ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជាវ តា​យ ថា ការបង្កើត​ក្រុង​បូកគោ ជា​រឿង​ល្អប្រសើរ សម្រាប់​ខេត្តកំពត ទៅ​ថ្ងៃ​ខាងមុខ​

5 ខែ មុន
  • កំពត

ខេត្តកំពត​៖ រាជរដ្ឋាភិបាល បានសម្រេច​កាត់​យក​ឃុំ​បី​របស់​ស្រុក​ទឹកឈូ ដើម្បី​បង្កើត​ក្រុង​បូកគោ​ហើយ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខនេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ថ្មី​នេះ នឹងត្រូវ​ធ្វើឡើង…

ខេត្តកំពត​៖ រាជរដ្ឋាភិបាល បានសម្រេច​កាត់​យក​ឃុំ​បី​របស់​ស្រុក​ទឹកឈូ ដើម្បី​បង្កើត​ក្រុង​បូកគោ​ហើយ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខនេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ថ្មី​នេះ នឹងត្រូវ​ធ្វើឡើង លើក​ទី​១​។ អភិបាល​ខេត្តកំពត យល់ឃើញថា ការបង្កើត​ក្រុង​ថ្មី​នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អភិបាលកិច្ច​ល្អ​ផង និង​ជួយ​ប​ន្លឿ​ន​ការអភិវឌ្ឍន៍​ខេត្ត​ផង​។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ និង​ជា​អង្គ​បោះឆ្នោត​ឃុំ​ចំនួន​៣ ក្នុងស្រុក​ទឹកឈូ ដែល​នឹងត្រូវ​កាត់ចេញ ដើម្បី​បង្កើត​ក្រុង​បូកគោ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ លោក ជាវ តា​យ​អភិបាល​ខេត្តកំពត បាន​លើកឡើងថា ខេត្តកំពត មាន​ចំណុច​គួរ​ល្អ ដែល​គួរ​ឲ្យ​មាន​មោទនភាព​ច្រើនណាស់ ដូចជា ស្របពេល ដែល​រាជធានី និង​បណ្តា​ខេត្ត​ផ្សេងៗ កំពុងមាន​ពលរដ្ឋ​កើត​ជំងឺ​កូ​វីដ​១៩ ច្រើន ខេត្តកំពត បច្ចុប្បន្ន មានតែ ៦​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល ហើយ​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជាច្រើន បាន​រងគ្រោះ ដោយ​ព្យុះភ្លៀង និង​ខ្យល់​កន្ត្រាក់​រលំ ខូចខាត​ដំណាំ ផ្ទះសំបែង តែ​កំពត អត់​មាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ​។ ជាងនេះទៅទៀត ថ្មីៗ​នេះ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​ឲ្យ​ខេត្តកំពត បង្កើត​ក្រុង​បូកគោ​មួយ​ថ្មី​បន្ថែមទៀត ដែល​ការបង្កើត​ក្រុង​បន្ថែម​នេះ អាចជួយ​ធ្វើ​ឲ្យ​ខេត្តកំពត កាន់​តែមាន​ភាពល្អប្រសើ​រលើ​ការងារ​អភិបាលកិច្ច​ល្អ​របស់ខ្លួន​ថែម​ទៀតផង​។

​លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថា ឃុំ​បី​នៃ​ស្រុក​ទឹកឈូ មាន​ឃុំ​ព្រែក​ត្នោត ឃុំ​កោះ​តូច និង​ឃុំ​បឹង​​ទូក ដែល​ត្រូវ​កាត់​មក​បង្កើតជា​ក្រុង​បូកគោ​នេះ មាន​សក្តានុពល​ខ្លាំង លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន មាន​អ្នកវិនិយោគ​ជាច្រើន គ្រោង​អភិវឌ្ឍន៍​ក្រុមហ៊ុន​វិនិយោគ​ខ្លួន នៅ​តំបន់​នេះ​ផងដែរ​។

​លោក​ក៏បាន​បញ្ជាក់ថា ការបង្កើត​ក្រុង​ថ្មី​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​បង្កើន​ប្រសិទ្ធិ​​ភាព​ការងារ​​អភិបាលកិច្ច​ល្អ​ផង និង​ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​នៅក្នុង​ខេត្តកំពត​ផង ពិសេស​តំបន់​ក្នុង​ក្រុង​បូកគោ​នោះ​តែម្តង ហើយ​ប្រជាជន នឹងមាន​ជីវភាព​កាន់តែ​ធូរធា​ផងដែរ​។​

​ដំណើរ​ចុះសួរសុខទុក្ខ​របស់លោក​អភិបាល​ខេត្តកំពត នាពេលនេះ គឺ​ដើម្បី​ពង្រឹងស្មារតី​ឆន្ទៈ​អង្គ​បោះឆ្នោត ឲ្យ​មានការ​ត្រៀមលក្ខណៈ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៅ​ថ្ងៃទី​២៥ ខែកក្កដា​ខាងមុខនេះ ឲ្យ​មាន​ប្រសិទ្ធភាព​និង​មាន​ភាពរលូន ស្របតាម​ច្បាប់​ស្ដីពី​ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​​បាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជា​ស្របតាម​លិខិតបទដ្ឋាន និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​ផងដែរ​៕ ប្រាក់ សារិទ្ធ​