ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកដំបូង​នៅ​វៀតណាម ស្លា​.​ប់​អ្នកគ្រូ​ពេទ្យ​ម្នាក់ ក្រោយ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ទីក្រុង​ហាន​ណូ​យ ៖ បុគ្គលិក​ពេទ្យ​ស្រី អាយុ ៣៥​ឆ្នាំ ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្ត​អាន​យ៉ាង បាន​ទទួលមរណភាព នៅ​ថ្ងៃ​សុក្រ ទី​០៧…

ទីក្រុង​ហាន​ណូ​យ ៖ បុគ្គលិក​ពេទ្យ​ស្រី អាយុ ៣៥​ឆ្នាំ ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្ត​អាន​យ៉ាង បាន​ទទួលមរណភាព នៅ​ថ្ងៃ​សុក្រ ទី​០៧ ឧសភា ២០២១​នេះ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​រួច នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម vnexpress ។

ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​អាន​យ៉ាង​ខាងត្បូង បាន​បញ្ជាក់​ថា មូលហេតុ នៃ​ការ​ស្លាប់​របស់​អ្នកគ្រូ​ពេទ្យ​រូប​នេះ គឺ “​ដោយសារ​អា​ឡែ​រ​ហ្សី មានប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច ។ នេះ​គឺជា​ករណី​ដ៏​កម្រ​មួយ និង​ជា​ការ​ស្លា​.​ប់​ដំបូង បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​វៀតណាម​” ។

វេជ្ជបណ្ឌិត Tu Quoc Tuan ប្រធាន​ផ្នែក​បុគ្គលិក​ពេទ្យ បាន​ប្រាប់​ថា នាង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​មន្ទីរពេទ្យ តាន់​ជូ (Tan Chau) ។ មុន​ពេល​ចាក់​វ៉ាក់សាំង នាង​បាន​ពិនិត្យ​សុខភាព ហើយ​ត្រូវ​បាន​គេ​ប្រាប់​អំពី​រោគ​សញ្ញា ដែល​អាច​កើត​មាន ក្រោយ​ពេល​ចាក់​វ៉ាក់សាំង ។ បន្ទាប់​ពី​ចាក់​ថ្នាំ​រួច នាង​មាន​អាការ​តក់ស្លុត ហើយ​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តាន់​ជូ ។ មន្ទីរពេទ្យ​ក៏​បាន​ស្នើ​ដល់​មន្ទីរពេទ្យ​អាន​យ៉ាង​និង​មន្ទីរពេទ្យ​ជោ​រៃ ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ដើម្បី​ពិគ្រោះ​យោបល់ ដោះស្រាយ​ករណី​នេះ​ជា​បន្ទាន់ ។

បន្ទាប់​មក បុគ្គលិក​ពេទ្យ​ស្រី​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​អាន​យ៉ាង ដោយ​ក្រសួងសុខាភិបាល​វៀតណាម បាន​ស្នើ​ដល់​មន្ទីរពេទ្យ​ជោ​រៃ បញ្ជូន​អ្នកជំនាញ​សង្គ្រោះ​បន្ទាន់ ទៅ​មន្ទីរពេទ្យ​ខេត្ត​អាន​យ៉ាង ដើម្បី​ផ្តល់​ជំនួយ​បន្ទាន់ ។ ទោះ​យ៉ាងណា អ្នកគ្រូ​ពេទ្យ​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​សុក្រ​នេះ ។

ប្រទេស​វៀតណាម បាន​ចាប់ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែមីនា កន្លង​មក ។ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ប្រជាជន​វៀតណាម ដែល​បាន​ទទួល​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca មាន​ចំនួន ៧៤៧,៨២៧​នាក់ នៅ​ក្នុង​ខេត្ត​និង​ក្រុង ចំនួន ៥៧ ។

ក្រុម​អាទិភាព ដែល​ត្រូវ​ទទួល​ចាក់​វ៉ាក់សាំង​ដំបូង គឺ​បុគ្គលិក​ពេទ្យ​ជួរ​មុខ ដែល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩, បុគ្គលិក​យក​សំណាក​សម្រាប់​ការ​ធ្វើតេស្ត​រក​មេរោគ​, គណៈកម្មាធិការ​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩, ប៉ូ​លី​ស និង​កងទ័ព ។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​ទទួល​បាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន AstraZeneca លើក​ដំបូង​គឺ​នៅ​ក្នុង​ខែកុម្ភៈ ចំនួន ១១៧.៦០០​ដូ​ស​ដែល​បាន​ផ្តល់​តាម​រយៈ​កិច្ចសន្យា​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​វ៉ាក់សាំង​វៀតណាម ។ លើក​ទី​២ គឺ​នៅ​ចុងខែ​មីនា មាន​ចំនួន​ច្រើន​ជាង ៨០០.០០០​ដូ​ស ផ្តល់​ដោយ Covax ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ ដែល​បង្កើត​ឡើង​ដោយ​អង្គការសហប្រជាជាតិ ក្នុង​គោលបំណង​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ប្រកបដោយ​សមធម៌ ។

តាម​ផែនការ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ខាង​មុខ​នេះ Covax នឹង​ផ្តល់​បន្ថែមចំនួន ១,៦​លាន​ដូ​សទៀត សម្រាប​ប្រទេស​វៀតណាម ដែល​វ៉ាក់សាំង​ទាំងនេះ​នឹង​បន្ត​ប្រើប្រាស់​សម្រាប់​ក្រុម​អាទិភាព ដូច​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ