ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ជ្រូក​របស់​កសិករ​កម្ពុជា​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ ខណៈ​ក្រុមហ៊ុន​ធំ​ៗ​ក៏​មាន​បញ្ហា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ របរ​ចិញ្ចឹម​ជ្រូក​របស់​ប្រជា​កសិករ​កម្ពុជា ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​ខ្នាត​តូច​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​ទៅ​ហើយ ដោយសារ​មាន​កត្តា​មួយ​ចំនួន​ជំរុញ​ឱ្យ​ប្រជា​កសិករ​កម្ពុជា​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​នេះ​ចោល

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ របរ​ចិញ្ចឹម​ជ្រូក​របស់​ប្រជា​កសិករ​កម្ពុជា ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​ខ្នាត​តូច​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​ទៅ​ហើយ ដោយសារ​មាន​កត្តា​មួយ​ចំនួន​ជំរុញ​ឱ្យ​ប្រជា​កសិករ​កម្ពុជា​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​នេះ​ចោល ហើយ​មក​ចាប់​យក​អាជីព​ថ្មី ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ប្រធាន​ស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​ស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ចិញ្ចឹម​ជ្រូក​របស់​ប្រជា​កសិករ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​។ បញ្ហា​ចម្បង​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក ជា​ពិសេស​កសិករ គឺ​ជំងឺ និង​ការ​នាំ​ចូល​ជ្រូក​គ្មាន​ប្រភព​ច្បាស់លាស់​បណ្តាល​ឱ្យ​មានការ​ចម្លងជំងឺ​ទៅ​ជ្រូក​ក្នុងស្រុក ព្រមទាំង​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ចុះ​ទៀត​ផង​» ។

លោក​បន្ត​ថា ៖ «​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា ជា​មធ្យម​មាន​ចំនួន​១.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ដែល​ជា​បរិមាណ​នាំ​ចូល​មានច្បាប់ និង​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ។ បើ​គិត​ពី​បរិមាណ​នាំ​ចូល​គ្មាន​ច្បាប់ និង​គេចពន្ធ​ពី​ឈ្មួញ​ខិលខូច សរុប​មិន​ក្រោម​ពី​២.០០០​ក្បាល​នោះ​ទេ ។ ហើយ​ការ​នាំ​ចូល​ជ្រូក​គេចពន្ធ និង​មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ជ្រូក​ក្នុងស្រុក​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​ទៀត​ផង​» ។

លោក​បន្ថែម​ថា ៖ «​សព្វ​ថ្ងៃនេះ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​ដែល​មានការ​ប៉ះពាល់​ខ្លាំង​នោះ គឺ​នាំ​ចូល​ពី​ប្រទេស​ខាងកើត ចំណែក​ខាងជើង​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​ទេ ។ ម្យ៉ាងទៀត ការ​នាំ​ចូល​ជ្រូក​មិនដឹង​ប្រភព​ច្បាស់លាស់ វា​អាច​នាំ​ជំងឺ​មក​ជាមួយ ព្រមទាំង​ចម្លង​ទៅ​ជ្រូក​របស់​កសិករ​ក្នុងស្រុក​ទៀត ។ ដូចនេះ​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​បាក់ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម ក៏​បោះបង់​ការ​ចិញ្ចឹម​ជា​បណ្ដើរ​ៗ រហូត​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​» ។

លោក​ប្រធាន​ស្តីទី​រូប​នេះ​បញ្ជាក់​ដែរ​ថា ៖ «​សព្វថ្ងៃ អាជ្ញាធរ​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទេ ហើយ​ចេះ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ជ្រូក​ចូល​មិនដឹង​សាវតា​ច្បាស់លាស់​មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ឡើយ ។ លោក​សូម​សំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ឱ្យ​មានការ​ត្រួតពិនិត្យ​ឱ្យ​មែនទែន កុំឱ្យ​នាំ​ចូល​ជ្រូក​ឈឺ និង​សូម​ឱ្យ​ត្រួតពិនិត្យ​ទីផ្សារ​ផង ។ ជាក់ស្ដែង នៅ​រដូវ​បុណ្យ​ភ្ជុំ តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ថ្លៃ បុ​៉​ន្តែ​សាច់​ជ្រូក​នៅ​លើ​ជ្រញ់​វិញ មិន​ត្រឹមតែ​មិន​ធ្លាក់​ទេ ថែម​ទាំង​ឡើង​ខ្ពស់​លើស​ដើម​ទៀត ។ ម្យ៉ាងទៀត សូម​ឱ្យ​ពិនិត្យ​កន្លែង​សត្ត​ឈា​ត​ផង កុំឱ្យ​គេ​យក​ជ្រូក​ងាប់​មក​កាប់​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​» ។

លោក លី ឡា​វី​ល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន M’s pig ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី​គ្រុប បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​ផលិត​សាច់​សព្វ​ថ្ងៃនេះ មិន​បាន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​លើ​ទីផ្សារ​នៅឡើយ​ទេ គឺ​នៅ​ខ្វះខាត​ច្រើន​ណាស់ ។ ជាក់ស្ដែង ការ​ចិញ្ចឹម​ជ្រូក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា យើង​អាច​ផ្គត់ផ្គង់​បាន​តែ​ជាង​៤០% ទៅ​៥០%​បុ​៉​ណ្ណោះ ហើយ​សល់​ពី​នោះ គឺ​យើង​នាំ​ចូល​នៅឡើយ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​នាំ​ចូល បើ​យើង​មិន​នាំ​ចូល រាជរដ្ឋាភិបាល​ក៏​ពិបាក​ដែរ ហើយ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ ក៏​ទទួល​បាន​ចំណូល​ពី​ពន្ធ​នាំ​ចូល​ផង​ដែរ​» ។

លោក​បន្ត​ថា ៖ «​មិន​ថា​ក្រុមហ៊ុន​របស់​លោក ឬ​ក្រុមហ៊ុន​ផ្សេង​ៗ​នោះ​ទេ ដែល​ចិញ្ចឹមសត្វ គឺ​ខាត​ទាំងអស់ ហើយ​បើ​និយាយ​ពី​កសិករ​វិញ​ខាត ហៅ​លែង​ឮ​ហើយ ។ ឆ្នាំ​នេះ មាន​ខែ​ខ្លះ​ខាត​នៅ​ត្រឹម​ថ្លៃដើម បុ​៉​ន្តែ​ខែ​ខ្លះ​ទៀត​ខាត​លើស​ថ្លៃដើម​ទៅ​ទៀត ។ ដូចនេះ ក្រុមហ៊ុន ឬ​អ្នក​ចិញ្ចឹម​ជ្រូក​ដែល​មាន​កសិដ្ឋាន​តូច​ៗ​ទប់​មិន​ជាប់​នោះ​ទេ លុះត្រាតែ​ក្រុមហ៊ុន​ដែល​មាន​កសិដ្ឋាន​ធំ ទើប​អាច​ទប់​ជាប់​បាន​ខ្លះ​» ។

លោក​បញ្ជាក់​ថា ៖ «​ទោះជា​យ៉ាងណា ក្រុមហ៊ុន​យើង​នៅ​តែ​ពង្រីក​បន្ថែម​ទៀត ហើយ​ក៏​មិន​បោះបង់​ចោលការ​ចិញ្ចឹម​ជ្រូក​ដែរ ។ សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី បាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ធំ​មួយ បុ​៉​ន្តែ​ការ​ផ្គត់ផ្គង់​មាន​ប្រមាណ​តែ​៥%​ប៉ុណ្ណោះ​នៃ​ទីផ្សារ ហើយ​ស៊ី​ភី មាន​ប្រមាណ​ជិត​២០%​ដែរ ។ ដូចនេះ​ត្រូវការ​ជ្រូក​នាំ​ចូល​ច្រើន​ទៀត​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​» ៕