ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ៖ រដ្ឋាភិបាលតម្រូវឱ្យស្ថាប័នរដ្ឋបន្ថយ ឬព្យួរចំណាយពី ៥០% ឡើងទៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ក្រៅពីប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក ក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ ដោយបង្វែរថវិកាបានពីការកាត់បន្ថយនោះទុកយកមកប្រើប្រាស់ដើម្បីទ្រទ្រង់ផលប៉ះពាល់ និងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩» នេះជាការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី…

រាជធានីភ្នំពេញ ៖ «ក្រៅពីប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក ក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ ដោយបង្វែរថវិកាបានពីការកាត់បន្ថយនោះទុកយកមកប្រើប្រាស់ដើម្បីទ្រទ្រង់ផលប៉ះពាល់ និងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩» នេះជាការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឯកឧត្តមបានបញ្ជាក់ដូច្នេះនៅក្នុងសារាចរណែនាំ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ (ការធ្វើវិចារណកម្មចំណាយថវិកា) សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២១ ។ ឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ ៧ ៥០០ លានដុល្លារ ។ 

ប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលប៉ះពាល់សង្គម និងសេដ្ឋកិច្ចនោះឯកឧត្តមរដ្ឋមន្ត្រីរសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់ក្រសួងស្ថាប័ន រដ្ឋនៅថ្នាក់ជាតិ បន្ថយគម្រោងចំណាយថវិការបស់ខ្លួនដែលមិនចំាបាច់ ។ ក្នុងសារាចររបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី ៤ ឧសភាបានគូសបញ្ជាក់ថា ៥០ ភាគរយនៃឥទានអនុម័តដោយច្បាប់ថវិកាជាតិឆ្នាំ ២០២១ ត្រូវបានកាត់បន្ថយ ឬព្យួរ សម្រាប់ចំណាយមិនចាំបាច់ មិនចាំបាច់ខ្លាំង និងមិនសូវប៉ះពាល់សកម្មភាពការងាររបស់ក្រសួងស្ថាប័ន ។ ក្នុងនោះត្រូវកាត់ព្យួរការចំណាយ ៥០ ភាគរយលើសម្ភារការិយាល័យ សម្ភារប្រើប្រាស់ និងបរិក្ខាបច្ចេកទេសមិនមែនព័ត៌មានវិទ្យា ។ នៅក្នុងសារាចរណែនាំថា នឹងផ្អាកការផ្ដល់ធានាចំណាយសម្រាប់គម្រោងត្រៀមបម្រុងរបស់ក្រសួងសាធារណៈការ ក្រសួងអភិវឌ្ឍជនបទ និងក្រសួងធនធានទឹក ផងដែរ លើកលែងសម្រាប់គម្រោងថ្មី និងគម្រោងទទួបានការសម្រេចរួចហើយដូចជា គម្រោងស្ដារឡើងវិញដែលខូចខាតដោយទឹកជំនន់នៅឆ្នាំ ២០២០ ការចំណាយជួសជុល និងថែទាំប្រាសាទរបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក ជាដើមប៉ុណ្ណោះ ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមានការ ព្យួរការចំណាយរហូតដល់ ៧៥ ភាគរយ លើសោហ៊ុយបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស សោហ៊ុយទទួលភ្ញៀវជាតិ និងបរទេស ប្រជុំ សិក្ខាសាលា និងសន្និសីទ ការតាំងពិពណ៌ក្នុង និងក្រៅប្រទេស បេសកម្មក្នុងប្រទេស ការរៀបចំពិធីបុណ្យ ការថែទាំជួសជុលអគារផ្សេងៗ និងកាត់បន្ថយ ១០០ ភាគរយលើឯកសណ្ឋាន និងបេសកម្មក្រៅប្រទេស និងព្យួរការចំណាយ ៥០ ភាគរយលើប្រេងឥន្ធនៈ និងប្រេងរំអិលនៅតាមក្រសួងផងដែរ ។

ការកាត់បន្ថយ ឬព្យួរការចំណាយមិនចំាបាច់នេះ បានលើកលែងចំពោះក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ឮខេត្តទាំងអស់ ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា នេះជាសន្សំធនធានថវិកា ដើម្បីបង្វែរមកដោះស្រោយបញ្ហាអាទិភាពនាបច្ចុប្បន្ន ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ។

ក្រសួងសេដ្ឋកិច្ចក៏បានលើកលែងចំពោះការចំណាយដែលចាំបាច់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាតិ មន្ទីរជំនាញរាជធានីខេត្តទាំងអស់ ដែលកំពុងមានភារកិច្ចច្រើនក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងលើកលែងការចំណាយរបស់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ដែលផ្នែកសន្តិសុខសាធារណៈ ។ ការពង្រឹងប្រសិទ្ធភាពការចំណាយដែលបានដាក់ចេញនេះត្រូវបានគិតគូររៀបចំឡើងក្នុងក្របខណ្ឌនៃការធានាប្រតីភាពនៃស្ថាប័នរដ្ឋ និងការសន្សំធនធានថវិកាដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់ និងភាពបន្ទាន់របស់រដ្ឋាភិបាលក្នងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ