ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបញ្ចប់វិធានការបិទខ្ទប់ កម្មករនិយោជិតនៅតែបន្តបានប្រាក់ខែ ៥០ ភាគរយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបញ្ចប់វិធានការបិទខ្ទប់ទ្រង់ទ្រាយធំនៅរាជធានី និងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ឧសភានេះទៅ ។ ការបញ្ចប់វិធានការបិទខ្ទប់អាចឲ្យរោងចក្រ…

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបញ្ចប់វិធានការបិទខ្ទប់ទ្រង់ទ្រាយធំនៅរាជធានី និងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ឧសភានេះទៅ ។ ការបញ្ចប់វិធានការបិទខ្ទប់អាចឲ្យរោងចក្រ សហគ្រាសមួយចំនួនធំដំណើរការឡើងវិញប្រសិនបើមិនស្ថិតនៅក្នុងតំបន់មានហានិភ័យខ្ពស់នោះទេ ។ ដើម្បីរក្សាបាននូវសុវត្ថិភាព ពេលបើកដំណើរការឡើងវិញនេះ គណៈកម្មការប្រឹក្សាការងារ បានកំណត់វិធានអនាម័យ និងសុវត្ថិភាពការងារមួយចំនួន តម្រូវឲ្យរោងចក្រ សហគ្រាសអនុវត្តនៅពេលបើកដំណើរសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់នោះ ។

គណៈកម្មការប្រឹក្សាការងារ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការនេះកាលពីថ្ងៃទី ៤ឧសភា បានសម្រេចថា នៅពេលបើកដំណើរសកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការបែងចែងកម្មករនិយោជិតចំនួន ៥០% នៃកម្មករនិយោជិតសរុបឲ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២ សប្តាហ៍ម្តង ។ សេចក្តីសម្រេចដែលមាន ១៤ ចំណុចនោះ បាននិយាយពីប្រាក់ខែរបស់កម្មករនិយោជិតថា នៅក្នុងពេលអនុវត្តវិធានការសុវត្ថិភាពនេះ កម្មករនិយោជិត ទទួលបានប្រាក់ឈ្នួល ៥០% នៃប្រាក់ឈ្នួលអប្បបរមា រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ។

សូមជម្រាបថា កម្មករនិយោជិត នៅក្នុងរោងចក្រ សហគ្រាសនានា នៅក្នុងតំបន់បិទខ្ទប់ បានទទួលប្រាក់ឈ្នួលពាក់កណ្តាលខែចាប់ពីខែមេសាមក ។ នៅខែមេសាកម្មករនិយោជិត ទទួលប្រាក់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ មេសាហើយពីថ្ងៃទី ១៦ មេសាដល់ថ្ងៃទី ៣០ មេសាកម្មករនិយោជិត មិនទទួលបានប្រាក់ខែទេ ដោយសារមិនបានចេញទៅធ្វើការ ។ ទោះយ៉ាងណាភាគីពាក់ព័ន្ធ មានក្រសួងការងារជាដើមបានអំពាវនាវដល់ថៅកែរោងចក្រ ម្ចាស់សហគ្រាសផ្តល់ប្រាក់ខែលើកទឹកចិត្ត និងមនុស្សធម៌ ដល់កម្មករនិយោជិតទៅតាមលទ្ធភាពរៀងៗខ្លួន ។

នៅក្នុងសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារបានណែនាំឲ្យរោងចក្រ សហគ្រាសយកចិត្តទុកដាក់អនុវត្តវិធានការសុវត្ថិភាពឲ្យបានខ្ពស់បំផុតនៅក្នុងកាលៈទេសៈនេះ ដូចជាការឆ្លាស់វេនកម្មករនិយោជិតនៅក្នុងដំណាក់កាលដំបូងនេះ ត្រូវផ្តល់អាទិភាពដល់អ្នកដែលបានចាក់វ៉ាក់សំាងហើយ ។ នៅតាមសហគ្រាសរោងចក្រ ត្រូវផ្តល់ម៉ាស់ដល់កម្មករនិយោជិតមួយថ្ងៃម៉ាស់មួយ សម្រាប់មនុស្សម្នាក់ជាប្រចំាថ្ងៃ ត្រូវរក្សាគន្លាតឲ្យបាននៅក្នុងរោងចក្រ សហគ្រាស និងត្រូវបានប្រព័ន្ធខ្សល់ចេញចូលក្នុងទីតំាងផលិតកម្មឲ្យបានល្អ និងរៀបចំឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគជាប្រចំាសប្តាហ៍ ។

ការបិទខ្ទប់ និងវិធនាការសុវត្ថិភាពនានាជាយន្តការដ៏សំខាន់នៅក្នុងកាត់បន្ថយការឆ្លងកូវីដ ១៩ ទោះបីជាបានជះឥទ្ធិពលដល់ចង្វាក់ផលិតកម្ម និងប្រាក់ឈ្នួលកម្មករនិយោជិតខ្លះក្តី ។ គណៈកម្មការប្រឹក្សាការងារបានថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់កម្មករនិយោជិត ហើយថា វិធានការដែលខ្លួនបានដាក់ចេញនាពេលនេះ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់កម្មករនិយោជិត និរន្តភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ នៅកម្ពុជា ។

សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈនេះ មានរោងចក្រមិនតិចជាង ២០៦ ទេដែលមាន មានកម្មករឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន ១៣៤ រោងចក្រនៅភ្នំពេញ ២៣ រោងចក្រនៅខេត្តកណ្តាល ២៦ រោងចក្រនៅខេត្តតាកែវ ១៦ រោងចក្រនៅខេត្តព្រះសីហនុ ស្វាយរៀង ៤ រោងចក្រ និងកំពង់ឆ្នាំង ១ រោងចក្រ ។ ដោយឡែកមានកម្មករសរុប ១៦៧៣ នាក់ បានឆ្លងកូវីដ-១៩ ក្នុងនោះ ១ ៥៩៨ នាក់ នៅភ្នំពេញ និងមានកម្មករជិត ២ ម៉ឺននាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ