ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​លោក​ម៉ូ​ឌី​ ចាញ់ឆ្នោត​នៅ​រដ្ឋ​សំខាន់ ខណៈ​អ្នកជំនាញ​រិះគន់​ការ​បោះ​ឆ្នោត​នៅ​ឥណ្ឌា

2 ឆ្នាំ មុន

ឥណ្ឌា ៖ គណបក្ស​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​បរាជ័យ​នៅ​រដ្ឋ​សំខាន់​មួយ ក្នុង​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​ចំ​ពេល​ប្រទេស​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វី​ដ​១៩ ។ គណបក្ស…

ឥណ្ឌា ៖ គណបក្ស​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​បរាជ័យ​នៅ​រដ្ឋ​សំខាន់​មួយ ក្នុង​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​ចំ​ពេល​ប្រទេស​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វី​ដ​១៩ ។

លោក ម៉ូ​ឌី

គណបក្ស Bharatiya Janata Party (BJP) របស់​លោក ម៉ូ​ឌី បាន​ផ្តោត​យ៉ាង​ខ្លាំង​ហើយ​រំពឹង​ថា ទទួល​បានការ​គាំទ្រ​ច្រើន​ពី​តំបន់​ភូមិសាស្ត្រ​នយោបាយ West Bengal ដែល​ជា​រដ្ឋ​ដ៏​សំខាន់​បំផុត​មួយ ក្នុង​ចំណោម​រដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត​។

ប៉ុន្តែ​បើ​តាម​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា លោកស្រី Mamata Banerjee ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ឥណ្ឌា​បច្ចុប្បន្ន នឹង​ក្លាយជា​ប្រធាន​រដ្ឋ West Bengal ជា​លើក​ទី ៣​។ បន្ទាប់​ពី​គណបក្ស Congress Trinamool (TMC) របស់​លោកស្រី បាន​ឈ្នះ​សំលេង​ភាគច្រើន ២/៣ ដោយ​ទទួល​បាន ២១៣​អាសនៈ នៅ​ក្នុង​សភា​រដ្ឋ​សរុប ២៩៤​អាសនៈ ។ ខណៈ​គណបក្ស​លោក ម៉ូ​ឌី ទទួល​បាន​តែ ៧៧​អាសនៈ​ប៉ុណ្ណោះ​។

លោកស្រី Mamata Banerjee

ការ​បាត់បង់​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​លោក ម៉ូ​ឌី ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​។ ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា គិត​ពី​ការ​បោះ​ឆ្នោត ជាង​សុខភាព​ប្រជាជន​។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នកជំនាញ​ក៏​បាន​ស្តីបន្ទោស​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​សហព័ន្ធ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា និង​ការ​បោះ​ឆ្នោត​ដែល​មាន​ហ្វូង​មនុស្ស​ច្រើន​។ ដោយ​បាន​បំពាន​លើ​ច្បាប់​ស្តី​ពី​ការ​រក្សា​គម្លាត​សង្គម និង​ការ​ពាក់​ម៉ាស​។

ករណី​ឆ្លង និង​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ របស់​ឥណ្ឌា​បន្ត​កើនឡើង​ឥត​ស្រាកស្រាន្ត​។ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​២ ខែឧសភា ប្រទេស​នេះ បាន​បង្កើត​កំណត់​ត្រា​ថ្មី​លើ​ការ​ស្លា​.​ប់​ប្រចាំ​ថ្ងៃ​មាន​ចំនួន ៣,៦៨៩​នាក់​។ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​មាន​ចំនួន ៣៩២,៤៨៨​នាក់​។

នេះ​ជា​ចំនួន​តិច​ជាង​បើ​ធៀប​ទៅ​នឹង​កាលពី​ថ្ងៃ​ទី​១ ខែឧសភា ដែល​បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ជាមួយ​ចំនួន​អ្នក​ឆ្លង ៤០១,៩៩៣​នាក់​។ បច្ចុប្បន្ន​ករណី​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ឥណ្ឌា​កើនឡើង​ជាង ១៩,៩​លាន​នាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​កើនឡើង​ដល់ ២១៨,៩៥៩​នាក់​៕ (​ដកស្រង់​ចេញពី Times Of India និង CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ