ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ៖ បើកម្ពុជានៅតែមានអ្នកឆ្លងច្រើន ទេសចរបរទេសហ៊ានមកទស្សនាដែរ ឬទេ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍មានគម្រោងបើកទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សំាងកូវីដ ១៩ ហើយ មកទស្សនាកម្ពុជាវិញនៅចុងឆ្នាំ ២០២១ នេះ ដើម្បីស្តារវិស័យទេសចរណ៍ដែលបានបាត់ចំណូលជាង ១ឆ្នាំមកហើយឡើងវិញ…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍មានគម្រោងបើកទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សំាងកូវីដ ១៩ ហើយ មកទស្សនាកម្ពុជាវិញនៅចុងឆ្នាំ ២០២១ នេះ ដើម្បីស្តារវិស័យទេសចរណ៍ដែលបានបាត់ចំណូលជាង ១ឆ្នាំមកហើយឡើងវិញ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកំពុងជំរុញការសិក្សាជាមួយក្រសួងសុខាភិបាលដើម្បីកំណត់យន្តការមួយថាតើភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សំាងហើយ មកទទួលទស្សនាកម្ពុជា ត្រូវធ្វើ ចត្តាឡីស័ក ឬមិនបាច់ធ្វើ បើត្រូវធ្វើចត្តាឡីស័ក ធ្វើក្នុងកម្រិតណា ? ។ 

«ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ» នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រី ថោង ខុន ។

មហាជនបានគំាទ្រផែនការរបស់ក្រសួងទេសចរណ៍នេះ ប៉ុន្តែមានការលើកឡើងថា នៅពេលមានការរាតត្បាតជំងឺកូវីដ១៩ជាសកលនេះ មិនថាជនបរទេសឬពលរដ្ឋខ្មែរនោះ ទេ មានការភ័យក្លាចចំពោះកូវីដ១៩គ្រប់ៗ ដូច្នេះប្រាកដណាស់មុនធ្វើការសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅកន្លែងណាមួយ ពួកគាត់ប្រាកដជាត្រូវសិក្សាឲ្យបានល្អិតល្អន់ពីសុវត្ថិភាពទីតំាង ថាមានសុវត្ថិភាពឬអត់។ អ្នកឃ្លំាងមើលលើកឡើងក្រៅពីការស្វាគមន៍អ្នកទេសចរណ៍ដែលគ្មានមេរោគកូវីដ១៩ហើយ កម្ពុជាត្រូវតែគ្រប់គ្រងស្ថានភាពជំងឺនេះឲ្យល្អ បើមិនដូច្នេះអ្នកទេសចរមិនហ៊ានធ្វើដំណើរចូលមកឡើយ។

ការបារម្ភដូចខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៍បានគិតគូរហើយដែរ ។ បើតាមលោក ថោង ខុន បានបញ្ជាក់ថា «ក្រសួងទេសចរណ៍នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាព និងទំនុកចិត្តដែលអាចទទួល យកភ្ញៀវទេសចរ» ។

លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ត្រូវគិតអំពីគុណភាពសេវាកម្ម និងតម្លៃឲ្យបានសមរម្យ ជាពិសេស ត្រូវអនុវត្តស្តង់ដារថ្មី ក្នុងបរិបទកូវីដ១៩នេះ ជាមួយវិធានការយ៉ាងម៉ឹងម៉ាត់ គឺ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ត្រូវធ្វើយ៉ាងណាផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈតម្រូវឲ្យបុគ្គលិកបម្រើការងាររបស់ខ្លួន ត្រូវពាក់កាតបុគ្គលិក និងកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាប្រចាំក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។ 

លោករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះ«យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ»។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលពីឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១,៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ ២០១៩ កន្លងទៅ ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង ៣ពាន់លានដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ