សម្រាប់​ឈាន​ទៅ​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​សមាជិក រួម​មាន កិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០២០ កន្លង​ទៅ ​។

ក្រៅពី​នេះ ក្រសួង​ក៏​បាន​នឹង​កំពុង​ជំរុញ​នីតិវិធី​សេសសល់ នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង ដើម្បី​ឈាន​ទៅ​រក​ការ​ចុះហត្ថលេខា​ឱ្យ​បាន​កាន់តែ​ឆាប់ មុន​នឹង​សម្រេច​បើក​ការ​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត (​រួម​មាន​ជប៉ុន ឥណ្ឌា​…) នៅ​ពេល​ការ​សិក្សា​បាន​បញ្ចប់​ ។ ក្រសួង​ក៏​បាន​នឹង​កំពុង​បង្កើត​ក្រុមការងារ​ថ្នាក់​ក្រសួង ដើម្បី​ត្រៀម​រៀបចំ​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ជូន​ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្រាប់​ដាក់​ជា​ចំណុច​អាទិភាព និង​គំនិត​ផ្តួចផ្តើម​នានា​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ ។

ជា​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទទួលយក​អនុសាសន៍​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ដែល​ជា​ប្រធាន​អង្គប្រជុំ និង​បាន​ប្តេជ្ញា​ថា​ នឹង​សហការ​តាម​គ្រប់​ម​ធ្យា​បាយ និង​ក្នុង​គ្រប់​កាលៈទេសៈ ដើម្បី​ធានា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​ ២០២២ ៕

អត្ថបទសរសេរ ដោយ