ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២១​ កសិករ​ប្តូរ​មក​ដាំដំឡូង​មី​ច្រើន​ជាង​ដាំពោត​ក្រហមព្រោះ​​ដាំពោត​លំបាក​ក្នុង​ការ​ថែទាំ និង​សត្វល្អិត

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ កសិករ​ជា​ច្រើន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​មក​ដាំ​ដំណាំ​ដំឡូង​មី ច្រើន​ជាង​ការ​ដាំ​ដំណាំ​ពោតក្រហម ដោយសារ​តែ​ពួក​គាត់​យល់​ឃើញ​ថា ដំណាំ​ពោតក្រហម​នេះ​ជា​ដំណាំ​ដែល​លំបាក​ក្នុង​ការ​ថែទាំ​សំបូរ​ទៅ​ដោយ​សត្វល្អិត​ស៊ី​បំផ្លាញ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ កសិករ​ជា​ច្រើន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​មក​ដាំ​ដំណាំ​ដំឡូង​មី ច្រើន​ជាង​ការ​ដាំ​ដំណាំ​ពោតក្រហម ដោយសារ​តែ​ពួក​គាត់​យល់​ឃើញ​ថា ដំណាំ​ពោតក្រហម​នេះ​ជា​ដំណាំ​ដែល​លំបាក​ក្នុង​ការ​ថែទាំ​សំបូរ​ទៅ​ដោយ​សត្វល្អិត​ស៊ី​បំផ្លាញ ថែម​ទាំង​ទទួល​បាន​ទិន្នផល​ទាប​ជាង​ដំណាំ​ដំឡូង​មី​ទៀត​ផង​។

ប៉ុន្តែ ដោយសារ​ដំណាំ​ពោត​ឆាប់​បាន​ប្រមូល​ផល ត្រឹមតែ​រយ​:​ពេល​៣​ទៅ​៤​ខែ​ក៏​នៅ​មាន​កសិករ​មួយ​ចំនួន​ដែល​មាន​ដីចម្ការ​ច្រើន រំលែក​មក​ដាំពោត​ខ្លះ និង​ទុក​សម្រាប់​ដាំដំឡូង​មី​មួយ​ចំនួន​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផល ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

គេ​ឃើញ​មាន​កសិករ​ម្នាក់​ឈ្មោះ សៀន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ​បាន​ដាំដំឡូង​មី​ចំនួន​៤​ហិ​កតា និង​ដាំពោត​ចំនួន​២​ហិ​កតា នៅ​លើ​ដីចម្ការ​ចំនួន​៦​ហិ​កតា​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នៅ​ឆ្នាំ​២០២១​នេះ គាត់​ចាប់ផ្តើម​ដាំដំឡូង​មី​ច្រើន​ជាង​ដាំ​ដំណាំ​ពោតក្រហម ដោយ​ដាំ​អស់​រយ​:​ពេល​ជាង​១​ខែ​មក​ហើយ​ក៏​ដុះ​លូតលាស់​ល្អ​ដូច​គ្នា ។ គាត់​បន្ត​ទៀត​ថា​តែ​រហូត​មក​ដល់​ពេល​នេះ​ដំណាំ​ពោតក្រហម​របស់​គាត់ កំពុង​ជួប​ឧបសគ្គ​ច្រើន​ដូច​ជា​លំបាក​ក្នុង​ការ​ថែទាំ ហើយ​សត្វ​ដង្កូវ​កំពុង​តែ​ចូល​វាយលុក​ស៊ី​បណ្តូលពោត​ខ្ចី​កំពុង​បាញ់ថ្នាំ​កំចាត់​។

លើស​ពី​នេះ ពេល​មេឃ​រាំងភ្លៀង​យូរ​ពេក​ងាយស្រួល ក្នុង​ការ​ងាប់​ខូចខាត និង​មាន​សត្វល្អិត​ផ្សេង​ៗ​ស៊ី​បំផ្លាញ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ទិន្នផល​ទាប​ថែម​ទៀត​ផង ។ ចំណែក​ដំណាំ​ដំឡូង​មី​វិញ ងាយស្រួល​ក្នុង​ការ​ថែទាំ​ឱ្យ​តែ​ដាំ​ត្រូវ​ទឹកភ្លៀង​រហូត​ដល់​ដុះ​ស្លឹក​ហើយ ទោះបីជា​រាំងភ្លៀង​រយ​:​ពេល​យូរ​បន្តិច​ក្តី ក៏​មិន​ងាយ​ងាប់​ខូចខាត​នោះ​ដែរ លើកលែងតែ​ពេល​ដំណាំ​នេះ​មាន​មើម លុះ​ភ្លៀង​ខ្លាំង​ពេក បណ្តាល​ឱ្យ​ជាំ​ទឹក អាច​រលួយ​មើម​ខូចខាត​ជាដើម ។

គាត់​ក៏​សំណូមពរ ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ចុះ​ទៅ​ពិនិត្យ​មើល និង​ប្រាប់​ពី​របៀង​ប្រើ​ថ្នាំ​ក្នុង​ការ​កំចាត់​សត្វ​ដ​ង្ហូ​វ​ដែល​កំពុងស៊ី​បង្ខូច​ដំណាំ​ពោតក្រហម​ចំនួន​២​ហិ​កតា​របស់​ខ្លួន​នៅ​ក្នុង​ចម្ការ​ខាងលើ​នេះ​ផង​ដែរ ។

ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ នួន ណៃ អាយុ​៥៦​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ កាលពី​ឆ្នាំ​២០២០​គាត់​បាន​ដាំ​ដំណាំ​ពោតក្រហម​នៅ​លើ​ដីចំការ​ចំនួន​៤​ហិ​កតា លុះ​ដំណាំ​ពោត​នេះ ដុះ​លូតលាស់​យ៉ាង​ល្អ ស្រាប់តែ​ក្រោយមក ត្រូវ​បាន​ហ្វូង​ដង្កូវ​ចូល​វាយលុក​ស៊ី​បង្ខូច​ខ្ទេចខ្ទី​គ្មាន​សល់ ទោះបីជា​ខំប្រឹង ប្រើ​ថ្នាំពុល​កំចាត់​យ៉ាងណា ក៏​មិន​ឈ្នះ​នោះ​ដែរ ទើប​ក្រោយមក នៅ​ចុងរដូវ​គាត់​បាន​ដាំដំឡូង​មី​ទាំង​៤​ហិ​កតា រហូត​ដល់​ដំឡូង​មី​ដុះ​លូតលាស់​ល្អ មាន​មើម​ទៅ​ហើយ ក៏​ត្រូវ​ភ្លៀង​ធ្លាក់​ជោកជាំ បណ្តាល​ឱ្យ​ស្អុយរលួយ​មើម​អស់រលីង គ្មាន​សល់​អ្វី​នោះ​ឡើយ ។

ដូច្នេះ នៅ​ឆ្នាំ​២០២១​នេះ គាត់​ក៏​សម្រេចចិត្ត​ជួល​ដីចម្ការ​របស់​ខ្លួន​ទាំងអស់ ទៅ​ឱ្យ​អ្នក​ផ្សេង​ដាំដំឡូង​មី​ជំនួស​វិញ រីឯ​រូប​គាត់​សុខចិត្ត​ដើរ​ស៊ីឈ្នួល​គេ​វិញ​ម្តង ។ ចំណែក​កសិករ​មួយ​ចំនួន​ទៀត​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ៖ រហូត​មក​ដល់​ពេល​នេះ ដំណាំ​ដំឡូង​មី មាន​ទីផ្សារ​ខ្ពស់​ជាង​មុន ហើយ​ដំឡូង​មី ក៏​ជា​ដំណាំ​ងាយស្រួល​ថែទាំ​ជាង​ដំណាំ​ពោតក្រហម ។ ដូច្នេះ​ហើយ បានជា​ពួក​គាត់​ភាគច្រើន សុខចិត្ត​ប្តូរ​មក​ដាំដំឡូង​មី ដែល​មាន​រយ​:​ពេល​១​ឆ្នាំ ទើប​ប្រមូល​ផល ជំនួស​ឱ្យ​ការ​ដាំពោត​ក្រហម ដែល​អាច​ប្រមូល​ផល​រយ​:​ពេល​ខ្លី​វិញ ព្រោះ​ទិន្នផល​ដំឡូង​មី ក៏​ទទួល​បាន​ខ្ពស់​ជាង​ដំណាំ​ពោតក្រហម​ដែរ ទោះបីជា​ជំងឺ​កូ​វី​ដ​-១៩​កំពុង​វាយលុក​ក៏​តម្លៃ​ទីផ្សារ​ដំឡូង​មី​នៅ​ឆ្នាំ​២០២១​នេះ មិន​ធ្លាក់​ចុះ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ