ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ លុះ​សួរនាំ​បែកធ្លាយ​ដល់​ផ្ទះសំណាក់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រៃវែង បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី…

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រៃវែង បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​តាំង​លក់ អាល់កុល និង​ម៉ាស់ នៅ​តាម​បណ្តា​ឱសថស្ថាន និង​តូប​អាជីវករ ក្នុង​ផ្សារ​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៥ សង្កាត់​កំពុងលាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​តាមដាន​តម្លៃ​ទំនិញ និង​ពិនិត្យ​គុណភាព​ទំនិញ​ចាំបាច់​មួយ​ចំនួន ដែល​ជា​តំរូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​ពេល​ដែល​ប្រជាជន​កម្ពុជា​ទាំងអស់ កំពុង​តែ​មាន​ជីវភាព​ខ្វះខាត ជួប​ការ​លំបាក​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ (COVID-19) ជា​ពិសេស​ទំនិញ​អាល់កុល ជែ​ល​លាងដៃ និង​ម៉ាស់ ជា​ឱកាស​ធ្វើ​ឲ្យ​មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយ​ចំនួន ដាក់​លក់​អាល់កុល ជែ​ល​លាងដៃ​ក្លែងក្លាយ និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ ព្រមទាំង​លក់​តម្លៃ​ខ្ពស់ កេង​យក​ផល​ចំណេញ​ហួសហេតុ​ពេក ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​។

លោក អ៊ុត សុភាព ប្រធាន​សាខា ក​.​ប​.​ប ខេត្តព្រៃវែង បានអោយ​ដឹង​ថា ដំបូង​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​រក​មើល​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ចំណីអាហារ​ទៅ​លើ​សរសៃរ​គុយទាវ និង​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​អាល់កុល រក​មើល​សារធាតុ​មេតា​ណុ​ល និង​ដឺ​ក្រេ​អាល់កុល នៅ​តាម​តូប​លក់ដូរ​ក្នុង​ផ្សារ​ព្រៃវែង ហើយ​បាន​រក​ឃើញ និង​ដកហូត​បាន​ទឹក​អាល់កុល​ក្លែងក្លាយ​ជាង​១០០​ដប​។

លោក អ៊ុត សុភាព បាន​បន្ត​ថា ក្រោយ​ពេល​រក​ឃើញ និង​សាកសួរ​ទៅ ក្រុម​អាជីវករ​បាន​ឆ្លើយ​ថា ពួក​គាត់​បាន​ទិញ​ទឹក​អាល់កុល​ទាំងនោះ ពី​ផ្ទះសំណាក់ «​ណា​វី​» នៅ​មាត់ទន្លេ ទើប​មន្ត្រី​ជំនាញ​បន្ត​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ផ្ទះសំណាក់ «​ណា​វី​» ទៀត ហើយ​ពេល​ទៅ​ដល់​ក៏​បាន​ប្រទះ​ឃើញ​ម្ចាស់ផ្ទះ កំពុង​ប្រើ​រថយន្ត​១​គ្រឿង​ដឹក​ជញ្ជូន​ទឹក​អាល់កុល​ចេញ ទើប​មន្ត្រី​ជំនាញ​ធ្វើការ​រារាំង តែ​ក៏​ត្រូវ​អ្នកបើកបរ​រថយន្ត​នោះ បើក​រក​បុក​មន្ត្រី​ជំនាញ រួច​បើក​គេច​ចេញ​បាត់​ស្រមោល​ទៅ​តែ​ម្តង​។

បន្ទាប់​ពី​នោះ មន្ត្រី​ជំនាញ​បាន​បន្ត​ចូល​ពិនិត្យ​ក្នុងផ្ទះ​សំណាក់ «​ណា​វី​» ហើយ​ក៏​រក​ឃើញ​ទឹក​អាល់កុល​ក្លែងក្លាយ​ចំនួន​១២​កាន​ទៀត បន្ទាប់​មក​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​កំណត់ហេតុ រួច​ដកហូត​យក​ទឹក​អាល់កុល​ទាំងនោះ យក​មក​រក្សា​ទុក​ដើម្បី​កំទេច​ចោល ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ម​ន្ទ្រី​ជំនាញ​បាន​សំណូមពរ​ដល់​អាជីវករ សូម​មេត្តា​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស់ អាល់កុល សម្រាប់​​លាង​សំអាត​ដៃ កឹ​ប​កេង​យក​ផល​ចំណេញ​ហួសហេតុ និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការ​ទិញ​ផលិតផល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព យក​មក​ប្រើប្រាស់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ