ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ឃើញ​ហើយ​ក៏ភ្ញាក់ផ្អើល​ ដែល​មាន​ស្បោង​​បន្លែ​ ត្រី​ និង​សាច់​​ ចងជាប់ខ្លោងទ្វារ​វត្ត​​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​មានការ​ភ្ញាក់ផ្អើល​មួយ​ដែលព្រះសង្ឃ​ក្នុង​វត្ត​សន្សំ​កុសលបានឃើញ​ម្ហូបអាហារ ( នៅ​ឆៅ ) មាន​បន្លែ​ត្រី​សាច់ ចង​ភ្ជួរ​ទុក​នៅ​នឹង​ឃ្លោង​ទ្វាររបង​វត្ត​ទាំង​មិនឃើញ​មនុស្ស ហើយ​ក៏​មិនដឹង​ថា បាន​យក​ទៅ​ចង​ទុក​តាំងពី​ពេល​ណា​នោះ​ដែរ…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​មានការ​ភ្ញាក់ផ្អើល​មួយ​ដែលព្រះសង្ឃ​ក្នុង​វត្ត​សន្សំ​កុសលបានឃើញ​ម្ហូបអាហារ ( នៅ​ឆៅ ) មាន​បន្លែ​ត្រី​សាច់ ចង​ភ្ជួរ​ទុក​នៅ​នឹង​ឃ្លោង​ទ្វាររបង​វត្ត​ទាំង​មិនឃើញ​មនុស្ស ហើយ​ក៏​មិនដឹង​ថា បាន​យក​ទៅ​ចង​ទុក​តាំងពី​ពេល​ណា​នោះ​ដែរ ។

ព្រះ​អង្គ​សូត្រ​ស្តាំ​មួយ​អង្គ នាម​ព្រះ​ញាណ​ចរណ​មុនី វត្ត​សន្សំ​កុសល ដែល​ជា​វត្ត​ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ បាន​មាន​សង្ឃដីការ ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ៖ នៅ​វេលា​ព្រឹក​ឡើង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ព្រះ​អង្គ​បាន​ដើរ​ចេញពី​ក្នុង​កុដិ ហើយ​ក្រឡេក​មើលទៅ​មាត់ទ្វារ​វត្ត ក៏​ស្រាប់តែ​ប្រទះ​ឃើញ មាន​ម្ហូបអាហារ​បន្លែ​ត្រី​សាច់ ជា​ច្រើន​ថង់ ចង​ភ្ជួរ​ទុក​នៅ​នឹង​មាត់របង ខ​ណះ​វត្ត​បាន​ចាក់សោរ មិន​អោយ​មានការ​ចេញចូល​វត្ត​ឡើយ ដើម្បី​ការពារ​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩ ។

ដោយ​មានការ​ងឿងឆ្ងល់ ព្រះ​អង្គ​បាន​ដើរទៅ​មាត់របង រួច​ស្រែកសួរ​ពលរដ្ឋ​នៅ​ក្រៅរបង​ក្បែរ​ៗ​នោះ ថា​តើន​ណារ​ជា​អ្នកជា​ម្ហូបអាហារ​មក​ចង​នៅ​មាត់​ទ្វាររបង​វត្ត ។ ពេល​នោះ បងប្អូន​នៅ​ក្បែរ​នោះ ក៏​បាន​ប្រាប់​ព្រះ​អង្គ​ថា មាន​ពុទ្ធិ​បរិស័ទ គេ​យក​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត ប៉ុន្តែ​ដោយសារ​តែ​វត្ត​ចាក់សោរ​ចូល​មិនកើត អ្នក​ទាំងនោះ ក៏​សម្រេច​ចង​ទុក​នៅ​មាត់របង​វត្ត តាំងពី​ពេល​ព្រលឹម​ស្រា​ន​ៗ​មក​ម្លេះ ។

បានលឺ​ដូច​នោះ ព្រះ​អង្គ​សូត្រ​ស្តាំ​ក៏​មាន​សេចក្តី​សប្បាយចិត្ត និង​សូម​ចម្រើនពរ​ដល់​ពុទ្ធ​បរិ​ស័ព្ទ​ដែល​បាន​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​ទាំងអស់​ក្នុង​វត្ត​សន្សំ​កុសល ដើម្បី​ជា​ចង្ហាន់​ទទួលទាន​ប្រចាំ​ថ្ងៃ ។

ដោយ​កើត​មាននូវ​សេចក្តី​សប្បាយចិត្ត និង​ចង់​ចម្រើនពរ​ដល់​ញាណ​ញ៉ោ​ម​ម្ចាស់​ចង្ហាន់​ផង​នោះ នៅ​ព្រឹក​ថ្ងៃខែ​ដដែល ព្រះ​អង្គ​សូត្រ​ស្តាំ​ខាងលើ ក៏​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន ដោយ​បាន​សរសេរ​ខ្លឹមសារ ភ្ជាប់​នឹង​រូបភាព​ថា « អរគុណ​ណាស់​ញោម​អ្នក​បឹង​ទំពន់​អាត្មា​អេ​ី​យ ដែល​បាន​យក​ម្ហូប បន្លែ មក​ព្យូ​រ​ទុក​អោយ​នៅ​ខ្លោងទ្វារ ទ​ង្វើ​ទាំងនេះ​ហើយ​ដែល​ចងចិត្ត​អាត្មា​ជាប់ មិន​ជ្រេ​ី​ស​រេ​ី​ស​ជម្រក​ផ្សេង
♥️​ស្រលាញ់​ពេញ​បេះដូង​♥️
ស្គាល់​កម្លាំង​សេះ​ក្នុង​ដំណេ​ី​រ​ផ្លូវ
ស្គាល់​មិត្ត​សត្រូវ​ក្នុង​គ្រាអាសន្ន
😍😍😍😍🙏🙏🙏♥️♥️♥️♥️ » ។

សូម​បញ្ជាក់​ថា វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ដែល​ជា​សង្កាត់​១ ក្នុង​ចំណោម​សង្កាត់​៤ នៃ​ខណ្ឌមានជ័យ ត្រូវ​ចាត់​បញ្ចូល​ជា​តំបន់​ក្រហម ដែល​ជា​តំបន់​មានការ​រីក​រាលដាល​ខ្លាំង នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ ដូច្នេះ​ហើយ ទើប​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល លោក​មាន​សណ្តាន​ចិត្ត ក៏​ធ្វើការ​ប្រគេន​ចង្ហាន់​ជូន​ព្រះសង្ឃ​ពី​ចំងាយ ដោយ​មិន​បាន​ជួប​ផ្ទាល់​តែ​ម្តង​ទៅ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​មាន​ជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ បានអោយ​ដឹង​ថា ៖ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​នាំ​យក​ទេយ្យទាន ដ៏​ថ្លៃថ្លា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ប្រគេន​ជូន​ដល់​វត្ត​សន្សំ​កុសល​រួច​ហើយ កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​កន្លង ដោយ​សម្តេច​ទាំង​ទ្វេ​មើលឃើញ​នូវ​កង្វះខាត​ចង្ហាន់ និង​ស្បៀងអាហារ​ផ្សេង​ៗ ដោយសារ​តែ​ពុំ​មាន​បងប្អូន​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ​ដាក់​ទាន​ប្រគេន​ចង្ហាន់​ឡើយ ព្រោះតែ​ការ​រីក​រាលដាល នៃ​ជម្ងឺ​កូ​វី​ដ​១៩ ដែល​កំពុង​មានការ​រីក​រាលដាល​ខ្លាំង នា​ពេល​បច្ចុប្បន្ន​នេះ ។

សូម​បញ្ជាក់​ថា ទេយ្យទាន​ដែល​ត្រូវ​ប្រគេន​ជូន​រួម​មាន ៖ ១-​អង្ករ ១​តោន
២-​ត្រីខ​២​កេស​ធំ
៣-​មី​ជាតិ​២០​កេស​ធំ
៤-​ទឹក​ផ្លែ​ឈើ​គ្រប់មុខ​ចំនួន​១០​កេស
៥-​ទឹកដោះគោ​ខាប់​ចំនួន​២​កេស​ធំ
៦-​កាហ្វេ​ចំនួន​៥​កញ្ចប់​ធំ
៧-​តែ​២​គីឡូក្រាម
៨-​ស្ករស​១​បេ
៩-​អំបិល​១​បេ
១០-​ទឹកត្រី​៥​យួរ
១១-​ទឹកស៊ីអ៊ីវ​៥​យួរ
១២-​ប៊ី​ចេ​ង​១​បេ

លោក​អភិបាលរង​ខណ្ឌ បញ្ជាក់​ថា សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ គឺ​មាន​វត្ត​ចំនួន​៨ ក្នុង​នោះ​មាន​វត្ត​សន្សំ​កុសល​ខាងលើ​
ដែរ ។ លោក​បន្ត​ថា វត្ត​ចំនួន​៧​ផ្សេង​ទៀត ក៏​បាន​នាំ​យក​ទេយ្យទាន​របស់​សម្តេច​ទាំង​២ ប្រគេន​ជូន​រួចរាល់​អស់ហើយ​ដែរ ហើយ​ទេយ្យទាន គឺ​មាន​ដូច​ៗ​គ្នា​ដូចដែល​បាន​រាយ​នាម​នៅ​ខាងលើ​ស្រាប់ ៕ ដោយ៖ លី​ហេង