បើនិយាយពីបញ្ហាសន្សំ មនុស្សជាច្រើនបាននិយាយថា ខ្លួនមិនអាចសន្សំបានទេ ព្រោះមានភារកិច្ចច្រើនត្រូវធ្វើនិងត្រូវចំណាយលើ ប៉ុន្តែអ្នកជំនាញជឿជាក់ថា វាគ្រាន់តែលេសប៉ុណ្ណោះ ។ ប្រាក់សន្សំមិនមែនត្រូវសន្សំម្តងទាំងអស់នោះទេ ប្រាក់សន្សំគឺជាប្រាក់មួយភាគតូចប៉ណ្ណោះនៃប្រាក់ចំណូល ឬប្រាក់ខែដែលអ្នកមាន ហើយប្រាក់សន្សំនេះទៀតសោតមិនមែនសន្សំរយៈពេលខ្លីនោះទេ ។ តោះ ! មកស្តាប់ការណែនាំខ្លះៗ ដើម្បីបង្កើតទម្លាប់សន្សំប្រាក់ ដែលអត្ថបទខាងក្រោមនេះ ៖
ទី ១) មានភាពស្មោះត្រង់ និងផ្លាស់ប្តូរទម្លាប់អាក្រក់មួយចំនួនរបស់អ្នក ៖ មិនអីទេប្រសិនជាអ្នកមានទំលាប់ ដែលមិនអាចប្រឈមមុខនឹងការពិតបាន ដែលអ្នកពិបាកសន្សំប្រាក់នោះ ។ អ្នកអាចផ្តល់ពេលឱ្យខ្លួនបន្តិច ដើម្បីទទួលយក និងរៀនពីទំលាប់ថ្មី ដែលងាយឱ្យអ្នកចាប់អារម្មណ៍លើការសន្សំប្រាក់ ជាជាងអ្នកគិតថា ចាំចាយនៅសល់ចាំសន្សំ ហេតុផលនេះអ្នកគ្រាន់តែប្រាប់ខ្លួនឯងឱ្យស្ងប់ចិត្តប៉ុណ្ណោះ ដូចនេះជំហានដំបូងអ្នកត្រូវរៀនស្មោះត្រង់ខ្លួនឯង បើមិនអាចសន្សំបាន ប្រាប់ខ្លួនឯងថាមិនបានទៅ កុំប្រាប់ខ្លួនឯងថា ចាំពេលនេះពេលនោះ ចាំខែក្រោយ ។ល។ អ្នកត្រូវគិត និងចាប់ផ្តើមផ្លាស់ប្តូរទំលាប់អាក្រក់ៗ ដែលអ្នកតែងតែខ្ជះខ្ជាយលុយ ឬក៏អ្នកមិនដែលបាសន្សំប្រាក់សោះ វាមិនទាន់ហួសពេលនោះទេប្រសិនបើអ្នកចាប់ផ្តើមពីអីឡូវ ។
ទី ២) ទទួលស្គាល់ស្មារតីខ្លួនឯង អ្នកមានអារម្មណ៍បែបណាលើប្រាក់សន្សំ ៖ នៅពេលអ្នកលឺពាក្យថា «សន្សំប្រាក់» តើមានអ្វីកើតឡើងក្នុងការគិតរបស់អ្នក ? តើអ្នករំភើបទេប្រសិនជាអ្នកគិតដល់ការសន្សំសម្រាប់អ្នកក្នុងថ្ងៃអនាគត នៅពេលអ្នកចង់ចូលនិវត្តន៍ ? តើអ្នកងឿងឆ្ងល់ទេ ក្រោយពេលអ្នកបានចាយលុយរបស់អ្នកអស់ ? តើអ្នកធ្វើការបូកសរុបលុយដែលអ្នកបានចាយវាយ ឬអត់ ? ជាការពិតភាគច្រើនអ្នកចាយលុយអស់ៗ ក៏ព្រោះតែគេមិនបានគិតឱ្យបានជ្រៅជ្រះក្នុងការចាយវាយ និងមិនបានកំណត់គោលដៅច្បាស់លាស់ គឺនៅពេលដែលពួកគេចាយលុយ គឺគិតត្រឹមតែចង់បានត្រូវតែទិញ ។ ដូចនេះហើយ អ្នកគួរចំណាយពេលខ្លះ ក្នុងកត់ត្រានៅក្នុងប្រតិទិនរបស់អ្នក ហើយអ្នកត្រូវសួរខ្លួនឯងផងដែរ អ្នកត្រូវស្វែងយល់ថា តើចំពោះលុយដែលយើងចេះតែចាយលើសកម្រិត ឬចាយអស់ៗ ហើយមិនមានប្រាក់សន្សំទៀតនោះ អ្នកនឹងប្រឈមបញ្ហាអ្វីខ្លះ ? ឧទាហរណ៍ថា កាលពីមួយឆ្នាំមុន អ្នកបានចាយអស់ ១០០០ ដុល្លារ ចុះប្រសិនជា ១០០០ ដុល្លារនោះអ្នកបានសន្សំ ហើយមានវាក្នុងពេលនេះ សួរថាអ្នកអាចប្រើប្រាស់លុយបានទេ ? អ្នកអាចប្រើប្រាស់វាបានក្នុងគ្រាមានអាសន្ននោះ វាបានប្រែក្លាយស្ថានភាពអ្នកល្អប្រសើជាងអ្នកមិនមានសូម្បីតែមួយរៀលក្នុងខ្លួន ។
ទី ៣) កំណត់និយមន័យ និងតម្រូវការរបស់អ្នក ៖ វាជាពេលវេលាដែលអ្នកគួរចាប់ផ្តើមរៀនអំពីការកំណត់របស់ដែលជាតម្រូវការ និងរបស់មិនមែនជាតម្រូវការ (ការចង់បាន និងរបស់ចាំបាច់ត្រូវមាន) ។ វាមិនខុសទេ ដែលអ្នកចូលចិត្តរបស់ប្រ៊េនៗ ឬយីហោថ្លៃៗ ប៉ុន្តែវាជាបញ្ហាប្រសិនបើអ្នកកំពុងព្យាយាមប្រើប្រាស់និងទិញរបស់ថ្លៃៗទាំងនោះ ដើម្បីកុំឱ្យចាញ់មិត្តភ័ក្ត ឬខ្លាចខ្មាស់គេនៅក្នុងគ្រួសាររបស់អ្នកនោះ ។ ដូចលោក Paula Pant មានប្រសាសន៍ថា៖ «អ្នកអាចមានសិទ្ធនិងលទ្ធភាពទិញអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែមិនមែនអ្វីៗសុទ្ធតែគួរតែទិញទាំងអស់នោះទេ ។ នេះជាមូលហេតុដែលអ្នក ត្រូវរៀនកំណត់នូវអ្វី ដែលអ្នកចង់បាន និងអ្វីដែលជាតម្រូវការចាំបាច់» ។ អ្នកត្រូវបង្កើតបញ្ជីមួយ និងកត់នូវអ្វីដែលអ្នកចាំបាច់ត្រូវតែមាន ។ ឧទាហរណ៍ ទូរស័ព្ទដៃ អាហារ ឬផ្ទះ គឺជាតម្រូវការចាំបាច់ ។ បនា្ទប់មកបង្កើតបញ្ជីមួយទៀត ដើម្បីកត់របស់អ្នកដែលចង់បាន ដូចជាស្បែកជើង ឬក៏ស្មាតហ្វូនដែលល្អបន្តិច ។ ប៉ុន្តែអ្នកមិនគួរទិញអ្វីគ្រប់យ៉ាងក្នុងបញ្ជីចង់បាន លឿនពេកទេ ផ្ទុយទៅវិញអ្នកគួរសន្សំប្រាក់បន្តិចម្តងៗ ដើម្បីទិញវា (របស់ចង់បាន មិនអាចឃើញទិញៗនោះទេ) មានន័យថា សន្សំលុយជាមុន ហើយផ្តល់រង្វាន់ដល់ខ្លួនអ្នក ជាមួយរបស់របរក្នុងបញ្ជី «ចង់បាន» នោះ វានឹងធ្វើឱ្យសម្រេចគោលបំណងដោយមិនបាច់នឿយហត់ចិត្ត ពេលទិញរបស់រួចហើយដាច់បាយនោះទេ ។
ទី ៤) ស្វែងយល់ពីលំហូរសាច់ប្រាក់របស់អ្នក ៖ អ្នកគួររៀនអំពីលំហូរសាច់ប្រាក់របស់អ្នក (លុយរកបាន និងការចំណាយ) ។ អ្នកត្រូវដឹងថា ការចាយរបស់អ្នកច្រើនជាងប្រាក់ខែ ឬប្រាក់ចំណូលដែរ ឬទេ? នៅពេលអ្នកមិនមានគោលដៅ ហើយការចំណាយផ្តេសផ្តាស់ឬច្រើនជាងប្រាក់ចំណូល នោះហើយជាហានិភ័យសម្រាប់អ្នក អ្នកត្រូវធ្វើយ៉ាងណារកគោលដៅជីវិតឱ្យឃើញ ដូចនេះវានឹងធ្វើឱ្យអ្នកសន្សំលុយយ៉ាងមានប្រសិទ្ធភាព ។ មួយវិញទៀត អ្នកត្រូវឧស្សាហ៍តាមដានលំហូរសាច់ប្រាក់របស់អ្នក ប្រសិនជាអ្នកចាយលើសត្រូវបន្ថយល្បឿនបន្តិច ហើយព្យាយាមរក្សាប្រាក់ខ្លះៗទៅក្នុងការសន្សំ ។
ទី ៥) រៀនពីរបៀបកំណត់គោលដៅ ៖ ដូចគ្រប់គ្នាបានកដឹងរួចហើយ ថាការសន្សំដោយគ្មានគោលបំណង ឬគោលដៅច្បាស់លាស់ នោះវានឹងមិនដំណើរការនោះទេ ។ ប៉ុន្តែបើអ្នកគិតថាគ្រាន់តែសន្សំប្រាក់ដើម្បីចូលនិវត្តន៍នោះ វាមិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវគោលដៅថា ប៉ុន្មានឆ្នាំក្រោយអ្នកនឹងក្លាយជាអ្វី ? អ្នកនឹងធ្វើអ្វី ? ឧទាហរណ៍ ចង់ធ្វើអាជីវកម្ម ចង់បានផ្ទះរកស៊ី ឬចង់ក្លាយជាអ្នកមាន ដូចនេះអ្នកត្រូវតែកំណត់វាឱ្យបាន និងតាមដានផែន ការនោះជាប្រចាំ ។ តើហេតុអ្វីយើងត្រូវបង្កើតគោលបំណងឬគោលដៅ ? វាគឺដើម្បីអាចតាមដានវឌ្ឍនភាពរបស់អ្នក អ្នកត្រូវពិនិត្យមើលគោលដៅហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក និងសន្សំវាដោយភាពវ័យឆ្លាត ។
ទី ៦) យកចិត្តទុកដាក់តាមដានរាល់ការចំណាយរបស់អ្នក ៖ ប្រសិនជាអ្នកមិនអាចគ្រប់គ្រងប្រាក់របស់អ្នកបានល្អទេ នោះអ្នកនឹងចំណាយវាមិនត្រឹមត្រូវ ។ អ្នកត្រូមមានគោលដៅ ធ្វើយ៉ាងណាគួរតែរក្សាការចំណាយឱ្យកាន់តែទាបបំផុតតាមដែលអាចធ្វើទៅបាន ខណៈពេលដែលអ្នកមានប្រាក់ចំណូលខ្ពស់។ ព្រោះមានអ្នកខ្លះអាងថាមានប្រាក់ខែច្រើន អញ្ចឹងមិនខ្វល់អ្វីច្រើនទេ មានន័យថាកាលមុនប្រាក់ខែ ៥០០ ដុល្លារចាយមិនគ្រប់ ដល់ពេលឡើងដល់ ១៥០០ ដុល្លារហើយនៅតែចាយមិនគ្រប់ទៀត នោះគឺយើងមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ។
ទី ៧) ចាប់ផ្តើមរៀនសន្សំលុយដោយស្វ័យប្រវត្ ត៖ អ្នកឈប់ទុកចិត្តខ្លួនឯងថាអ្នកពិតជាអាចសន្សំបាន អ្នកខ្លះបានយកលេសដើម្បីកុហក់ខ្លួនឯងថា «ខ្ញុំទិញតែមួយនឹងទេ ឈប់ទិញហើយ» ដូចនេះពីមួយថ្ងៃទៅមួយថ្ងៃ ពីខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកនឹងមិនសល់អ្វីនោះទេ ក៏ព្រោះតែចាំថ្ងៃស្អែកទៅចាំចាប់ផ្តើមសន្សំ ។ អ្នកជំនាញជឿជាក់ថាប្រសិនជាអ្នកមិនបានយល់ដឹងពីការសន្សំ និងផ្នែកហិរញ្ញវត្ថុ នោះអ្នកមានប៉ុណ្ណាក៏សល់ដែរ ដូចនេះហើយអ្នកជំនាញបានណែនាំឱ្យអ្នកធ្វើយ៉ាងណាត្រូវតែមានគណនេយ្យសន្សំដាច់ដោយឡែក គណនេយ្យនោះមិនមែនជាគណនេយ្យដែលអ្នកអាចដកលុយបានគ្រប់ពេលនោះទេ ។ ហើយអ្នកត្រូវតែដកលុយដើម្បីសន្សំនោះភ្លាមៗ នៅពេលអ្នកទទួលបានប្រាក់ខែ ឬអ្នកអាចដាក់ប្រព័ន្ធកាត់ដោយស្វ័យប្រវត្តិពីប្រាក់ខែរបស់អ្នក ចូលទៅក្នុងគណេនេយ្យសន្សំនោះក៏បាន ដល់ថ្ងៃវានឹងផ្ញើចូលក្នុងគណនេយ្យនោះហើយ ។
ទី ៨) កុំព្យាយាមប្រើប្រាស់កាតឥណទាន ៖ មានបំណុលជាច្រើនដែលអ្នកជាប់ដោយមិនដឹងខ្លួន ជាការពិតកាតឥណទាន អ្នកអាចប្រើប្រាស់ក្នុងការទូទាត់ឥវ៉ាន់បានមុន (ខ្ជីលុយគេចាយ) ហើយអ្នកនឹងដាក់សងគេវិញនៅពេលអ្នកបើកប្រាក់ខែ តើអ្នកដឹងទេ ? បំណុលជាហេតុផល ដែលយើងភាគច្រើនមិនអាចសន្សំប្រាក់បាន ដូចនេះប្រសិិនជាអ្នកមិនទាន់ជាប់បំណុលនោះទេ សូមកុំព្យាយាមប្រើប្រាស់សេវាកម្មទូទាត់លុយមុន ទើបបង់តាមក្រោយនេះអី ។ (សូមជម្រាបជូនថា ចំណុចនេះគឺអ្នកដែលបានមានគណនីដែលមានលុយ ក្នុងមួយខែៗ ចំនួន ៥០០ ដុល្លារ លុយទាំងនោះ គឺបានមកពីធនាគារឱ្យអ្នកចាយមុន ហើយនៅពេលអ្នកបើកប្រាក់ខែ អ្នកនឹងដាក់បញ្ចូលចំនួនប្រាក់ដែលអ្នកបានដកមុននោះ) ។
ទី ៩ ពិនិត្យឡើងវិញនូវវឌ្ឍនភាពហិរញ្ញវត្ថុប្រចាំថ្ងៃ ៖ អ្នកត្រូវពិនិត្យមើលហិរញ្ញវត្ថុរបស់អ្នកជារៀងរាល់ថ្ងៃ បច្ចុប្បន្នវាងាយស្រួលសម្រាប់អ្នកមើលប្រាក់ក្នុងគណនេយ្យរបស់អ្នកណាស់ គឺមើលក្នុងអ៊ែបបានគ្រប់វេលា ប៉ុន្តែប្រសិនជាអ្នកឧស្សាហ៍ភ្លេច អ្នកក៏អាចដាក់កម្មវិធីរំលឹកអ្នកផងដែរ ប្រសិនបើអ្នកខ្ជិល អ្នកអាចដាក់រំលឹកមួយសប្តាហ៍ម្តងឬមួយខែម្តង ។ អ្នកជំនាញលើកទឹកចិត្តដល់អ្នកឱ្យមានទំលាប់នេះ នៅពេលអ្នកបានឃើញហិរញ្ញវត្ថុរបស់អ្នកមានការឡើងជាងមុន នោះក៏ជាផ្នែកមួយជួយស្មារតីអ្នកឱ្យរីករាយដែរ ដោយមិនបាច់ខ្វល់ថា ចាយប្រាក់ដល់ដាច់ខែឬអត់ ហើយអាចធ្វើឱ្យអារម្មណ៍កាន់តែមានចិត្តចង់សន្សំវាច្រើនឡើងៗ ។ បន្ទាប់មកនៅពេលដែលអ្នកសន្សំមានប្រសិទ្ធភាពហើយ អ្នកក៏អាចផ្តល់រង្វាន់សម្រាប់ខ្លួនឯងបានដែរ ដោយការញុំាអាហារឆ្ងាញ់ម្តង (តែកុំញឹកពេក យូរៗម្តងបានហើយ) ។ អ្នកដឹងទេ ? នៅពេលដែលអ្នកបង្កើតទំលាប់តាមដានហិរញ្ញវត្ថុ ទំលាប់សន្សំ យូរៗវានឹងក្លាយជាការសន្សំធម្មតា ។
ទី ១០) ខ្ចប់អាហារថ្ងៃត្រង់របស់អ្នកដើម្បីសន្សំប្រាក់ ៖ ដូចអ្នកគ្រប់គ្នាបានដឹងហើយ អាហារនៅក្រៅផ្ទះភាគច្រើនថ្លៃជាងអាហារដែលយើងទិញមកពីផ្សារហើយធ្វើខ្លួនឯងញុំាទៅទៀត វាត្រូវហើយព្រោះគេប្រើកំលាំងកាយ ថ្លៃដឹកថ្លៃទៅទិញ ហើយបើនៅក្នុងហាងវិញបូកទាំងអស់ រួមទាំងថ្លៃម៉ាស៊ីនត្រជាក់របស់គេទៀតចឹងអាហារនៅក្រៅផ្ទះគឺថ្លៃជាងរបស់យើងធ្វើខ្លួុនឯងហើយ ដូចអ្នកជំនាញណែនាំថា អ្នកគួរខ្ចប់អាហារថ្ងៃត្រង់ទៅញុំាខ្លួនឯងល្អជាងញុំាបាយក្រៅ ។ អ្នកគិតមើលទៅអ្នកញុំាបានគេមួយពេល ថាអស់ ២ ដុល្លារ ចឹងគុណ ២២ ថ្ងៃអ្នកធ្វើការនោះនឹងឃើញ នេះគិតតែត្រឹមអាហារមួយពេលថ្ងៃត្រង់ក្នុងមួយថ្ងៃទេ ចុះនៅអ្វីផ្សេងទៀត ។ អ្នកត្រូវរៀនខ្ចប់អាហារទៅញុំា យូរៗទៅវាក្លាយជាទំលាប់ទៅហើយ ហើយជួយអ្នកមិនឱ្យចំណាយផ្តេសផ្តាស់ទៀតផង ។ អ្នកអាចទៅផ្សារម្តងទិញសម្រាប់អាហារមួយសប្តាហ៍ ហើយអ្នកទុកលុយដែលធ្លាប់ចាយទៅលើអាហារត្រង់នោះទៅ អ្នកនឹងឃើញថា ការសន្សំអ្នកនឹងកើនឡើង វាមិនត្រឹមតែជួយសន្សំប្រាក់អ្នកនោះទេ តែវាបានជួយដល់សុខភាពអ្នកផងដែរ ៕ ប្រភព ៖ Lifehack.com
ចែករំលែកព័តមាននេះ