ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើត​ក្រុង​បូកគោ​ជា​រឿង​ល្អ​ប្រសើរ​ណាស់​សម្រាប់​​ខេត្តកំពត​ទៅ​ថ្ងៃ​ខាង​​មុខ

5 ខែ មុន
  • កំពត

ខេត្តកំពត ​៖ រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​យក​ឃុំ​បី​របស់​ស្រុក​ទឹកឈូ ដើម្បី​បង្កើតក្រុង​បូកគោ ហើយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ថ្មី​នឹង​ត្រូវធ្វើ​ឡើង​លើក​ទី​១ អភិបាលខេត្ត​កំពត​យល់​ឃើញ​ថា​ ការ​បង្កើត​ក្រុង​ថ្មីនេះ…

ខេត្តកំពត ​៖ រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​យក​ឃុំ​បី​របស់​ស្រុក​ទឹកឈូ ដើម្បី​បង្កើតក្រុង​បូកគោ ហើយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ការ​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ថ្មី​នឹង​ត្រូវធ្វើ​ឡើង​លើក​ទី​១ អភិបាលខេត្ត​កំពត​យល់​ឃើញ​ថា​ ការ​បង្កើត​ក្រុង​ថ្មីនេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អភិបាលកិច្ច​ល្អ​ផង និង​ជួយ​ប​ន្លឿ​ន​ការ​អភិវឌ្ឍន៍​ខេត្ត​ផង​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​និង​ជា​អង្គ​បោះ​ឆ្នោត​ឃុំ​ចំនួន​៣ ក្នុងស្រុក​ទឹកឈូ​ដែល​នឹង​ត្រូវ​កាត់​ចេញ​ដើម្បី​បង្កើត​ក្រុង​បូកគោ នៅ​ថ្ងៃ​ទី៧ ឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា​៖ ខេត្តកំពត​មាន​ចំណុច​ល្អ​ដែល​គួរ​ឲ្យ​មាន​មោទនភាព​ច្រើន​ណាស់​ដូចជា​៖ ស្រប​ពេល​ដែល​រាជធានី និង​បណ្តា​ខេត្ត​ផ្សេង​ៗ កំពុង​មាន​ពលរដ្ឋ​កើត​ជំងឺ​កូ​វី​ដ​១៩​ច្រើន ខេត្តកំពត​បច្ចុប្បន្ន​មាន​តែ​៦​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល , ហើយ​យប់​ថ្ងៃ​ទី​៦​ខែឧសភា​ឆ្នាំ ២០២១​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​ព្យុះ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​រលំ ខូចខាត​ដំណាំ ផ្ទះសំបែង តែ​កំពត​អត់​មាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ​។

​ជាង​នេះ​ទៅ​ទៀត ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ឲ្យ​ខេត្តកំពត បង្កើត​ក្រុង​បូកគោ​មួយ​ថ្មី​បន្ថែម​ទៀត ដែល​ការ​បង្កើត​ក្រុង​បន្ថែម​នេះ អាច​ជួយ​ធ្វើ​ឲ្យ​ខេត្តកំពត​កាន់តែ​មាន​ភាពល្អ​ប្រសើរ​លើ​ការងារ​អភិបាលកិច្ច​ល្អ​របស់​ខ្លួន​ថែម​ទៀត​ផង​។ លោក​អភិបាលខេត្ត​បាន​បន្ថែម​ទៀត​ថា​៖ ឃុំ​បី​នៃ​ស្រុក​ទឹកឈូ មាន​ឃុំ​ព្រែក​ត្នោត ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ដែល​ត្រូវ​កាត់​មក​បង្កើត​ជា​ក្រុង​បូកគោ​នេះ មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេដ្ឋកិច្ច​ដែល​បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​ជា​ច្រើន គ្រោង​និង​អភិវឌ្ឍន៍​ក្រុមហ៊ុន​វិនិយោគ​ខ្លួន​នៅ​តំបន់​នេះ​ផង​ដែរ​។ លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ការ​បង្កើត​ក្រុង​ថ្មី​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​អភិបាលកិច្ច​ល្អ​ផង និង​ជួយ​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្តកំពត​ផង ពិសេស​តំបន់​ក្នុង​ក្រុង​បូកគោ​នោះ​តែ​ម្តង ហើយ​ប្រជាជន​នឹង​មាន​ជីវភាព​កាន់តែ​ធូរធារ​ជាង​មុន​ផង​ដែរ​។

ដំណើរ​ចុះ​សួរសុខទុក្ខ​របស់​ឯកឧត្តម​អភិបាល​ខេត្តកំពត​នា​ពេល​នេះ​គឺ​៖​ដើម្បី​ពង្រឹងស្មារតី​ឆន្ទៈ​អង្គ​បោះឆ្នោត ឲ្យ​មានការ​ត្រៀម លក្ខណៈ ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​ខាង​មុខ​នេះ​ ឲ្យ​មាន​ប្រសិទ្ធភាព​និង​មាន​ភាព​រលូន ស្រប​តាម​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​រចនាសម្ព័ន្ធ និងប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏​ដូច​ជា​ស្រប​តាម​លិខិត​បទដ្ឋាន និង​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​ផង​ដែរ​៕ ដោយ៖ ប្រាក់ សា​រិ​ទ្ធ