ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី ៥ នេះ អ្ន​កតាកែវ កំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវអនុវត្តការពាក់ម៉ាស និងគម្លាតសុវត្ថិភាព ឬប្រឈមនឹងពិន័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាលកំណត់ភូមិសាស្រ្តខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឹ ត្រូវបានកំណត់យកជាភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។


រាជធានីភ្នំពេញ ៖ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហាក់មានសញ្ញាថមថយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចកំណត់ភូមិសាស្រ្តខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឹ ត្រូវបានកំណត់យកជាភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។ ដូច្នេះភូមិសាស្ត្ររាជធានី-ខេត្តសុរប ៨ ហើយដែលក្រសួងបានកំណត់ឱ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ចាប់ពីមានការផ្ទុះឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា «ចំពោះបុគ្គលដែមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ត្រូវកំណត់ក្នុងប្រការ ៣ និងប្រការ៤ នៃប្រកាសលេខ ០៨១ ស.ន.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងកំលុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍» ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ​រហូតដល់មានការជូនដំណឹងជាថ្មី » ។

បន្ថែមពីលើនេះ លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីអនុវត្តឱ្យបានម៉ឹងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមឱ្យសាធារណជនទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

សូមរម្លឹកថា ក្រសួងសុខាភិបាល​កម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា​ បានប្រកាស​កំណត់​ឱ្យប្រជាពលរដ្ឋ​ទាំងអស់​ត្រូវពាក់ម៉ាស​ឱ្យបានគ្រប់គ្នា ​និងរក្សា​គម្លាត​សុវត្ថិភាព​ឱ្យបានចំនួន ​១ម៉ែត្រកន្លះ ​ដើម្បី​ជាការ​ចូលរួម​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩​ នៅ​កម្ពុជា​។ ​ក្រសួង​សុខាភិបាល​បានបញ្ជាក់យ៉ាងច្បាស់ៗថា​ បុគ្គល​ណាដែល​មិនពាក់ម៉ាស​នៅទីសាធារណៈ ​និងកន្លែង​ជួបជុំ​មនុស្សច្រើន​ និងមិនរក្សា​គម្លាតបុគ្គល​ គឺនឹង​ត្រូវរងការ​ផាកពិន័យ​ជា ទឹកប្រាក់​ពីចន្លោះ​ ២០ម៉ឺន​រៀលទៅ១លានរៀល​ ។

បន្ទាប់មក នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ក្រសួងសុខាភិបាលបានកំណត់ថា ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ ខេត្ត​កណ្តាល ព្រៃវែង និង​សៀមរាប ត្រូវ​បាន​កំណត់​ជា​ភូមិសាស្រ្ត​ដែល​មាន​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩។ ដូច្នេះ​ទី​តាំង​ទាំង​នេះ តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល អំឡុង​ពេល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ