ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ភូមិ​ភ្នំ​កុយ ​ស្រុក​សាលា​ក្រៅ​នាំ​គ្នា​ដាំ​ស្រូវ​លូតលាស់​យ៉ាង​ល្អ អ្នកខ្លះ​បាន​ច្រូតកាត់​ប្រមូល​ផល​ខ្លះ​ហើយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដំណាំ​ស្រូវប្រាំង និង​ស្រូវ​វស្សា​ដែល​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ភ្នំ​កុយ ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ដាំ​ដុះ​កំពុង​លូតលាស់​យ៉ាង​ល្អ ដោយ​អ្នកខ្លះ​នឹង​ចាប់ផ្តើម​ធ្វើការ​ច្រូតកាត់​ប្រមូល​ផល…

ខេត្ត​ប៉ៃលិន ៖ ដំណាំ​ស្រូវប្រាំង និង​ស្រូវ​វស្សា​ដែល​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ភ្នំ​កុយ ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ដាំ​ដុះ​កំពុង​លូតលាស់​យ៉ាង​ល្អ ដោយ​អ្នកខ្លះ​នឹង​ចាប់ផ្តើម​ធ្វើការ​ច្រូតកាត់​ប្រមូល​ផល ក្នុង​រយ​:​ពេល​ជាង​១០​ថ្ងៃ​ខាង​មុខ​នេះ ។

ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ ខាង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​របៀប​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីសរីរាង្គ សម្រាប់​ដាក់​ទៅ​លើ​ដំណាំ​ស្រូវ​ឱ្យ​បាន​ល្អ ទទួល​បាន​ផល​ខ្ពស់​ថែម​ទៀត ។

បើ​តាម​ការ​រៀបរាប់​របស់​កសិករ​ម្នាក់ ឈ្មោះ ពន្លឺ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ គាត់​បាន​ធ្វើស្រែ​ជាង​២​ហិ​កតា ដោយ​ដាំ​ស្រូវស្រាល​ប្រភេទ «​សែន​ក្រអូប​» ដែល​មាន​រយ​:​ពេល​ជាង​៣​ខែ ទើប​ទុំ​អាច​ប្រមូល​ផល ។

គាត់​បន្ត​ទៀត​ថា នៅ​ដើមឆ្នាំ​២០២១​នេះ ទិន្នផល​ស្រូវស្រាល​របស់​ខ្លួន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយនៅ​ឆ្នាំ​នេះ ក្រោយ​ប្រមូល​ផល គាត់​ថ្លឹង​លក់​បាន​ជាង​១០​តោន ខណ​:​ពេល​ឆ្នាំ​មុន​ស្រូវ​ទទួល​រង​ការ​ខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង ហើយ​បាន​ផល​តិចតួច​ប៉ុណ្ណោះ ។

រហូត​មក​ដល់​ពេល​នេះ ការ​ធ្វើស្រែ​ប្រាំង​របស់​គាត់​មិន​ជួប​ហានិភ័យ​អ្វី​នោះ​ឡើយ ដោយ​បន្ទាប់​ពី​ទទួល​បាន​ជីសរីរាង្គ​ប្រភេទ ដេ​អា​ប៉េ (DAP) ពី​ខាង​មន្ទីរ​កសិកម្ម រួច​យក​ទៅ​ដាក់ ឃើញ​ថា អត់​មាន​ដង្កូវ ឬ​ក្រា​ស៊ី​នោះ​ឡើយ ។ ដូច្នេះ ក្រោយ​ពេល​ប្រមូល​ផល​លក់​រួច គាត់​អាច​លក់​ឱ្យ​ឈ្មួញ ដើម្បី​យក​ប្រាក់​ទៅ​សង​ជំពាក់​បំណុល​គេ ។

គាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​បង្ហាត់បង្រៀន រូប​គាត់ ក៏​ដូច​ជា ដល់​កសិករ​ផ្សេង​ៗ ឱ្យ​ចេះ​ពី​របៀប​ប្រើប្រាស់​ជី និង​ថ្នាំ​កំចាត់​សត្វល្អិត និង​ផ្តល់​នូវ​សម្ភារ​:​កសិកម្ម​មួយ​ចំនួន​ទៀត ។ លើស​ពី​នេះ គាត់​ក៏​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ទិដ្ឋភាព​ស្រូវប្រាំង និង​ស្រូវ​វស្សា​នា​ពេល​នេះ កំពុង​តែ​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ ក្រោយ​ពី​អនុវត្ត ហើយ​ទទួល​បានការ​បង្ហាត់បង្រៀន​បច្ចេក ទេស​ថ្មី​ៗ ពី​ខាង​មន្ទី​កសិកម្ម​ខេត្ត​ប៉ៃលិន ។

ក្នុង​ការ​ចុះ​ពិនិត្យ​មើល​ដំណាំ​ស្រូវ​របស់​កសិករ​ខាងលើ​នេះ លោក ផា​ន សុ​ផា​ន់​ណា​រ៉ា ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន ក៏​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ៖ ខាង​លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​តាមដាន​មើល​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង និង​ស្រូវ​វស្សា របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ភ្នំ​កុយ និង​ភូមិ​សំបូរ ហៅ​អាចម៍ គោ ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​បន្ត​ទៀត​ថា ការ​ចុះ​តាមដាន​មើល​ការ​បង្កបង្កើន​ផល​ស្រូវ​នេះ សង្កេត​ឃើញ​ថា ស្រែ​មួយ​ចំនួន​ធំ ដុះ​លូតលាស់​បាន​យ៉ាង​ល្អ ដោយ​ទទួល​របប​ទឹកភ្លៀង​គ្រប់គ្រាន់ ។ នៅ​ក្នុង​ការ​អនុវត្ត​ធ្វើ​ស្រូវប្រាំង​នេះ គឺ​មាន​ចំនួន​៧៨០​ហិ​កតា ស្មើនឹង​១២០​ភាគរយ​នៃ​ផែនការ មាន​ន័យ​ថា កសិករ​ធ្វើ​ស្រូវប្រាំង​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន ធ្វើ​លើស​ផែនការ​២០​ភាគរយ ។

ដោយឡែក ស្រូវ​វស្សា កសិករ​ទើបតែ​ចុះ​អនុវត្ត​នៅ​ចុង​ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ គឺ​អនុវត្ត បាន​៥៥០​ហិ​កតា គឺ​ស្មើនឹង​៥​ភាគរយ នៃ​ការ​ដាំ​ដុះ​សរុប​ជាង​៦០០០​ហិ​កតា ។ តាម​រយ​:​គម្រោង​បង្កើន​លទ្ធភាព​កសិកម្ម នៃ​ការ​ផ្សព្វផ្សាយ ខាង​មន្ទីរ​បាន​ចងក្រង​ជា​ក្រុម​កសិក រ​ផលិត​ស្រូវពូជ ដែល​មាន​សមាជិក​៥០​នាក់ ដោយ​បណ្តុះបណ្តាល​បច្ចេកទេស​ជ្រើសរើស​ពូជ រៀប ចំ​ដី​ដាំ​ដុះ និង​បង្ហាត់បង្រៀន​ពី​របៀប​ប្រើប្រាស់​ជី​ផង​ដែរ ។

ខាង​មន្ទីរ​ក៏​បាន​ផ្តល់​ជូន​កសិករ​ក្នុង​ក្រុម ម្នាក់​ៗ ទទួល​បាន ពូជស្រូវ​ចំនួន​២០​គីឡូក្រាម ជី​អឺ​រ៉េ​២៥​គីឡូក្រាម ជី​ដេ​អា​ប៉េ (DAP) ៥០​គីឡូក្រាម និង​សម្ភារ​:​ផ្សេង​ៗ មួយ​ចំនួន​ទៀត មុន​នឹង​ពួក​គាត់​ចាប់ផ្តើម​បង្កបង្កើន​ផល​ស្រូវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ