ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​សប្ដាហ៍ កម្ពុជា​មិនទាន់មាន​ភ្ញៀវ​ចេញ​ទស្សនា​ច្រើន​ទេ ខណៈ​ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មួយចំនួន ក៏​នៅ​មិនទាន់​បើក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ នេះ​ថា…

រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ នេះ​ថា រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​២៦ ខែមេសា ដល់​ថ្ងៃទី​២ ខែឧសភា បន្ទាប់ពី​រាជរដ្ឋាភិបាល បានបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ឡើងវិញ​នោះ មិនទាន់មាន​ភ្ញៀវទេសចរ​ចេញ​ទស្សនា​ច្រើន​នៅឡើយ​ទេ ខណៈ​ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មួយចំនួន ក៏​នៅ​មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ដែរ​។

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា រយៈពេល​មួយ​សប្តាហ៍​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៨,៩៦០ នាក់ ក្នុងនោះ មាន​ភ្ញៀវទេសចរ​ជាតិ ៨,៧៥៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២០៦ នាក់​។

លោក​បានកត់សម្គាល់​លើ​ចំណុច​សំខាន់ៗ​ឃើញថា ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ស្ថានភាព​មុន​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។ គោលដៅ​ទេសចរណ៍​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាជ្ញាធរ​មិនទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ទេ​។ ដោយឡែក តាម​បណ្តា​ខេត្ត​ផ្សេងៗ រដ្ឋបាលខេត្ត​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុង​ការបើក​រមណីយ​ដ្ឋា​ន និង​គោលដៅ​ទេសចរណ៍​ឡើងវិញ ដោយ​ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ទេ និង​នៅ​បន្ត​អនុវត្ត​វិធានការ​រឹតត្បិត​ការធ្វើដំណើរ និង​ការចេញចូល​តំបន់​សំខាន់ៗ ពិសេស​គោលដៅ​ទេសចរណ៍​។ ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មួយចំនួន ក៏​នៅ​មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ដែរ ដោយ​រង់ចាំ​ពិនិត្យមើល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ធូរស្បើយ​បន្តិចទៀត ហើយ​ម្យ៉ាង​ចរន្ត​ភ្ញៀវទេសចរ​ក៏​នៅមាន​តិចតួច​នៅឡើយ​។ ភ្ញៀវទេសចរ​ច្រើនតែ​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​របស់គាត់ និង​ជួបជុំគ្នា​តិចតួច​បំផុត ហើយ​ភាគច្រើន​សុទ្ធតែ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​។ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ ៣ កុំ និង ៣ ការពារ ប៉ុន្តែ​ចាំបាច់​ត្រូវតែមាន​ការឃ្លាំមើល និង​មានការ​ពន្យល់​អប់រំ​ណែនាំ​បន្ថែមទៀត​ឲ្យ​ជាប់​ជាប្រចាំ ពិសេស​ការរក្សា​គម្លាត​សុវត្ថិភាព​។ មន្ទីរ​ទេសចរណ៍​បាន​សហការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាលខេត្ត ក្នុង​ការចុះពិនិត្យ និង​បន្ត​ពន្យល់​អបរ​រំ​ណែនាំ​ដល់​ទេសចរ និង​អាជីវករ​ជា​ម្ចាស់​រមណីយដ្ឋាន ឲ្យ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​វិធានការ ៣​កុំ ៣​ការពារ និង​ចូលរួម​អនុវត្ត​វិធានការ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការផ្តល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ហ្មត់ចត់ និង​មិនត្រូវ​ឲ្យ​ភ្ញៀវទេសចរ​ទាំងនេះ ចូលទៅ​កម្សាន្ត​ក្នុង​គោលដៅ​ទេសចរណ៍​ខាងលើ​ជាដាច់ខាត​។

លោក ថោង ខុន បាន​បន្ថែមថា ក្រសួងទេសចរណ៍ នឹង​បន្ត​ជំរុញ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឲ្យ​បន្ត​ពង្រឹង និង​បង្កើន​កិច្ចសហការ​ជាមួយ​រដ្ឋបាលខេត្ត ផ្នែក​ពាក់ព័ន្ធ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​អ្នកគ្រប់គ្រង​ទាំងអស់ ដើម្បី​បង្កើន​ការអប់រំ​ពន្យល់​ណែនាំ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជាប់​ជាប្រចាំ​ដល់​ទេសចរ និង​បុគ្គលិក​បម្រើការ និង​អ្នកផ្តល់​សេវា​ក្នុង​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ក្នុង​មូល​ដ្ឋា​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ឲ្យ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​កុំ ៣ ការពារ ដើម្បី​ធានា​ដល់​សុវត្ថិភាព និង​សុខភាព​ទេសចរ​និង​ប្រជាពលរដ្ឋ​សហគមន៍ ពិសេស​នៅពេលដែល​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នាពេលខាងមុខ​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ