ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវាពលកម្មអន្តរជាតិ ៖ សហជីពស្នើឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើជីវភាព និងសុខភាពកម្មករនិយោជិត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី ១៣៥ ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២១ នេះ…

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី ១៣៥ ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២១ នេះ សហជីពការងារចំនួន ៩នៅក្នុងប្រទេសកម្ពុជា បានធ្វើការអំពាវនាវដល់រដ្ឋាភិបាលជួយជំរុញដល់ថៅកែរោងចក្រ ឲ្យផ្តល់ប្រាក់ខែពេញក្នុងខែមេសានេះ ដល់កម្មករនិយោជិតនៅក្នុងតំបន់ដែលរដ្ឋាភិបាលអនុវត្តវិធានការពេលបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នោះ ។

បើតាមសហជីព ការឆ្លងរាលដាល់កូវីដ ១៩ នាពេលនេះបានប៉ះពាល់កម្មករកាត់ដេរចំនួន ១ ៥០០នាក់ ហើយមានរោចក្រជាង ២០០ ត្រូវបានផ្អាកការងារ ។ នៅពេលរដ្ឋាភិបាលប្រកាសបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលចាប់ពីថ្ងៃទី ១៥ មេសា មក កម្មករនិយោជិតរោងចក្រ សហគ្រាសដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់បានផ្អាកសកម្មភាពការងារ ហើយទទួលបានបើកប្រាក់ខែក្នុងខែមេសា តែកន្លះខែប៉ុណ្ណោះ គឺពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤មេសាពីថ្ងៃទី ១៥ដល់ថ្ងៃទី ៣០មេសាមិនទទួលបានប្រាក់ឈ្នួលឡើយ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កន្លងមកក៍បានអំពាវានាវដល់ដល់និយោជកផ្តល់ប្រាក់ខែដល់កម្មករនិយោជិតនៅពេលបិទខ្ទប់នេះ តាមលទ្ធភាពជាក់ស្តែង ដល់កម្មករនិយោជិតតាមគោលការណ៍មនុស្សធម៌ សាមគ្គីភាព និងជួយគ្នានៅគ្រាលំបាកនេះ ផងដែរ ។

សម្រាប់នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ សហជីពីទំាង ៩ ដែលមានសហភាពការងារកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មការកាត់ដេរកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ជាដើមនោះ តាមរយៈលិខិតអំពាវនាវដែលផ្ញើជូនរដ្ឋាភិបាល បានលើកសំណើចំនួន ១១ ចំណុច និងបានជំរុញឲ្យរដ្ឋាភិបាលជួយដោះស្រាយសំណើចាស់របស់ខ្លួន ១៩ ចំណុចផ្សេងទៀត ដែលបានដាក់ជូនរដ្ឋាភិបាលកាលពីឆ្នាំ ២០២០ នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិនេះដែរ ។

ឆ្នាំ ២០២១ ដែលកម្ពុជាកំពុងប្រឈមជាខ្លំាងពីជំងឺកូវីដ ១៩នោះ ក្រៅពីការទទួចសូមរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យកម្មករ និយោជិតទទួលបានប្រាក់ខែពេញក្នុងខែមេសា សម្រាប់រោងចក្រ សហគ្រាស ស្ថិតនៅក្នុងតំបន់បិទខ្ទប់ សហជីពទំាង ៩ បានសុំឲ្យរដ្ឋាភិបាល ចាត់វិធានការផ្សេងៗទៀត ដើម្បីជួយដល់សេដ្ឋកិច្ចនិងសុវត្ថិកម្មករ និយោជិតនៅកម្ពុជាជាច្រើនវិស័យទៀតក្រៅពីវិស័យកាត់ដេរ ។

សំណើរទំាងនោះមានដូចជាសូមឲ្យរដ្ឋាភិបាលទប់ស្កាត់កូវីដ ១៩ ច្បាស់លាស់ និងត្រឹមត្រូវដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍កម្មកររស់នៅ ករណីមានអ្នកឆ្លង មានអ្នកធ្វើចត្តាឡីស័ក ឬតំបន់ត្រូវបិទខ្ទប់ ត្រូវធានាថា ពួកគេត្រូវបានផ្តល់ចំណីអាហារ និងសម្ភារបរិក្ខាឲ្យបានគ្រប់គ្រាន់ និងផ្តល់សេវាថែទំា និងព្យាបាលឲ្យបានត្រឹមត្រូវតាមលក្ខណ្ឌវិជ្ជាសាស្ត្រ ។ ស្នើឲ្យរដ្ឋាភិបាលផ្តល់ទឹក ភ្លើងដោយមិនគិតថ្លៃ និងស្នើឲ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ រួមទំាងឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុពន្យារពេលបង់ការប្រាក់ និងប្រាក់ដើម ក្នុងរយៈពេលមួយសមស្រប និងកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិដើម្បីសងបំណុល ។ស្នើឲ្យរដ្ឋាភិបាលទប់ស្កាត់និយោជកខិតខូច ដែលឆ្លៀតពេលមានវិបត្តិកូវីដ ១៩ ទៅបិទក្រុមហ៊ុនបញ្ឈប់កម្មករនិយោជិត និងតំណាងសហជីពពីការងារ ហើយមិនបានទូទាត់ប្រាក់ឈ្នួលជូនកម្មករឲ្យបានត្រឹមត្រូវតាមច្បាប់ ។ ស្នើឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ ៤០ដុល្លារ ពេលក្រុមហ៊ុនព្យួរការងារដល់កម្មករនៅវិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរ និងទេសចរណ៍ដូចជាវិស័យដឹកជញ្ជួន សំណង់ កសិកម្ម ឧស្សាហកម្ម និងជំរុញឲ្យនិយោជកផ្តល់ប្រាក់ ៣០ដុល្លារ បន្ថែមជូនដល់កម្មករដូចវិស័យកាត់ដេរផងដែរ ជាដើម ។

នៅក្នុងថ្ងៃទិវាពលកម្មអន្តរជាតិនេះដែល លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការរំឮកខួបទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំនេះ ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលបានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ ។ លោកថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តចូលរួមការផ្សព្វ ផ្សាយណែនាំប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត និងពលករកម្ពុជាដែលវិលត្រឡប់មកស្រុកកំណើត ឱ្យចូលរួមអនុវត្តឱ្យបានហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការ «៣ ការពារ» និង «៣ កុំ» ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ