ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សាកស.ពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងទឹកព្រែក ត្រង់ចំណុចក្រោមស្ពានព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ហើយក៏បានរាយការជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យផងដែរ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា៖ ជនរងគ្រោះខាងលើមានឈ្មោះ ឯម ញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
បើតាមការបំភ្លឺពីឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ២០ឆ្នាំ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា៧និង៣០នាទីយប់ ខ្លួនបានឃើញបងថ្លៃឈ្មោះឯម ញ៉ាញ់ ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ក្រោយមកក៏ស្ងាត់ការឈ្លោះគ្នាទៅ ហើយខ្លួនក៏ឃើញបងថ្លៃដើរចេញពីផ្ទះ ដោយដើរសំដៅទៅផ្លូវរថភ្លើង ពេលនោះខ្លួន និងឪពុកម្តាយព្រមទាំងបងស្រីរបស់ខ្លួនបានតាមឃាត់គាត់ឲ្យមកផ្ទះវិញ។
ប្រភពដដែលបន្តថា ប៉ុន្តែពេលដែលខ្លួន និងក្រុមគ្រួសារមកដល់ផ្លូវរថភ្លើងនោះ គឺតាមគាត់មិនទាន់នោះទេ ដោយសារតែបងថ្លៃបានដើរដល់ផ្លូវរថភ្លើងមុន ហើយក៏បាត់ទៅ។ គាប់ជួនពេលនោះ ក៏មានរថភ្លើងមួយខ្សែបើកបរពីទិសខាងកើត សំដៅទៅខេត្តព្រះស៊ីហនុ លុះពេលរថភ្លើងចេញផុតទៅ ទើបខ្លួន និងក្រុមគ្រួសារបានតាមចាំងភ្លើងពិលរកមើល ក្រែងឃើញបងដើរតាមផ្លូវរថភ្លើង តែពុំឃើញសោះ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ ។
ប្រភពដដែលបានបន្តទៀតថា លុះព្រឹកឡើង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីព្រឹក ក៏ស្រាប់មានអ៊ុំស្រីរបស់ខ្លួនឈ្មោះ សុខ រ៉ា បានខលតាមទូរស័ព្ទមកប្រាប់ខ្លួនថា «អាញ៉ាញ់ បានស្លា.ប់ហើយនៅក្រោមស្ពានព្រែកត្នោត»។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ក្រុមគ្រួសារ ប្រពន្ធកូនក៏មានការភ្ញាក់ផ្អើល ក៏នាំគ្នាមកកាន់កន្លែងកើតហេតុម្តែង។
ជុំវិញករណីមានមនុស្សស្លា.ប់ក្នុងទឹកព្រែកក្រោមស្ពានព្រែកត្នោតខាងលើនេះ ត្រូវបានលោកវរសេនីយទោ សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានប្រាប់កោះសន្តិភាពឱ្យដឹងថា ឆ្លងតាមការពិនិត្យ និងធ្វើកោសល្យវិច័យលើសាកស.ពជនរងគ្រោះពីសំណាក់ក្រុមសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានសន្និដ្ឋានថា ជនរងគ្រោះស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថភ្លើងកៀរធ្លាក់ពីលើស្ពានធ្វើឱ្យរបួសធ្ងន់ធ្ងរ រួចក៏លង់ទឹកស្លា.ប់តែម្តង មិនមែនជាករណីឃាត.កម្មដូចការសង្ស័យព័ត៌មានបឋមនោះទេ។ ក្រោយពីសមត្ថកិច្ចពិនិត្យសាកស.ពរួច ក៏បានប្រគល់សាកស.ពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ